បាត់ដំបងៈ ទីលាន​ទុកដាក់​សំរាម​ទំហំ​ប្រមាណ​ជិត​ ២១ ​ហិកតា មាន​ទីតាំងនៅ​ក្នុងភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ត្រូវបាន​បើក​ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី ​២០ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​កែលម្អ​គ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេ​សាប ជំហាន​ទី ២ ក្រោម​កម្ចី​ឥណទាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។​


​ពិធី​ប្រគល់​-​ទទួល និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីលាន​ទុកដាក់​សំរាម​នេះ ធ្វើឡើង នៅ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​ ២០២៣ ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង លោកស្រី Siti Hasanah តំណាង ​ADB និង​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​បច្ចេកទេស​គម្រោង និង​ប្រជា​ពល​រដ្ឋ​ជាច្រើន​។

​បើតាម ក្រសួង​សា​ធារ​ណ​ការ​និង​ដឹកជញ្ជូន បានឱ្យដឹងថា គម្រោង​ទាំងមូល​ត្រូវបាន​សាងសង់ឡើង​នៅលើ​ផ្ទៃដី​សរុប​ទំហំ ២០,៨០ ហិកតា ដែល​នឹង​គ្រោង​ឱ្យប្រើ​ប្រាស់​នៅ​ដំណាក់កាល​ដំបូង នៅ​រណ្ដៅ​ទី​ ១ មាន​ទំហំ ២,៩៤ ហិកតា ហើយ​មាន​សមត្ថ​ភាព​អាច​ផ្ទុក​សំរាម​បាន ៣១៣ ៧០៣ ម៉ែត្រគុប សម្រាប់​រយៈពេល​ ១០​ ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់​ប្រជាជន ក្នុង​ក្រុង​បាត់ដំបង និង​ស្រុក​ដែល​នៅក្បែរ​ទីលាន​ទុកដាក់​សំរាម​។ តាម​ការរំពឹងទុក ប្រជាជន​ប្រមាណ​ ១២៦ ០០០ ​នាក់ នឹង​ទទួលបាន​សេវាកម្ម​ផ្នែកអនាម័យ​បរិស្ថាន ពី​ទីលាន​ចាក់សំរាម​មួយ​នេះ​។ គម្រោង​នេះ​ក៏​ចូលរួមចំណែក ថែរក្សា ការពារ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ស្ថិតស្ថេរ គង់វង្ស​យូរអង្វែង​។​


​លោក សុខ លូ អភិបាលខេត្ត​បាត់​ដំបង​ថ្លែងថា បញ្ហា​សំរាម​នៅតែ​ជា​បញ្ហា​កង្វល់ ដែល​កំពុង​ប្រឈមមុខ ដែល​ត្រូវ​ទាមទារ​ឱ្យមាន​ការ​ដោះ​ស្រាយ​ជាបន្ទាន់ ក្នុង​ខណៈពេលដែល​បច្ចុប្បន្ន ការ​ទុកដាក់​ការប្រមូល និង ដឹកជញ្ជូន​សំរាម​មាន​ភាពយឺតយ៉ាវ ហើយ​សំរាម​កើនឡើង​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​។​ដូច្នេះ ទីលាន​ទុកដាក់​សំរាម នឹង​ថែរក្សា និង​សម្អាត​ក្រុង​បាត់ដំបង ឱ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស ទីលាន​ចាក់សំរាម​នេះ​មាន​លក្ខណៈ​ស្តងដា បច្ចេកទេស​ត្រឹមត្រូវ​។​

​លោក​ថ្លែងថា​៖ «​ទីលាន​ចាក់សំរាម​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ខេត្ត ព្រោះ​វា​នឹង​ជួយ​ឱ្យមាន​កន្លែង​ដាក់​សំរាម​មួយ​ត្រឹមត្រូវ មិន​ទុក​ចោល​ផ្តេសផ្តាស ហើយ​មួយទៀត​ក៏​អាស្រ័យ​លើ​ក្រុមហ៊ុន​ដែរ ក្នុងការ​ប្រមូល​សំរាម​ពី​ក្នុង​ក្រុង និង​ទីប្រជុំជន បើ​គាត់​ប្រមូលបាន​ទៀងទាត់ នឹងធ្វើ​ឱ្យ​ក្រុង​យើង​មាន​សោភណភាព​ល្អ​»៕