
មន្ត្រីសុខាភិបាលចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃការចាក់វ៉ាក់សាំង នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១៤ ខែមីនា។ រូបថត Vandine Page
ភ្នំពេញៈ ក្រសួងសុខាភិបាលនៅតែបន្តជំរុញទៅដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយពីសារប្រយោជន៍នៃការចាក់វ៉ាក់សាំងកូវីដ ១៩ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផងដែរថា កម្ពុជាមិនទាន់ឆ្លងផុតពីជំងឺកូវីដ ១៩ នៅឡើយទេ ទោះបីចំនួនឆ្លងមានតិចតួចបំផុត ឬគ្មានក៏ដោយ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានលើកឡើងកាលពីសប្តាហ៍មុនដោយលោកស្រី បានក្រើនរំឭកសាជាថ្មីម្ដងទៀតទៅដល់ប្រជាជនទូទៅសូមកុំបណ្ដែតបណ្ដោយឬពន្យារពេលនៃការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញ។
លោកស្រីបានបន្តថា ការហួសកំណត់ពេលនៃគម្លាតពីដូស ១ ទៅដូស ១ ធ្វើឱ្យភាពស៊ាំការពាររាងកាយធ្លាក់ចុះរហូតដល់គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់ពីការវាយលុកនៃវីរុសប្រភេទនេះ។ក្នុងដំណើរការចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងខេត្តស្ទឹងត្រែង និងរតនគិរី លោកស្រី ឱ វណ្ណឌីន បានថ្លែងថា៖ «ខ្ញុំសូមសំណូមពរ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានបន្តអប់រំផ្សព្វផ្សាយពីសារៈសំខាន់នៃវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាស្របទៅតាមពេលវេលាកំណត់នៃដូសនីមួយៗ»។
ការពន្យារពេលមិនព្រមទៅទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញតាមពេលកំណត់របស់ក្រសួងសុខាភិបាល នោះនឹងធ្វើឱ្យមានភាពស៊ាំចុះខ្សោយខ្លាំងនៃអង់ទីគ័រការពាររាងកាយរបស់បុគ្គល និងសហគមន៍ដែលបានកើតឡើងក្រោយពីការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសមុនៗ នឹងសឹងតែធ្លាក់ចុះបន្តិចម្ដងៗរហូតដល់ចំណុចសូន្យ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន។
ទាក់ទងនឹងកូវីដ ១៩ នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងកាលពីថ្ងៃទី ១៦ ខែមីនា ថា ទោះបីជាចំនួននៃការឆ្លងមេរោគកូវីដ ១៩មានការថយ ឬថ្ងៃខ្លះមិនមានអ្នកឆ្លងក៏ដោយ ប៉ុន្តែលោកនៅតែបន្តអំពាវនាវឱ្យមានការប្រុងប្រយ័ត្នជាបន្តទៀត។
លោកបានថ្លែងថា៖ «កម្ពុជាមិនទាន់ឆ្លងផុតពីជំងឺកូវីដ ១៩ នៅឡើយទេ យើងមិនត្រូវបោះបង់ចោលនូវការប្រកាន់យកនូវការការពារ ពិសេសវិធានការ៣ការពារ និង ៣ កុំ និងការបន្តចូលរួមការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញទាំងអស់គ្នា»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អត្រានៃការចាក់វ៉ាក់សាំងកូវីដ ១៩ ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់មាន ៩៥,៤៩ ភាគរយហើយក្នុងនោះអត្រានៃការចាក់ដូសទី ៣ មានចំនួនជាង ១០,៦ លាននាក់, អត្រាចាក់ដូសទី ៤ មានចំនួនជាង ៥ លាននាក់ អត្រានៃការចាក់ដូសទី ៥ មានចំនួនជាង ១,៧ លាននាក់និងអត្រានៃការចាក់ដូសទី ៦ មានចំនួនជាង ៣១ ម៉ឺននាក់។
ជាមួយគ្នានេះដែរ បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១៩ ខែមីនា ២០២៣ ករណីឆ្លងជំងឺកូវីដ ១៩ សរុបមាន ១៣៨ ៧២១នាក់ ករណីជាសះស្បើយសរុប ១៣៥ ៦៦៤ នាក់ និងករណីស្លាប់សរុបមានចំនួន ៣ ០៥៦ នាក់៕