ភ្នំពេញៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានផ្តាំផ្ញើឱ្យកូនចៅខ្មែរគ្រប់ជំនាន់ត្រូវចងចាំមេរៀនប្រវត្តិសាស្ត្រថ្ងៃរដ្ឋប្រហារឆ្នាំ ១៩៧០ ទម្លាក់តំណែងព្រះបាទសម្តេចព្រះនរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ កើតចេញពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បរទេស ដែលនាំឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល បែកបាក់សាមគ្គីភាពជាតិរាប់ទសវត្សរ៍។
ការផ្តាំផ្ញើរបស់លោក ហ៊ុន ម៉ានី ដូចនេះ ធ្វើឡើងនៅចំខួបលើកទី៥៣ នៃរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់ក្រុមលោកសេនាប្រមុខលន់ នល់ ទម្លាក់តំណែងព្រះបាទសម្តេចព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ ដែលគេចាត់ទុកជាដើមចមនាំឱ្យកម្ពុជាធ្លាក់ចូលរណ្តៅសង្គ្រាមស៊ីវិលពេញផ្ទៃប្រទេស ហើយឈានដល់កើតមានរបបវាលពិឃាត ពោលគឺរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយសាឡុត ស ហៅប៉ុល ពត និងក្រុមខ្មែរក្រហម។
លោកហ៊ុន ម៉ានី បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី១៨ ខែមីនា ថា ក្នុងនាមលោកជាយុវជនខ្មែរជំនាន់ក្រោយ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការធ្វើរដ្ឋប្រហារកាលពី ៥៣ឆ្នាំមុន ជាចំណុចចាប់ផ្តើមនៃភ្លើងសង្គ្រាមស៊ីវិល ដែលបាននាំទុក្ខវេទនាដល់ប្រជាជនកម្ពុជា។
លោកបន្តថា សង្គ្រាមបាននាំឱ្យកម្ពុជាធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
តំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនរូបនេះ លើកឡើងថា គេអាចទាញយកមេរៀនចំនួន ២ចំណុចពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះទុកជាមេរៀនសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំ។
ក្នុងនោះ គឺការជ្រៀតជ្រែកពីបរទេសនាំឱ្យកម្ពុជា ឆ្លងកាត់ភាពមិនច្បាស់លាស់ ហើយនាំដល់សោកនាដកម្ម ជាបទពិសោធន៍ជូរចត់សម្រាប់ខ្មែរគ្រប់រូប និងការជ្រៀតជ្រែកពីបរទេស នាំឱ្យកម្ពុជាបែកបាក់សាមគ្គីភាពជាតិ និងប្រជាជនរាប់ទសវត្សរ៍ ទម្រាំអាចស្តារវិលមករកសាមគ្គីភាពជាតិ ឯកភាពជាតិវិញក្រោយអនុវត្តជោគជ័យនូវនយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្មូ ឆ្នាំ១៩៩៨។
លោកសង្កត់ធ្ងន់ថា៖ «ផ្អែកលើមេរៀន នៃថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ កូនខ្មែរគ្រប់រូប ត្រូវចងចាំដាច់ខាតនូវព្រឹត្តិការណ៍នេះ កុំឱ្យប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ កើតឡើងវិញ, យើងត្រូវថែរក្សាសាមគ្គី ឯកភាព ផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យបានដាច់ខាត ដោយដោះស្រាយបញ្ហាផ្ទៃក្នុងនានាដោយខ្លួនឯង និងជំរុញបន្ថែមទៀត ការអភិវឌ្ឍប្រទេសជាតិ ដោយផ្អែកលើផលប្រយោជន៍របស់ប្រទេសជាតិយើង»។
លោកហ៊ុន ម៉ានី បន្ថែមថា៖ «មួយទៀត យើងត្រូវបញ្ជូនសារទៅមិត្តបរទេសដែរថា ទោះក្នុងកាលៈទេសៈណាក៏ដោយ គឺត្រូវគោរព អធិបតេយ្យ ឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់ព្រះរាជាណាចក្រកម្ពុជាដែលយើងត្រូវរក្សាឱ្យបានដើម្បីអនាគតរបស់ប្រជាជនយើង»។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងដោយយល់ស្របចំពោះទស្សនៈរបស់លោកហ៊ុន ម៉ានី ដោយលោកបន្ថែមថា បទពិសោធន៍ជូរចត់ទាំងនេះ អ្នកជំនាន់ក្រោយគួរពិចារណានិងចៀសវាងកុំឱ្យកើតមានតទៅទៀត។
លោកថា ព្រឹត្តិការណ៍រដ្ឋប្រហារ ១៨ មីនា ១៩៧០ ដែលមានកម្លាំងពីបរទេសជួយជ្រោមជ្រែង ពោលគឺសហរដ្ឋអាមេរិក ចេញពីសង្គ្រាមវៀតណាម ចូលដល់ដែនដីកម្ពុជាដែលនាំឱ្យកម្ពុជាលិចលង់ទៅក្នុងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍។
លោកសុខ ឥសាន បានប្រាប់ថា៖ «យើងមើលឃើញហើយ ការដណ្តើមអំណាចដោយមិនប្រកបដោយប្រជាធិបតេយ្យទេ វាជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ ដល់ប្រជាជន។ ជាក់ស្តែងរដ្ឋប្រហារថ្ងៃ១៨ មីនា១៩៧០ នេះបង្កឱ្យមានសង្គ្រាមវិនាសកម្ម៥ឆ្នាំ ហើយបន្តដោយរបបប្រល័យពូជសាសន៍រយៈពេលជិត៤ឆ្នាំទៀត ដល់ឆ្នាំ១៩៧៩។ ក្រោយមកទោះមានការរំដោះក្តី ក៏នៅមានផលវិបាកបន្ថែមបន្តអូសបន្លាយជាង ១០ឆ្នាំទៀត ទើបយើងមានសន្តិភាព ការឯកភាពជាតិបាន»។
លោកយង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា សោកនាដកម្មក្រោយរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ដែលនាំកម្ពុជាធ្លាក់ក្នុងរណ្តៅសង្គ្រាមស៊ីវិលរាប់សិបឆ្នាំ ជាពិសេសនាំឱ្យកម្ពុជាបាក់ស្បាតមកដល់សម័យបច្ចុប្បន្ន។
លោកសង្កត់ធ្ងន់ថា មិនគ្រាន់តែមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីបរទេសឡើយ តែដោយសារកំហុសរបស់អ្នកនយោបាយខ្មែរដែរ ដែលបានបើកដៃឱ្យបរទេសលូកកកូរបាន ជាតថភាពប្រវត្តិសាស្ត្រដែលកម្ពុជាត្រូវទទួលស្គាល់ ជាមេរៀនសម្រាប់កូនខ្មែរគ្រប់រូប ត្រូវចេះសាមគ្គីជាតិជាធ្លុងមួយ ព្រោះបរទេសតោងមានមហិច្ឆតាចង់លូកលាន់ផ្ទៃក្នុងកម្ពុជាជានិច្ច គ្រប់សម័យកាល។
លោក យង់ ពៅ គូសបញ្ជាក់ថា៖ «ក្រោយពីការធ្លាក់ចុះនៃអាណាចក្រអង្គរ យើងចាប់ផ្តើមចុះទន់ខ្សោយជាលំដាប់ ដោយសារការបែកបាក់ផ្ទៃក្នុង ការដណ្តើមអំណាចផ្ទៃក្នុង អ៊ីចឹងនេះជាមេរៀនសម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវជនសម្រាប់កសាង ពង្រឹងសមត្ថភាព ដើម្បីមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិ ជាជាងជាតិនិយមម្តងម្កាលតាមការញុះញង់ពីអ្នកដទៃ ប្រតិកម្មនយោបាយដោយគ្មានហេតុផល បង្កអំណោយផលឱ្យមានការជ្រៀតជ្រែកពីបរទេស»។
ទាក់ទងនឹងព្រឹត្តិការណ៍នេះដែរ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងថា ១៨ មីនា ១៩៧០ មេរៀនប្រវត្តិសាស្ត្រដែលត្រូវចងចាំ ជាថ្ងៃដែលក្រុមលោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ចេង ហេង អុិន តាំ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ។
លោកថា៖ «រដ្ឋប្រហារបាននាំឱ្យកើតភ្នក់ភ្លើងសង្គ្រាម និងនាំកម្ពុជាធ្លាក់ក្នុងវាលពិឃាតខ្មែរក្រហមនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងការបំផ្លិចបំផ្លាញខ្ទេចខ្ទីនូវខឿនសេដ្ឋកិច្ច វប្បធម៌ សង្គម។ពលរដ្ឋខ្មែរប្រកាសការពារដាច់ខាតនូវសុខសន្តិភាព ការអភិវឌ្ឍដែលមាននេះ មិនអនុញ្ញាតឱ្យជនអគតិ និងចៅហ្វាយនាយបរទេសពួកគេបំផ្លាញបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ»៕