ភ្នំពេញៈ អង្គការ FAO ប្រចាំកម្ពុជា បានប្រកាសនឹងចាប់ផ្ដើមអនុវត្តគម្រោងថ្មីជាច្រើនជាមួយកញ្ចប់ថវិកាសរុបជាង ៦៥ លានដុល្លារអាមេរិក ដើម្បីសហការលើវិស័យអាទិភាពជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូដទៃទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការ FAO ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។
សេចក្ដីប្រកាសព័ត៌មាននេះបានឱ្យដឹងថា៖ «កត្តានេះនឹងបង្កើនថវិកាប្រតិបត្តិការសរុប របស់អង្គការ FAO ប្រចាំកម្ពុជាកើនឡើង ដល់ ១២០ លានដុល្លារដែលមានកំណើនជាង ១២០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន»។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ អ្នកស្រី Rebekah Bell តំណាង អង្គការ FAO ប្រចាំកម្ពុជា បានថ្លែងថា៖ «អង្គការ FAO ប្រចាំប្រទេសកម្ពុជា ទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ និងរឹងមាំថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ ក្រោមការគាំទ្រដ៏រឹងមាំពីការិយាល័យអង្គការ FAO ប្រចាំតំបន់នៅទីក្រុងបាងកក និងទីស្នាក់ការកណ្តាលរបស់យើងនៅទីក្រុងរ៉ូម ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងអាចសម្រេចបាននូវកិច្ចការទាំងនេះប្រកបដោយផ្លែផ្កា»។
លោកស្រី Bell ថ្លែងថា៖ «អង្គការ FAO នៅកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តគាំទ្រដល់កម្ពុជា ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវអាទិភាពរបស់ខ្លួន តាមរយៈការកសាងប្រព័ន្ធកសិកម្មដែលមានប្រសិទ្ធភាព ប្រកបដោយបរិយាប័ន្ន មានភាពធន់ និងមាននិរន្តរភាព សម្រាប់ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ និងជីវិតកាន់តែប្រសើរឡើងសម្រាប់ទាំងអស់គ្នា»។
កញ្ចប់ថវិកានេះនឹងផ្តោតលើការលើកកម្ពស់ការបន្ស៊ាំ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍មូលដ្ឋាន សម្រាប់គម្រោងពង្រឹងផលិតកម្ម សត្វ និងសកម្មភាពស្តារធនធានដីនៅតំបន់ការពារធម្មជាតិ និងលើគម្រោងការគ្រប់គ្រងព្រៃឈើ។
លោក ជុង ជីន គីម តំណាងអង្គការ FAO ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ថ្លែងថា អង្គការ FAO កំពុងរៀបចំយុទ្ធសាស្ត្រដើម្បីលើកកម្ពស់លើវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ ក៏ដូចជាធ្វើការគាំទ្រ និងផ្លាស់ប្តូរទៅដល់ប្រព័ន្ធស្បៀងនៅក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើការបន្ថែមទៀតក្នុងគំនិតផ្តួចផ្តើម Hand in Hand (ការពួតដៃគ្នា) ដើម្បីនាំមកនូវការអភិវឌ្ឍដល់ប្រទេសកម្ពុជាបន្ថែមទៀត។
លោកជុង ជីន គីម បានថ្លែងបែបនេះបន្ទាប់ពីបើកសម្ពោធជាផ្លូវការ ការិយាល័យរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។
លោក ជុង ជីន គីម ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវការផលិត លើផលិតផលកសិកម្មមានស្ថិរភាពដូចជាស្រូវ និងដំណាំសំខាន់ៗមួយចំនួន អាចនាំចេញទៅក្រៅប្រទេស ទោះបីក្នុងរយៈពេលមានវិបត្តិទាំងវិបត្តិកូវីដ ១៩ វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាវិបត្តិលើការប្រែប្រួលអាកាសធាតុ។
លោកថ្លែងថា កម្ពុជាបានចូលរួមចំណែកតាមរយៈការនាំចេញក្នុងការកាត់បន្ថយនូវភាពខ្វះស្បៀង ក៏ដូចជា ជួយកែលម្អលើសន្តិសុខស្បៀងសម្រាប់ប្រទេសក្នុងតំបន់ក៏ដូចជាក្នុងពិភពលោកផងដែរ។
លោកថ្លែងថា៖ «ខ្ញុំគិតថា កម្ពុជាមានការអភិវឌ្ឍយ៉ាងលឿនទាំងវិស័យសេដ្ឋកិច្ចក៏ដូចជា វិស័យកសិកម្មក្នុងប្រទេស ហើយខ្ញុំជឿជាក់ថាកម្ពុជានឹងបន្តការអភិវឌ្ឍទៅលើវិស័យកសិកម្មនិយាយដោយឡែក ក៏ដូចជា វិស័យសេដ្ឋកិច្ចជារួមក្នុងប្រទេសកម្ពុជា ក្នុងថ្ងៃអនាគត»។
លោកបានបញ្ចាក់ ដោយបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទីតាំងដើម្បីកសាងអគារ និងការិយាល័យធ្វើការរបស់អង្គការ FAO នៅក្នុងប្រទេសកម្ពុជា។ កិច្ចការបន្ទាប់ទៀតគឺអង្គការ FAO ជួយរៀបចំឯកសារយុទ្ធសាស្ត្រស្តីពីសន្តិសុខស្បៀងអាហារឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ ដែលនេះជាចំណុច ១ ក្នុងការជួយលើកកម្ពស់ដើម្បីឈានដល់ដំណាក់កាលមួយទៀតក្នុងការអភិវឌ្ឍវិស័យកសិកម្ម។
ទន្ទឹមនឹងនេះអង្គការ FAO ក៏កំពុងរៀបចំយុទ្ធសាស្ត្រប្រចាំប្រទេសដែលនេះជាឱកាសត្រូវសហការជាមួយគ្នា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្ម ដែលត្រូវធ្វើការជាមួយគ្នា ដើម្បីលើកកម្ពស់លើវិស័យ សន្តិសុខស្បៀងអាហារូបត្ថម្ភក៏ដូចជាធ្វើការគាំទ្រនិងផ្លាស់ប្តូរទៅដល់ប្រព័ន្ធស្បៀងនៅក្នុងប្រទេសកម្ពុជា។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅក្នុងពិធីសម្ពោធការិយាល័យ FAO ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ FAO ដែលបានចូលរួមចំណែក និងគាំទ្រការអភិវឌ្ឍ ដល់ក្រសួងកសិកម្មក៏ដូចជាប្រទេសកម្ពុជា។ នាឱកាសនេះដែរ លោកក៏បានរំឭកអំពីប្រវត្តិនៃការផ្តើមទំនាក់ទំនង និងសហប្រតិបត្តិការល្អរវាងកម្ពុជា និងអង្គការ FAO រហូតដល់ពេលបច្ចុប្បន្នក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
លោកបានលើកឡើងថា ក្នុងនោះជំនួយបច្ចេកទេសបានគ្របដណ្តប់ធំធេងដូចជាផលិតភាពនិងពិពិធកម្មកសិកម្ម ធារាសាស្ត្រ សុខភាព និង ផលិតកម្មសត្វ ការគ្រប់គ្រងធនធានជលផល និងព្រៃឈើ សន្តិសុខ និងសុវត្ថិភាពស្បៀង និងការអភិវឌ្ឍកសិឧស្សាហកម្មខ្នាតតូច ព្រមទាំងសហប្រតិបត្តិការជាច្រើនទៀត។
លោកបញ្ជាក់ថា៖ «វាគឺរឿងសំខាន់ដែលសហប្រតិបត្តិការភាពជាដៃគូនេះ មានភាពស៊ីចង្វាក់គ្នាទៅនឹង អាទិភាពថ្មី របស់ ក្រសួងកសិកម្ម»។
លោកថា ការពង្រឹងសហប្រតិបត្តិការដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតភាពនិងគុណភាពសម្រាប់ការប្រកួតប្រជែង ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងខ្សែចង្វាក់ផលិតកម្មដើម្បីទទួលបាននូវតម្លៃបន្ថែមនិងគុណភាពសម្រាប់ការនាំចេញ លើកកម្ពស់ការប្រើប្រាស់ដី ព្រៃឈើនិងជលផលប្រកបដោយនិរន្តរភាព ការអភិវឌ្ឍធនធានមនុស្ស៕