ភ្នំពេញ: ការប្រកួតស្នាដៃនិពន្ធផ្នែករឿងខ្លី និងកំណាព្យរឿងខ្លី បានត្រឡប់មកវិញ ជាមួយកម្មវិធីពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦ សម្រាប់ឆ្នាំ២០២៣ ក្រោមប្រធានបទ«ការលោភលន់នាំមកនូវសេចក្ដីវិនាស»។
វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៃក្រសួងធម្មការនិងសាសនាបានចេញសេចក្តីប្រកាសជូនដំណឹងដល់បេក្ខជន-បេក្ខនារី ដែលនិយមចូលចិត្តបង្កើតស្នាដៃនិពន្ធរឿងខ្លី និងកំណាព្យរឿងខ្លី ដើម្បីដាក់ពាក្យប្រកួតពានរង្វាន់អក្សរសិល្ប៍ចាប់ពីពេលនេះរហូតដល់ផុតកំណត់នៅត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
លោកស សុខនី ប្រធានវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការរៀបចំប្រកួតស្នាដៃនិពន្ធទាំងផ្នែករឿងខ្លីនិងកំណាព្យរឿងខ្លីនេះគឺចង់ជួយលើកកម្ពស់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋពីព្រោះប្រធានបទដែលបានដាក់ជូនសម្រាប់ការប្រកួតប្រជែងមានពាក់ព័ន្ធទ្រឹស្ដីក្នុងព្រះពុទ្ធសាសនា។ វាក៏ជួយលើកកម្ពស់ការអាន ការតែងនិពន្ធស្នាដៃថ្មីៗ និងជាទីកន្លែងដែលអ្នកនិពន្ធថ្មីៗ ឬអ្នកពុំសូវមានបទពិសោធន៍អាចសាកល្បងចំណេះដឹងរបស់ពួកគេបាន»។
លោក សុខនី បានបន្ដថា ម្ចាស់ជយលាភីស្នាដៃនីមួយៗនឹងទទួលបានថវិកានៅតាមលំដាប់លេខ១ លេខ២ និងលេខ៣ ជាមួយពានរង្វាន់មួយ និងប្រកាសនីយបត្រ ហើយស្នាដៃរបស់ពួកគេនឹងត្រូវបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយា។
ពុទ្ធសាសនបណ្ឌិត្យបានចាប់ផ្ដើមបង្កើតពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យនេះឡើងនៅឆ្នាំ២០១៨ ដែលមានតួនាទីផលិតនិងផ្សព្វផ្សាយស្នាដៃអក្សរសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់តាំងពីឆ្នាំ១៩៣០ ឬទាំងពីការបង្កើតខេមរបណ្ណាល័យ (១៩២១) ឬព្រះរាជបណ្ណាល័យ (១៩២៥) ដែលក្រោយមកជាផ្នែកមួយរបស់ពុទ្ធសាសនបណ្ឌិត្យ។
លោក សុខនី ដែលរំពឹងថា ឆ្នាំនេះ មានបេក្ខជន-បេក្ខនារីចូលរួមប្រកួតច្រើនបានឱ្យដឹងថា ការផ្ដល់ពិន្ទុដល់ស្នាដៃនីមួយៗផ្អែកលើ៤ចំណុចធំៗ គឺ អត្ថន័យ អត្ថរូប អត្ថរស និងអក្ខរាវិរុទ្ធ។
ការប្រកួតពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី១បានប្រារព្ធធ្វើឆ្នាំ២០១៨ ក្រោមប្រធានបទ «សុខដុមនីយកម្មក្នុងសង្គមតាមរយៈសាសនា» លើកទី២ ធ្វើនៅឆ្នាំ២០១៩ ក្រោមប្រធានបទ «ពុទ្ធទស្សនៈក្នុងការអភិវឌ្ឍសង្គមខ្មែរ» លើកទី៣ ឆ្នាំ២០២០ ប្រធានបទ«ទោសនៃសុរា» លើកទី៤ ធ្វើនៅឆ្នាំ២០២១ ក្រោមប្រធានបទ«ការមិនមានរោគជាលាភដ៏ប្រសើរ»និងលើកទី៥ប្រធានបទ«សីលធម៌នៃការរស់នៅ»បានទទួលស្នាដៃរឿងខ្លីចំនួន២១រឿង និងកំណាព្យចំនួន១៦រឿង»។
ប្រធានវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យលោក សុខនី បានបញ្ជាក់ថា ម្ចាស់ជយលាភីចាស់អាចដាក់ស្នាដៃថ្មីរបស់ខ្លួនបាន ដោយលោក រ៉េត សារ៉ុន លោក ភិរម្យ ដារ៉ា លោក ជួន ខ្មៅ សុទ្ធតែបានជាប់ស្នាដៃលើសពី ១ដង។
ម្ចាស់ជយលាភីផ្នែករឿងខ្លីការប្រកួតពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៥មានចំនួន៣រូប ដោយចំណាត់ថ្នាក់លេខ១ បានទៅបេក្ខជនឈ្មោះ តុន ច័ន្ទរិទ្ធិ ជាមួយនឹងស្នាដៃរឿង «សង្គមនេះ»។ចំណាត់ថ្នាក់លេខ២ បានទៅលើ ឈ្មោះ ពៅ មករា ជាមួយនឹងស្នាដៃរឿង «នរតី» និងជយលាភីលេខ៣ បានទៅលើឈ្មោះ ភុយរតនា ជាមួយនឹងស្នាដៃរឿង «ចង្កៀងក្នុងផ្ទះ»។
ឯម្ចាស់ជយលាភីផ្នែកកំណាព្យរឿងវិញ ក៏មាន៣រូបដែរ ដោយចំណាត់ថ្នាក់លេខ១ បានទៅម្ចាស់ជយលាភី ឈ្មោះ ជួន ខ្មៅ ជាមួយនឹងស្នាដៃកំណាព្យរឿង «កូននាគ» ចំណាត់ថ្នាក់លេខ២ បានទៅម្ចាស់ជយលាភី ឈ្មោះ មឿង ពិសិត ជាមួយនឹងស្នាដៃកំណាព្យរឿង«ដីម៉ែ» និងលេខ៣ បានទៅម្ចាស់ជយលាភី ឈ្មោះ ភិរម្យ ដារ៉ា ជាមួយនឹងស្នាដៃកំណាព្យរឿង «ជំនោរគង្គា»។
ចំពោះលក្ខខណ្ឌនៃការដាក់ពាក្យចូលរួមប្រកួតស្នាដៃនោះសម្រាប់ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦នេះ គឺបេក្ខជនម្នាក់អាចដាក់ស្នាដៃបានតែ ១គត់ និងមិនមែនជាស្នាដៃដែលធ្លាប់ទទួលចំណាត់ថ្នាក់នៅពានរង្វាន់ណាមួយពីមុនទេ។ ស្នាដៃរឿងខ្លីត្រូវវាយជាអត្ថបទប្រើយូនីកូដខ្មែរក្នុងកុំព្យូទ័រទំហំអក្សរ១២ ពុម្ព KhmerOS Siem Reap ខ្នាតក្រដាស A4 ដែលមានចំនួនពី១០-១៥ទំព័រ។
ចំណែកកំណាព្យវិញពី ៥ ទៅ ១០ ទំព័រ (មានគំរូជូន) ព្រមទាំងត្រូវគោរពអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ជាចាំបាច់ (ផ្តល់ពិន្ទុជាពិសេស)។ បេក្ខជនត្រូវបញ្ជាក់ពីអាសយដ្ឋាន លេខទូរស័ព្ទនិងអ៊ីមែលឱ្យច្បាស់លាស់ ដើម្បីងាយស្រួលសម្រាប់គណៈកម្មការរៀបចំធ្វើការទាក់ទង។
សម្រាប់បេក្ខជន-បេក្ខនារីមានបំណងដាក់ស្នាដៃប្រកួតទាំងផ្នែករឿងខ្លី និងកំណាព្យរឿងខ្លីអាចទាក់ទងអ្នកស្រី ញ៉ ស្រីម៉ុច តាមរយៈទូរស័ព្ទលេខ ០៦៩ ៤៦៩ ៩៥៦ ឬតាមអ៊ីមែលbilitchamp@gmail.com។
ការទទួលស្នាដៃចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ម៉ោង៥ល្ងាចជាកំហិត៕