ភ្នំពេញៈ ក្រសួងបរិស្ថាន និង​អង្គការ​អភិរក្ស​អន្តរជាតិ (CI)​ នឹង​ជំរុញ​ទៅលើ​ការពង្រីក​ទីផ្សារ​លក់​ឥណទាន​កាបូន​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុង​ឆ្នាំ​ ២០២៣ នេះ​ដើម្បី​បាន​ថវិកា​សម្រាប់​ពង្រឹង​ទៅលើ​ការអភិរក្ស​តំបន់ការពារធម្មជាតិ និង​អភិវឌ្ឍ​សហគមន៍​តំបន់ការពារធម្មជាតិ​។​


​លោក នេត្រ ភក្ត្រា រដ្ឋលេខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃ​ទី​ ២០ ខែមីនា ថា អ្វី​ដែលជា​កិច្ច​សហប្រតិបត្តិការ រវាង​ក្រសួង​បរិ​ស្ថាន​និង​អង្គការ​អភិរក្ស​អន្តជាតិ (CI) ឆ្នាំ​ ២០២៣ នេះ គឺ​ជំរុញ​ទៅលើ​ការពង្រីក​ទីផ្សារ​លក់​ឥណទាន​កាបូន​ដែល​នៅ​តំបន់​ព្រៃ​ឡង់​ទាំងមូល​តែម្ដង​។ អ្វីដែល​ក្រសួង​បានធ្វើ​ជាមួយនឹង​អង្គការ CI នេះ គឺ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ នៅ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​គឺ​ទទួលបាន​ជោគជ័យ​។​

​លោក​បន្ថែមថា​៖ «​ហើយ​យើង​ចង់​ជំរុញ​ទៅលើ​ការលក់​ឥណ​ទាន​កាបូន​នេះ គឺ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ទាំងមូល ដើម្បី​យើង​បាន​ថវិកា​សម្រាប់​ការ​ពង្រឹង​ទៅលើ​ការអភិរក្ស ពង្រឹង​ទៅលើ​ការអភិវឌ្ឍ​សហគមន៍​តំបន់ការពារធម្មជាតិ ដើម្បី​ធ្វើ​យ៉ាងម៉េច​បង្កើតជារ​បងកា​រពារ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ហ្នឹង ពី​ការកាប់​ឈើ​ខុសច្បាប់ ពី​ការ​បរបាញ់​សត្វ​ខុសច្បាប់​តាម​រយៈ​ការបង្កើត​នូវ​សេដ្ឋកិច្ច​មូល​​ដ្ឋា​ន​ជូន​ដល់​ប្រជាពលរដ្ឋ បង្កើត​ការងារ​ផ្ដល់នូវ​ជម្រើស​ថ្មី ហើយ​និង​ពង្រឹង​ទៅលើ​កម្លាំង​ការពារ​។ នេះ​ជា​អ្វីដែល​យើង​ជំរុញ​សម្រាប់​ឆ្នាំ​ ២០២៣»​។​


​នា​ថ្ងៃទី ​២០ មីនា ក្រសួង​បរិ​ស្ថាន និង​អង្គការ CI បាន​បើក​សិក្ខាសាលា​ការ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ ​២០២៣ ​នៃ​គម្រោង​អភិរក្ស​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ នៅ​ភ្នំពេញ​។​

​ឯកសារ​ទស្សនទាន​ស្តីពី​សិក្ខា​សាលា​នេះ​បានឱ្យដឹងថា ក្រសួងបរិស្ថាន និង CI បាន​សហការ គ្នា​ក្នុង​រយៈពេល​វែង​ដើម្បី​ថែរក្សា​កេរដំណែល​ធម្មជាតិ​រប​ស់​កម្ពុ​ជាមួយនេះ​។ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ស្ថាប័ន​ទាំង ​២ បាន​សហការ​ជាមួយគ្នា ដើម្បី​បង្កើតជា​តំបន់​ការពារ​នេះ​តាំងពី​ឆ្នាំ​ ២០១៦​។ CI បាន​ជួយ​សម្រប​សម្រួល​ក្នុងការ​កៀរគរ​ដៃគូ​អភិ​វឌ្ឍន៍​ក្នុងនោះ​មាន​ក្រុមហ៊ុន​មី​ត​ស៊ុយ (Mitsui & Co., Ltd) ដើម្បី​ចូល​វិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ​រយៈពេល​វែង​សម្រាប់​គាំទ្រ​ដល់​ការការពារ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​។


​កាលពី​ឆ្នាំ​ ២០១៨ ក្រសួងបរិស្ថាន អង្គការ CI និង​ក្រុមហ៊ុន​ជប៉ុន Mitsui បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​គម្រោង​អភិរក្ស​ព្រៃឈើ តំបន់​ព្រៃ​ឡង់​ដំណាក់កាល​ទី​១ ​សម្រាប់​អនុវត្ត​រយៈពេល​៣​ឆ្នាំ (២០១៨-២០២១) ដើម្បី​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ចូលរួមចំណែក​របស់​ក្រុម​ហ៊ុន​ឯកជន​អន្តរជាតិ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ក្នុងការ​ការពារ និង​អភិរក្ស​ធនធាន​ព្រៃឈើ​កម្ពុជា​នៅក្រោម​ក្របខ័ណ្ឌ​យន្តការ​ឥណទាន​កាបូន​រួមគ្នា (Join Crediting Mechanism JCM)​ ដែលជា​យន្តការ​ទ្វេភាគី​ថ្មី​មួយ រវាង​កម្ពុជា និង​ជប៉ុន ក្នុង​ភាពជា​ដៃគូ​ជំរុញ​ការ​អភិវឌ្ឍ​បៃតង​បញ្ចេញ​កាបូន​តិច​នៅ​កម្ពុជា​។​

គម្រោង​នេះ​បាន​ផ្តោតលើ​ផ្នែក​សំខាន់ៗ ​២ គឺ​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការ​លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​សហគមន៍​មូលដ្ឋាន ដែលមាន​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​នៃ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​។

ឯកសារ​ទស្សនទាន​នេះ​បង្ហាញថា​៖ «​ខណៈ​នៅ​ជំហាន​ទី​ ១ យើង​មាន​ឧបសគ្គ​ជាច្រើន ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​មី​ត​ស៊ុយ​សម្រេចចិត្ត​វិនិយោគ​ថវិកា​ជា​ច្រើន ដើម្បី​ពង្រីក​គម្រោង​រេ​ដ​បូក (REDD+)​ ទូទាំង​តំបន់​ព្រៃ​ឡង់​»​។

​កាលពី​ឆ្នាំ​ ២០២១ ក្រសួងបរិស្ថាន ក្រុមហ៊ុន Mitsui & Co., Ltd) និង CI បាន​ចុះ​កិច្ច​ព្រមព្រៀង​ជំហាន​ទី២ ​នៃ JCM-REDD+​ សម្រាប់​រយៈពេល​ ៦​ ឆ្នាំ (២០២១-២០២៦) ក្នុងការ​អនុវត្ត​គម្រោង​នេះ​។​ឯកសារ​ដដែល​បន្តថា កា​រវិ​និ​យោគ​ហិរញ្ញប្បទាន​របស់​ក្រុម​ហ៊ុន​មី​ត​ស៊ុយ​គឺ​គាំទ្រ​ដោយផ្ទាល់​ដល់​ការអភិវឌ្ឍ និង​ការអនុវត្ត​គម្រោង​រេ​ដ​បូក ដោយ​ថវិកា​ ១ ភាគ​ធំ គឺ​គាំទ្រ​ដល់​ការអនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​។

​ឯកសារ​ដដែល​បន្តថា ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ត្រូវបាន​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​អនុក្រឹត្យ​កាលពី​ឆ្នាំ ​២០១៦ នៅលើ​ទំហំ​ផ្ទៃដី​ជាង ​៤៣ ​ម៉ឺន​ហិកតា ​គ្របដណ្តប់​លើ​ខេត្ត​ចំនួន​ ៤ គឺ​ខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ និង​ខេត្តស្ទឹងត្រែង​។

​ឯកសារ​នេះ​បញ្ជាក់ថា​៖ «​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ គឺជា​ព្រៃ​វាលទំនាប​ត្រូ​ពិ​ក​ចុង​ក្រោយ នឹង​ធំជាងគេ​បំផុត​ក្នុងចំណោម​ព្រៃ​ទំនាប​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​លំនឹង​ប្រព័ន្ធ​អេកូឡូស៊ី ការផ្ទុក​កាបូន​ពី​បរិយាកាស និង​ចូលរួមចំណែក​ក្នុងការ​ស្រូបយក​ទឹកជំនន់​ទន្លេមេគង្គ​។ ការអភិរក្ស គឺ​មិន​ត្រឹមតែ​ការពារ​ជីវចម្រុះ និង​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ត្រូវបាន​ថែរក្សា​នូវ​សេវាកម្ម​អេកូឡូស៊ី (​ស្ថានប្រព័ន្ធ​)​ ដែលមាន​សារ​ប្រយោជន៍​ចំពោះ​ប្រទេស​កម្ពុជា និង​ពិភពលោក​ផងដែរ​»៕