កម្ពុជា-ឡាវ ប្តេជ្ញាបន្តធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងការរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមតំបន់ព្រំដែន

ភ្នំពេញៈ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បានប្តេជ្ញានឹងបន្តធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងការរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន ឧក្រិដ្ឋកម្មអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមតំបន់ព្រំដែននៃប្រទេសទាំង ២ និងការងារសំខាន់ៗជាច្រើនទៀត។
កាលពីថ្ងៃទី ១៩ មីនា ឆ្នាំ២០២៣ លោកស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៃក្រសួងទាំង២។
ក្នុងជំនួបប្រជុំនោះ ភាគីទាំង២បានលើកឡើងពីសមិទ្ធផលផ្លែផ្កាពីកិច្ចសហប្រតិបត្តិការជុំវិញក្រសួងទាំង២និងកិច្ចសហប្រតិបត្តិការខេត្តជាប់ព្រំដែន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ។
ក្រោយជំនួបប្រជុំ ភាគីទាំង២ បានចុះហត្ថលេខារួមគ្នាលើឯកសារ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។
លោកស ខេង បានសម្តែងការពេញចិត្ត ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងសន្តិសុខសាធារណៈឡាវ និងមានក្តីសង្ឃឹមជឿជាក់លើកិច្ចសហប្រតិបត្តិការនេះយ៉ាងមុតមាំ។
សូមបញ្ជាក់ថា លោកស ខេង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា តបតាមការអញ្ជើញរបស់លោក ល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកសេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ ថ្លែងថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌទ្វេភាគីកម្ពុជា-ឡាវ និងក្របខណ្ឌ CVL(Cambodia-Vietnam-Laos) នៃប្រទេសអតីតឥណ្ឌូចិន តែងផ្តោតលើកិច្ចការតាមបណ្តោយព្រំដែនជាសំខាន់ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសក្នុងតំបន់ត្រីកោណ ដែលមានសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ ខណៈពីអតីតកាល ធ្លាប់មានទំនាស់រវាងប្រទេសជាប់ព្រំដែនទាំង៣ កម្ពុជា វៀតណាម និងឡាវ។
លោកសេង វណ្ណលី គូសបញ្ជាក់ថា មិនថាកម្ពុជានិងឡាវទេ បូករួមទាំងវៀតណាមកំពុងចរចា និងរួមកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាតាមបន្ទាត់ព្រំដែនឱ្យមានស្ថេរភាពនិងជាព្រំដែនសន្តិភាព ដើម្បីសមស្របនឹងគម្រោងវិនិយោគរបស់ចិន នៃក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ(BRI) ដែលគេឃើញមានការធ្វើទស្សនកិច្ចជាញឹកញាប់រវាងមេដឹកនាំនៃប្រទេសទាំង៣ទៅវិញទៅមក។
លោកសេង វណ្ណលី លើកឡើងថា៖ «ក្រោយវិបត្តិកូវីដ១៩ រដ្ឋាភិបាលចិន កំពុងពង្រឹងក្របខណ្ឌខ្សែក្រវ៉ាត់និងផ្លូវ(BRI) នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលមានប្រទេសក្របខណ្ឌ CVL ដែលមានត្រីភាគី កម្ពុជា-វៀតណាម-កម្ពុជា នេះហើយជាចំណុចសំខាន់»។
លោកបានបន្តថា ៖ «ប្រទេសទាំង២កម្ពុជា និងឡាវ ព្យាយាមសម្របសម្រួលដោះស្រាយបញ្ហាបន្ទាត់ព្រំដែនតាំងពីយូរណាស់មកហើយ តែត្រូវខកខានដោយសារវិបត្តិកូវីដ១៩ ហើយសព្វថ្ងៃប្រទេសរៀងៗខ្លួន ព្យាយាមដោះស្រាយឡើងវិញ»។
លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងឡាវ តាមរយៈដំណើរទស្សនិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំង២ មានគោលដៅរកប្រយោជន៍សេដ្ឋកិច្ចពីការវិនិយោគក្នុងស្រុក ជាពិសេសពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ(BRI) របស់ចិន។
បើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ ដំណើរទស្សកិច្ចរបស់លោក ស ខេង ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ដើម្បីវាយតម្លៃកិច្ចការសហការប្រចាំឆ្នាំ២០២២ និងកំណត់គោលដៅការងារសហប្រតិបត្តិការនៃក្រសួងទាំង២ក្នុងឆ្នាំ២០២៣៕