ភ្នំពេញៈ សន្និសីទអន្តរជាតិ បានធ្វើការវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តចំពោះការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ រយៈពេល ១៥ ឆ្នាំ មកនេះ បន្ទាប់ពីការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។


ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងតាមរយៈលទ្ធផលនៃសន្និសីទអន្តរជាតិពិសេសស្ដីពី «តំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ» ដែលបានរៀបចំឡើងកាលពីថ្ងៃទី២០ ខែមីនា នាខេត្តសៀមរាប ដោយអាជ្ញាធរជាតិព្រះវិហារ ដែលមានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះក៏មានការចូលរួមពីលោកស្រីDevyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែលជាសហប្រធានឥណ្ឌា និងលោកស្រី Zhu Ye អគ្គនាយករងរដ្ឋបាលវប្បធម៌ និងបេតិកភណ្ឌចិន ជាសហប្រធានចិន ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន៤ប្រទេសផ្សេងទៀត រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិប្រមាណ ១០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៣០នាក់ទៀតផងដែរ។


យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសន្និសីទអន្តរជាតិពិសេសស្ដីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ បានឱ្យដឹងថា អង្គសន្និសីទទាំងមូលបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្តេជ្ញាចិត្តចំពោះការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ។

សន្និសីទអន្តរជាតិពិសេសបានបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលកម្ពុជាបានអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ បានក្នុងរយៈពេល ១៥ ឆ្នាំ បន្ទាប់ពីការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈលទ្ធផលដែលបានបង្ហាញដោយអាជ្ញាធរជាតិព្រះវិហារ»។


ជាមួយគ្នានេះ អង្គសន្និសីទក៏បានកោតសរសើរចំពោះការចូលរួមរបស់ដៃគូអន្តរជាតិក្នុងរយៈពេល ១០ ឆ្នាំ កន្លងមក នៅក្នុងក្របខ័ណ្ឌICC-Preah Vihear រួមមានប្រទេសចិន និងឥណ្ឌា ដែលជាសហប្រធាន និងប្រទេសសមាជិក មួយចំនួនដូចជា ប្រទេសបែលហ្ស៊ិក ជប៉ុន សហរដ្ឋអាមេរិក។ រួមជាមួយស្ថាប័នដៃគូជាតិ និងអន្តរជាតិ មួយចំនួនដូចជាអាជ្ញាធរជាតិអប្សរា, អាជ្ញាធរសំបូរព្រៃគុក, សាលាចុងបូព៌ាបារាំង (EFEO), ទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ), សាកលវិទ្យាល័យ Waseda, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, វិទ្យាស្ថានបច្ចេកទេសកម្ពុជា និងសាកលវិទ្យាល័យ Toronto ជាដើម។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២១ ខែមីនា បានឱ្យដឹងថា ការរៀបចំសន្និសីទនេះឡើងដើម្បីអបអរខួប១៥ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក(២០០៨-២០២៣) និងខួប១០ឆ្នាំ នៃការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ICC Preah Vihear (២០១៤-២០២៣)។

ការងារសំខាន់ៗមួយចំនួនដែលអាជ្ញាធរជាតិព្រះវិហារសម្រេចបានកន្លងមក ដែលក្នុងនោះមានដូចជា ការកំណត់ផែនទីហានិភ័យនៃប្រាសាទព្រះវិហារទាំងមូល, ការអន្តរាគមន៍ទល់ទ្រតាមកន្លែងដែលមានហានិភ័យខ្ពស់ចំនួនជាង ៣០កន្លែង, ការជួសជុលបង្គោលផ្កាឈូកនៅលើស្ពានហាលគោបុរៈទី២ និងគោបុរៈទី៤។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តថា ៖ «អាជ្ញាធរជាតិព្រះវិហារក៏បានធ្វើការស្ដារប្រព័ន្ធបង្ហូរទឹកបុរាណតាមបណ្ដោយប្រាសាទព្រះវិហារដើម្បីទប់ស្កាត់ការខូចខាតដោយសារទឹកភ្លៀង, ការស្ដារបារាយណ៍បុរាណខាងលិច និងខាងកើតឡើងវិញ, ការសាងសង់ជណ្ដើរឈើឡើងប្រាសាទខាងកើត និងការបណ្ដុះបណ្ដាលយុវជនឲ្យស្រឡាញ់ការពារតំបន់បេតិកភណ្ឌ ជាច្រើនទៀត»។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងដែរថា ក្នុងក្របខ័ណ្ឌ ICC-Preah Vihear អាជ្ញាធរជាតិព្រះវិហារទទួលបានការគាំទ្រ និងការចូលរួមពីបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិកបាន និងកំពុងផ្តល់ថវិកាជួយជួសជុល និងអភិរក្សជណ្តើរបុរាណខាងជើងចាប់តាំងពីឆ្នាំ២០១៨ រហូតមក។ប្រទេសឥណ្ឌាបានចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី ៥, ប្រទេសចិននឹងចាប់ផ្ដើមការងារអភិរក្សនៅគោបុរៈទី១, ២ និង ៣, ហើយប្រទេសបែលហ្សុិកបានជួយក្នុងការបោសសម្អាតមីន និងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់អាជ្ញាធរជាតិព្រះវិហារខណៈប្រទេសជប៉ុនបានជួយទ្រទ្រង់សកម្មភាពអភិវឌ្ឍសហគមន៍នៅតំបន់ជុំវិញរមណីយដ្ឋាន ព្រះវិហារ។

ដោយឡែកសាលាចុងបូព៌ាបារាំង (EFEO) កំពុងជួយការងារជួសជុលរូបបដិមាព្រះសិវៈរាំ នៅកោះកេរ ព្រមទាំងសាកលវិទ្យាល័យ Wasedaនិងសាកលវិទ្យាល័យ Toronto កំពុងធ្វើការសិក្សា ស្រាវជ្រាវទីតាំងឡបុរាណនិងប្រព័ន្ធធារាសាស្ត្រនៅតំបន់កោះកេរ។

សូមបញ្ជាក់ដែរថា នៅក្នុងសន្និសីទអន្តរជាតិពិសេសនេះអ្នកជំនាញ Andhoc បានធ្វើបទបង្ហាញផងដែរពីបទពិសោធន៍សម្រាប់ការងារគ្រប់គ្រង កាលានុវត្តភាព និងបញ្ហាប្រឈម របស់តំបន់បេតិកភណ្ឌពិភពលោកនៅតំបន់អាមេរិកកណ្ដាល និងតំបន់មជ្ឈិមបូព៌ា ដើម្បីផ្ដល់ជាគំនិតដល់ការគ្រប់គ្រងបេតិកភណ្ឌពិភពលោកនៅកម្ពុជា។

ស្របពេលនឹងសន្និសីទនេះ អាជ្ញាធរជាតិព្រះវិហារ ក៏បានរៀបចំដាក់តាំងពិព័រណ៍សមិទ្ធផលការងាររយៈពេល ១៥ឆ្នាំ ដែលបង្ហាញអំពីលទ្ធផល នៃការអភិរក្សនៅក្នុងតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ ផងដែរ៕