
លោក ស៊ុន ចាន់ថុល ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន China Metro Group កាលពីថ្ងៃទី១៧ មីនា ។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈនៅក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូក្រុមហ៊ុន China Metro Group លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីគម្រោងមួយចំនួន ដល់តំណាងក្រុមហ៊ុននេះទាក់ទងលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ដែលក្រសួងកំពុងសិក្សា និងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូឱ្យចូលរួមវិនិយោគ ហើយក្រុមហ៊ុននេះក៏បានអារម្មណ៍បណ្តាក់ទុនផងដែរ។
លោករដ្ឋមន្ត្រី បានថ្លែងក្នុងជំនួបដែលធ្វើឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា គម្រោងដែលក្រសួងចង់ឱ្យក្រុមហ៊ុនសិក្សានោះរួមមាន ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះភ្នំពេញថ្មី, ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះថ្មីខេត្តសៀមរាប,ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT),ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃការដឹកជញ្ជូន។
លោកបានបញ្ជាក់ថា៖«ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា ជាពិសេសការសាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ជាដើម បានជំរុញការតភ្ជាប់នៅទូទាំងប្រទេស ដែលមានលក្ខណៈពហុមធ្យោបាយ និងបណ្តាគម្រោងសាងសង់ធំៗជាច្រើនទៀត រួមមាន គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា ដែលក្រសួងសម្រេចបាន»។
លោក ស៊ុន ចាន់ថុល បានបន្តថា បច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងអភិវឌ្ឍ ដូចជា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គម្រោងសិក្សាសមិទ្ធលទ្ធភាពផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងការសិក្សាសមិទ្ធលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន»។
ទាក់ទងនឹងគម្រោងនេះ លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនាថា វិស័យឡូជីស្ទិក អាចរីកចម្រើន និងមានសកម្មភាពច្រើនទៅបាន លុះណាតែមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្អាត ដែលបង្កលក្ខណៈកាន់ងាយស្រួល ជាពិសេសចំណេញពេលវេលាសម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរទៅគ្រប់ទីកន្លែងទូទាំងប្រទេស។
លោកបានបន្ថែមថា សមាគមមានការសាទរយ៉ាងខ្លាំង ចំពោះសមិទ្ធផលនៃហេដ្ឋាចនាសម្ព័ន្ធថ្មីៗដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការសម្រេចបាននាពេលកន្លងមក ដោយបានធ្វើឱ្យវិស័យដឹកជញ្ជូនមានកំណើនគួរឱ្យកត់សម្គាល់ ជាពិសេសបន្ទាប់ពីវិបត្តិកូវីដ១៩ បានធូរស្រាលបន្តិច។
លោក ស៊ិន ចន្ធី បានបញ្ជាក់ថា៖«យើងឃើញហើយ សព្វថ្ងៃមានផ្លូវល្បឿនលឿនទៅមកភ្នំពេញ និងព្រះសីហនុ ផ្លូវជាតិលេខ ២ ក៏ធ្វើជិតរួចរាល់១០០ភាគរយ ផ្លូវជាតិលេខ ៣,លេខ ៥ និងលេខ ៦ ជាដើម ក្រសួងបានរៀបចំស្ថាបនាយ៉ាងធំទូលាយ បានធ្វើឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាការធ្វើដំណើរផងដែរ មានភាពលឿនរហ័ស»។
លោកបានបន្តទៀតថា៖«នៅពេលដែលយើងមានហេដ្ឋារចនាសម្ព័ន្ធល្អ ការទាក់ទាញអ្នកវិនិយោគពីក្រៅមកក៏បានច្រើន ទំហំពាណិជ្ជកម្មជាមួយប្រទេសជិតខាង និងពិភពលោក ក៏មានកំណើនផងដែរ។ ដូចនេះ ការកៀរគរវិនិយោគិនពីក្រៅប្រទេស មកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពីសំណាក់រាជរដ្ឋាភិបាលនេះ វិស័យឯកជនយើងគាំទ្រ ១០០ ភាគរយ»។
ចំណែក លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅថ្ងៃទី១៩ ខែមីនា ដែរថា រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្លាំងណាស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយការកកស្ទះនៅតំបន់ទីប្រជុំជននានា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដោយសារតែកំណើនយានយន្តធ្វើដំណើរនៅលើដងផ្លូវ។
លោកបានបញ្ជាក់ថា៖«ខ្ញុំចាប់អារម្មណ៍លើគម្រោងរថភ្លើងស្វ័យប្រវត្តិ (AGT),ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីឆ្លើយតប ដែលគម្រោងទាំងនេះ អាចនឹងដោះស្រាយបានបញ្ហាកកស្ទះចរាចរណ៍ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ។ ខ្ញុំជឿថា មិនយូរទេ កម្ពុជានឹងមានប្រព័ន្ធរថភ្លើងនេះដូចប្រទេសគេដែរ»៕