​ភ្នំពេញៈ ក្រោយពី​មានការ​វិភាគ​ទៅលើ​ករណី​លោក ហ៊ុន​ម៉ា​ណែ​ត​ត្រូវបាន​ដំឡើង​ឋានន្តរ​ស័ក្ដិ​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ ​(​ផ្កាយ​ ៤)​ នៅក្នុង​ក្រសួង​ការ​ពារ​ជាតិ​កាលពី​ថ្ងៃទី​ ១៧ ខែមីនា ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិល​មិញ​បាន​ប្រតិកម្ម​ជាខ្លាំង​ចំពោះ​អ្នកវិភាគ ដោយ​លោក​បាន​ចាត់​ទុក​អ្នកវិភាគ​ទាំងនោះ​ជា​បណ្ឌិត​ខ្វះ​នូវ​ចំណេះដឹង​ផ្នែក​យោធា ហើយ​យក​ករណីនេះ​ជា​គោល​ដៅ​វាយប្រហារ​ខាង​នយោបាយ​ដើម្បី​ផ្ដួលរំលំ​គណបក្ស​ប្រជា​ជនកម្ពុជា និង​ការ​ប្រែក្លាយ​លោក ហ៊ុន ម៉ា​ណែ​ត ជា​អ​នា​គ​ត​នាយករដ្ឋមន្ត្រី​។​


​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ជិត ​៥ ​ពាន់​នាក់ នៅ​ថ្ងៃទី​ ២២ ខែមីនា ឆ្នាំ​ ២០២៣ លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​មិន​ហៅ​លោក​អា​​ល្ងង់​ទូ​ទេ ខ្ញុំ​ហៅ​លោក បណ្ឌិត​ខ្វះ​ការចេះដឹង ខ្ញុំ​គោរព​អស់​​លោក តែ​អស់លោក​ខ្វះ​ការចេះ​ដឹង​ពេក​ហើយ អស់លោក​រកតែ​ចំណុច​វ៉ៃ​ខ្ញុំ​តែ​ប៉ុណ្ណឹង អស់លោក​គិតថា ការ​វ៉ៃ​ខ្ញុំ​ប៉ុណ្ណឹង វា​គ្រប់គ្រាន់​សម្រាប់​អស់លោក ផ្ដួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ផ្ដួល​គោលដៅ​នៃ​ការ​ប្រែក្លាយ​ហ៊ុន ម៉ា​ណែ​ត ជា​អនាគត​នាយករដ្ឋមន្ត្រី​មែន​ទេ​?»​។​

​លោក ​ហ៊ុន សែន បាន​ថ្លែង​ដោយ​អះអាងថា ការធ្វើ​វិភាគ​របស់​អ្នកវិភាគ​មួយចំនួន​នៅតាម​វិទ្យុ​ខ្លះ បានធ្វើការ​វាយ​​ប្រហារ​មកលើ​ ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ដំឡើង​ឋានន្តរស័ក្ដិ​ដល់​ឧ​ត្ត​ម​សេនីយ៍​ឯក ដោយ​មិន​និយាយ​ដល់​អ្នកដទៃ​ដែលមាន​ឋានៈ​ស្មើគ្នា​នៅក្នុង​កង​យោធពលខេមរភូមិន្ទ​នៃ​ក្រសួងការពារជាតិ​។


​លោក​ ហ៊ុន សែន ក៏បាន​ថ្លែង​ដោយ​ត្រង់​ទៅកាន់​អ្នកវិភាគ​ទាំងនោះ​ដូចជា​លោក សេង​ សារី លោក ឯម សុវណ្ណារ៉ា និង​លោក ​វណ្ណ ប៊ុន​ណា ដែល​អ្នក​ទាំងនេះ​កំពុងតែ​ប្រមូលផ្ដុំ​ជា​រណសិរ្ស​ ១ ​ធ្វើការ​វ៉ៃ​ប្រហារ​រិះគន់​ទៅលើ លោក​ ហ៊ុន ម៉ា​ណែ​ត ដែលជា​អនាគត​អ្នក​ជំនួស​ឱ្យ​នាយក​​រដ្ឋមន្ត្រី​ដែល​កំពុង​នៅក្នុង​តំណែង​នាពេល​បច្ចុប្បន្ននេះ​។​

​លោក​ ហ៊ុន សែន ថ្លែងថា ការ​​វ៉ៃ​ប្រហារ​មកលើ លោក ហ៊ុន ម៉ា​ណែ​ត គឺជា​ការជួយ​ពង្រឹងសមត្ថភាព​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ឱ្យមាន​សមត្ថភាព​ការពារ​ខ្លួន ហើយ​ថ្ងៃក្រោយ ហ៊ុន ម៉ា​ណែ​ត នឹងមិន​សម្រប​សម្រួល​ក្នុងការ​ចុះហត្ថលេខា​លើកលែងទោស​ដល់​ក្រុម​អ្នក​ប្រឆាំង​មួយចំនួន​ដែល​លោក​ចាត់ទុកថា​បាន​ក្បត់ជាតិ​។​


​លោក ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​សុំ​បញ្ជាក់​ឱ្យ​ហើយ ក្នុងករណី ហ៊ុន ម៉ា​ណែ​ត ចេញមក​ធ្វើ​នយោបាយ អ្នក​ដែល​ឡើងកាន់​ជើងគោក​គឺ​អនុ​ជើងគោក​បច្ចុប្បន្ន ជា​មេបញ្ជាការរង​កងពល​លេខ​ ៧០ ម៉ៅ សុផាន់ មិនមែន ហ៊ុន​ ម៉ានិត ទេ ខ្ញុំ​មាន​សិទ្ធិ នឹង​ចាត់​​ចែង​បែបនេះ នេះ​ជាការ​រៀបចំ​»​។​

​លោក សេង សារី អ្នកវិភាគ និង​អ្នកតាមដាន​បញ្ហា​ន​យោ​បាយ​នៅ​កម្ពុជា​ម្នាក់​ក្នុងចំណោម​អ្នកវិភាគ ​២​ នាក់​ផ្សេងទៀត បាន​ថ្លែងថា អ្វីដែល​លោកនាយក​រដ្ឋ​​មន្ត្រី​បានលើកឡើង គឺជា​អ្វីដែលលោក​យល់ឃើញ​មួយផ្នែក​របស់លោក ក៏ប៉ុន្តែក្នុងនាម​លោក​ជា​អ្នកសិក្សា និង​តាម​​ដាន​សង្គម និង​ព្រឹត្តិការណ៍​វិវត្តន៍​នយោបាយ​នៅ​កម្ពុជា គឺ​វិភាគ​ដោយ​ឈរលើ​ទិន្នន័យ​ព័ត៌មាន​ដែលមាន​នៅក្នុង​ដៃ​ប៉ុណ្ណោះ​។​

​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី ​១៧ ខែមីនា ឆ្នាំ ២០២៣ បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើង​ឋានន្តរស័ក្តិ​នាយ​ឧ​ត្ត​ម​សេនីយ៍ ​(​ផ្កាយ​ ៤ )​ ដល់ លោក ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់ឧត្ដម​សេនីយ៍​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​។

​លោក ហ៊ុន​ ​ម៉ា​ណែ​ត បច្ចុប្បន្ន មាន​តួនាទី​ជា​អគ្គ​មេបញ្ជាការរង​នៃ​កង​យោធ​​ពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​​ការ​កងទ័ពជើងគោក​។​ ទោះជា​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រីបាន​ថ្លែងថា នៅពេល​លោក ហ៊ុន ម៉ា​ណែ​ត ឡើង​ឋានន្តរស័ក្តិ​ជា នាយ​ឧ​ត្ត​ម​សេនីយ៍ គឺ​មិនបាន​ដឹងខ្លួន​នោះទេ ព្រោះ​ជាការ​រៀបចំ និង​ស្នើឡើង​ដោយ​នាយករដ្ឋមន្ត្រី និង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​៕