
ពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណង់របស់ជប៉ុនដល់កម្ពុជាកាលពីថ្ងៃទី១៧ មីនា ។ រូបថត ស្ថានទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញៈ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៤៥ ៦៩២ ដុល្លារអាមេរិក សម្រាប់គម្រោងដែលនឹងអនុវត្តដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ សម្រាប់ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍មួយនៅសាលារៀនរដ្ឋ ១ នៅក្នុងស្រុកបាទី ។
លោកថ្លែងដូចនេះ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសនិ្តសុខមនុស្សជាតិ កាលពីថ្ងៃទី ១៧ ខែមីនា នៅស្ថានទូតជប៉ុន ដោយមានការចូលរួម ពី លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ស្រី សារឿន ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ និងមន្ត្រីមួយចំនួនទៀត។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា៖ «យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៨ ០០០នាក់ និងសិស្សប្រមាណ១ ០០០នាក់ នៅក្នុងតំបន់នេះ តាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដំបូងគេបង្អស់ ដែលនឹងផ្តល់ឱកាសដើម្បីសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល»។
ចាប់តាំងពីឆ្នាំ១៩៩១រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជា ដើម្បីជួយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាដែលកំពុងអនុវត្តគម្រោងពួកគាត់។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានពន្យល់ថា៖ «គូសាណូណិ មានន័យថា ឫសស្មៅក្នុងភាសាជប៉ុនហើយនៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកក្នុងគម្រោងចំនួន ៧០៧ នៅទូទាំងប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណងគូសាណូណិនេះ»។
លោកបានបញ្ជាក់ថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស»។
ទោះជាយ៉ាងណា លោក អ៊ូអិណុ អាត់ស៊ូស៊ី ក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំងជំនួយគូសាណូណិ ផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនបានឱ្យដឹងថា មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ ទទួលនូវជំនួយនេះ ដែលក្នុងគម្រោងនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍មួយនឹងត្រូវបានសាងសង់នៅសាលារៀនរដ្ឋ១ នៅក្នុងស្រុកបាទី ខេត្តតាកែវ។
សេចក្តីប្រកាសបានបន្តថា ទោះបីជាមានការកើនឡើងនូវតម្រូវការនិយោជិតដែលមានចំណេះដឹងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍នៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏យុវជនជាច្រើននៅក្នុងសហគមន៍ជនបទមិនទទួលបានឱកាសច្រើនដើម្បីសិក្សាបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនោះទេ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។
ស្ថានទូតជប៉ុន បានបញ្ជាក់ថា «ជាលទ្ធផល ជំនាញ និងចំណេះដឹងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ដែលមានកម្រិតទាបរបស់ពួកគេ ក្លាយជាឧបសគ្គមួយផ្នែកក្នុងការទទួលបានការងារធ្វើ»។
សូមបញ្ជាក់ថា ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។
ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន៧០៧គម្រោង នៅទូទាំងប្រទេសកម្ពុជា៕