ភ្នំពេញ: ភាពយន្ដ​ឯកសារ​ស្ដីពី​របាំ​ព្រះ​រាជ​ទ្រព្យរឿង «​ទេព​ហត្ថា» ឬ “The Perfect Motion” នឹង​ចាប់​ផ្ដើម​ដាក់​បញ្ចាំងចាប់​ពី​ថ្ងៃទី១ខែ​មេសាខាងមុខ​នេះ​ ​នៅ​តាម​រោង​ភាពយន្ដ​ទាំង​អស់​ទាំង​ក្នុង​រាជធានីភ្នំពេញ និង​បណ្ដា​ខេត្ដ​នានា​ ជាមួយ​ភាសា​ខ្មែរសម្រាប់​ភ្ញៀវ​ជាតិ និង​ភាសា​អង់គ្លេស​ សម្រាប់​ភ្ញៀវ​អន្ដរជាតិ​។

ភាពយន្ដ​ឯកសារ​ដែល​មានរយៈ​ពេល​១ម៉ោង២៦នាទី ផ្ដោត​លើ​សាច់រឿង​សំខាន់​ចំនួន​២ ជា​ការ​បង្កើត​ក្បាច់​របាំ​​ «នាង​វឌ្ឍនាទេវី»ដោយ​ព្រះ​រៀម​នរោត្ដម​ បុប្ផា​ទេវី ជា​ស្នា​ព្រះ​ហស្ដចុង​ក្រោយ​របស់​ទ្រង់​ និង​ប្រវត្ដិ​របាំ​ព្រះ​រាជ​ទ្រព្យតាំងពី​ឆ្នាំ​១៩០៦​។

ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ តេសសូ ​​ជា​អតីត​ជំនួយ​ការ​សម្តេច​ព្រះ​រៀម​ នរោត្តម បុប្ផា​ទេវី និង​​បច្ចុប្បន្ន​ជា​នាយក​សាលា​របាំ​នរោត្តម​ បុប្ផាទេវី បានមាន​ព្រះ​បន្ទូល​ នៅក្នុង​បទ​សម្ភាសន៍​មួយ​ថា​៖ «ខ្ញុំ​ចាំ​ថា លោក​មាន​បន្ទូលថា លោកចង់​ឱ្យ​ក្មេងៗ​ដឹង​អំពី​វប្បធម៌ខ្មែរ​ច្រើន​ កុំឱ្យ​បាត់បង់កុំ​ឱ្យ​បាត់​។ លោក​ច្រើន​តែមាន​បន្ទុល​ថា អ្វីៗ​ដែល​លោក​ធ្លាប់​ដឹង​ ធ្លាប់​រៀនលោក​ចង់​ថែរក្សា​សម្រាប់​ផ្ទេរ​ដល់​ក្មេងៗ​រៀន​ពី​លោករៀន​ពី​គ្រូ​ កុំ​ឱ្យ​បាត់​បង់​»។


យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នៃ​រឿង​ «​ទេព​ហត្ថា» បាន​បង្ហាញ​ថា ​ភាពយន្ត​នេះ​បាន​ចាប់យក​ខ្លឹមសារ​នៃ​​ទម្រង់​សិល្បៈ​ដ៏​ស្រស់ស្អាត​​ជាមួយនឹង​រូបភាព​គួរឱ្យ​ចាប់អារម្មណ៍​និង​សាច់រឿង​ប្រទាក់​ក្រឡា​ដ៏​​ទាក់ទាញ​​។

នាដកាវ័យ​ក្មេងនិង​គ្រូ​បង្ហាត់​ចាស់ៗ​បាន​រួម​គ្នា​បង្កើត​បាន​ជា​ទម្រង់​សិល្បៈ​ដ៏​ល្អ​ឥត​ខ្ចោះជាមួយ​ការ​ឧទ្ទិស​ដល់​ភាព​រស់​រាន​នៃ​សិល្បៈ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ទោះបីកម្ពុជា​ធ្លាប់​ឆ្លង​កាត់​ប្រវត្ដិសាស្ដ្រ​ដ៏​ខ្មៅ​ងងឹតក៏ដោយ​។


តាម​រយៈ​សាច់​រឿង​ដែល​ត្រូវបាន​ចង​ក្រង​រយៈ​ពេល៥ឆ្នាំ​នេះអ្នក​ទស្សនា​នឹងបាន​យល់​អំពី​របាំ​ព្រះ​រាជ​ទ្រព្យ​ដែល​បាន​បង្កើត​ជា​វប្បធម៌​ និង​អត្ដ​សញ្ញាណ​កម្ពុជា​តាំងពី​ដូន​តា​រៀង​មក​។

លោក Xavier de Lauzanne ជា​ផលិតករភាពយន្ដ បានឱ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​៖​ «​ទេព​ហត្ថាជា​​ភាព​យន្ដ​​ឯកសារ​ដ៏​ល្អ​អស្ចារ្យ​ដែល​ចំណាយ​​​ពេល​៥ឆ្នាំ។ពី​ទស្សនៈ​ទៅ​កាន់​សំណេរ​អត្ថបទ​រឿង​និង​ពី​ការ​សម្ដែង​រហូត​ដល់​ផលិត​កម្ម​វា​ជា​ដំណើរ​ដ៏​វែង​​ឆ្ងាយ​ មិន​គួរ​ឱ្យ​ជឿ​ដូច​ទៅ​នឹង​​​ដំណើរ​សាច់រឿងដែល​មិន​អាច​ទាយ​ទុក​បាន​​»។

លោក Lauzanne បាន​ទទួល​ធ្វើ​គម្រោង​ផលិត​ភាពយន្ដ​មរតក​របាំ​ខ្មែរ​នេះ​ជាមួយ​លោកPierre Koganជា​អ្នកស្រឡាញ់​វិស័យ​សិល្បៈនិង​ជា​ផលិតករ​ភាពយន្ដ​ដែល​រស់​នៅ​ប្រទេស​កម្ពុជា៨ឆ្នាំ។

លោក​បាន​ឱ្យ​ដឹង​ថា​៖ «​យើង​ចង់​ផលិត​ភាពយន្ដ​១​ដែល​ផ្ដិត​យក​ទាំង​សោភណភាព​នៃ​របាំ​បុរាណ​ខ្មែរ​ និង​ស្ថានភាព​​ប្រវត្ដិ​សាស្ដ្រ​។ពិត​ជាគួរ​ឱ្យ​កោត​ស្ញប់​ស្ញែង​ចំពោះ​សិល្បករ​ ដែល​ស្ថិត​ក្នុង​សម័យ​សង្គ្រាម​ដ៏​បំផ្លិច​បំផ្លាញ​ ដោយ​នៅតែ​ពុះពារ​បង្ហាត់​បង្រៀន​ និង​ស្ដា​រទម្រង់​សិល្បៈ​ឱ្យ​រស់​រាន​ និង​ប្រែក្លាយជា​ប្រភព​ធនធាន​នៃក្ដីសង្ឃឹម​ និង​រីក​ចម្រើន​ឡើង​វិញ​»។

លោក Kogan បាន​ឱ្យ​ដឹង​ថាប្រជាជន​កម្ពុជា​ស្ទើរ​តែ​ទាំង​អស់​បាន​ស្គាល់​របាំ​អប្សរា​ ហើយ​អាច​បង្ហាញ​ក្បាច់​រាំ​បាន​ខ្លះៗ​។ប៉ុន្ដែ​មិន​មាន​មនុស្ស​ច្រើន​ទេដែល​ស្គាល់​របាំ​ព្រះរាជ​ទ្រព្យ​។ដូច្នេះប្រវត្ដិសាស្ដ្រ​នៅតែ​មិន​ត្រូវបាន​ជីក​កកាយ​ ហើយ​គេមិន​សូវ​ដឹង​ថាទម្រង់​សិល្បៈ​បុរាណ​នេះ​បានទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​អន្ដរជាតិ​យ៉ាង​ច្រើន​កុះ​ករ​នៅ​តាម​មហោស្រព​ផ្សេងៗ​។

លោក​បាន​បន្ដថា​៖ «​យើង​សង្ឃឹម​ថារឿងទេព​ហត្ថានឹង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជាកាន់តែ​មាន​មោទនភាព​ចំពោះ​វប្បធម៌​ និង​ជំរុញ​ឱ្យ​របាំ​ព្រះរាជ​ទ្រព្យ​កាន់​តែ​ល្បី​រន្ទឺ​ជុំវិញ​ពិភពលោក​»។

របាំ​ព្រះ​រាជទ្រព្យ​បាន​ទាក់ទាញ​ទស្សនិកជន​អស់​រយៈ​ពេល​ជាច្រើន​សតវត្សរ៍​ជាមួយ​កាយវិការ​ដ៏រស់​រវើក​នៃ​ចលនា​ដៃ​ រហូត​ដល់​ភាព​ទន់​ភ្លន់​នៃ​រាង​កាយ​។

​សេចក្ដី​ប្រកាស​ព័ត៌មាន​រឿង «​ទេព​ហត្ថា​» បាន​បន្ដ​ថាចាប់​ពី​ឆ្នាំ​១៩០៦រហូត​ដល់​បច្ចុប្បន្នចាប់​ពី​ជាង​ចម្លាក់​ដ៏​ល្បី​ជនជាតិ​បារាំងAuguste Rodin រហូត​ដល់​ការ​កំណែ​ទម្រង់​ចុង​ក្រោយ​របស់​ស្នា​ព្រះ​ហស្ដព្រះ​រៀម​ បុប្ផា​ទេវី​ របាំ​ព្រះ​រាជ​ទ្រព្យនៅតែ​រក្សា​បាន​នូវ​អត្ដ​សញ្ញាណ​របស់​ខ្លួន​ និងភាព​វិសេស​របស់​វា។​

យោង​តាម​វីដេអូ​ឯកសារ​ចាក់​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក «​ទេព​ហត្ថា» បាន​បង្ហាញ​ថាព្រះ​មហាក្សត្រិ​យានីស៊ីសុវត្ថិកុសុមៈព្រះ​មាតា​នៃ​ព្រះ​ករុណាព្រះ​បាទ​​សម្ដេចព្រះនរោត្ដមសីហនុ ​និង​ជា​និមិត្ត​រូប​នៃ​ការ​បំផុស​គំនិត​ច្នៃប្រឌិត​ ទ្រង់​បាន​ផ្លាស់​ប្ដូរ​មុខ​មាត់និង​ជោគ​វាសនា​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ។

អ្នកស្រី Suppya Nut ជា​អ្នក​ជំនាញ​ផ្នែក​របាំ​ព្រះ​រាជ​ទ្រព្យបាន​និយាយថា​៖ «ក្នុង​រជ្ជកាល​របស់​ព្រះ​បាទ​នរោត្ដម​ សីហនុទ្រង់​បាន​ទត​ឃើញ​នូវ​ការ​ធ្លាក់​ចុះ​នៃ​ប្រជា​ប្រិយភាព​របស់​របាំ​ព្រះរាជ​ទ្រព្យ​នេះព្រះ​អង្គ​ និង​ព្រះ​មាតា​របស់​ទ្រង់បាន​ឧបត្ថម្ភ​ និ​ង​គាំទ្រ​យ៉ាង​ពេញ​ទំហឹងក្នុង​ការ​សម្ដែងរបាំ​ក្នុង​ការ​កសាង​សោភណភាព​នៃរបាំ​ឡើង​វិញ​»។

អ្នកស្រីបន្ដថា ព្រះ​មហាក្សត្រិយានី​ [ស៊ីសុវត្ថិ] កុសុមៈស្រឡាញ់​ប្រពៃណី​បុរាណ​ខ្មែរនិង​ភាព​ទាន់​សម័យ​ផង​ដែរ។ទ្រង់​មាន​បំណង​​រាជាធិបតី​សិល្បៈរបស់​កម្ពុជា​ឱ្យ​បាន​ល្បី​ដូច​សម័យ​មុនៗ។ដូច្នេះទ្រង់​បាន​ធ្វើទំនើបកម្ម​ទៅលើ​របាំ​ព្រះ​រាជ​ទ្រព្យនេះដោយ​​ក្រុម​អ្នក​សម្ដែង​មិន​ចាំ​បាច់​លាប​ម្សៅសលើ​មុខ​របស់​ពួកគេ​នោះ​ទេដោយ​ទ្រង់​ឱ្យ​ចង់​អ្នក​សម្ដែង​បាន​បង្ហាញ​នូវ​សម្រស់និង​អារម្មណ៍​ពិត​ទៅកាន់​អ្នក​ទស្សនា​។

អតីត​នាដកា​នៅ​ទីក្រុង​ប៉ារីស​ Suppya Nut បាន​ឱ្យ​ដឹងថា​៖ «រហូត​ដល់​ទសវត្សរ៍​ទី៦០ទ្រង់បាន​ផ្លាស់​ប្ដូរ​ទម្រង់​សម្ដែង​ខ្លះៗ​នៃ​របាំ​នេះដូចជាផ្លាស់​ប្ដូរ​កាយវិការ​មួយ​ចំនួន​របស់​តួ​អង្គ​ហនុមាននិង​ឱ្យ​មនុស្ស​ប្រុស​រាំ​ជា​តួ​ស្វា​ជំនួស​មនុស្ស​ស្រី​វិញ​ ដោយ​សារ​​ទ្រង់បាន​ទត​ឃើញ​ថា ទម្រង់​​តួ​នេះ​មាន​ភាព​នឿយហត់​ណាស់​សម្រាប់​មនុស្ស​ស្រី»​។

លោកសាស្ត្រាចារ្យព្រឿង ឈៀង ជា​អតីត​អ្នក​របាំ​ព្រះ​រាជ​ទ្រព្យតួ​ហនុមាននិង​ជា​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម​​ បាន​​​ឧទ្ទិស​​​ជីវិតចុង​ក្រោយ​​ដើម្បី​ផ្ទេរ​ចំណេះ​ដឹង​ និង​ថែ​រក្សា​ទំនៀម​ទម្លាប់​នៃ​សិល្បៈ​ទស្សនីយ​ភាព​របស់ខ្មែរ​។បច្ចុប្បន្ន​ លោក​ជា​ទីប្រឹក្សា​អម​ក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈនិងជា​សាស្ដ្រាចារ្យ​បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

ការ​សម្ដែង​របាំ​ព្រះ​រាជ​ទ្រព្យ​ក្នុង​ឆ្នាំ​១៩៧១បាន​ធ្វើ​ឱ្យ​អតីត​តួ​អង្គ​ហនុមាន​ លោកឈៀងមាន​ចិត្ដ​ចងចាំនិង​ស្រឡាញ់​​របាំ​ក្បាច់​បុរាណ​ខ្មែរ​កាន់តែ​ខ្លាំង។

ព្រឹទ្ធាចារ្យ​ ឈៀង​ រំឭក​នៅក្នុង​វីដេអូ​សម្ភាស​មួយ​ថា​៖ «ពេល​យើង​បាន​សម្ដែង​នៅ​ Kennedy Center ឱ្យ​លោក​ប្រធានា​ធិបតី​ [Richard ] Nixon និង​ភរិយាព្រមទាំង​អ្នក​មុខ​អ្ន​ក​ការ។ពេល​នេះពួកអ្នក​កាសែត​បាន​សរសេរ​ថារបាំ​ព្រះ​រាជ​ទ្រព្យ​មាន​ឥទ្ធិពល​ខ្លាំងដែល​ធ្វើ​ឱ្យ​លោក Nixon ភ្លេច​នូវ​ការ​ចែក​គ្រាប់​បែក​ទម្លាក់​នៅ​កម្ពុជា​។នេះ​ហើយ​ជា​កម្លាំង​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​»។

លោក​បាន​បន្ដ​ថា ​ការ​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ ពីព្រោះ​កាល​សម័យ​លោក​​នៅ​ក្មេងដូន​តា​​ បាន​បន្ដ​កេរដំណែល​នេះ​ពី​ដូន​តា​មុនៗ​មករហូត​មក​ដល់​​លោក​។ឥឡូវ​នេះ ​លោក​​កាន់តែ​​ចាស់និង​ចង់​​បន្ដ​ទៅកាន់​អ្នក​បន្ដ​វេន​ ពីព្រោះ​លោក​​ដឹង​ថារបាំ​ក្បាច់​បុរាណ​ខ្មែរនេះ​ជា​តំណាង​អត្ដសញ្ញាណ​ និង​ព្រលឹង​ជាតិ​ខ្មែរ។

ក្រោយ​ពី​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺជា​តួ​អង្គ​ឯក​ក្នុង​របាំ​​ព្រះ​រាជ​ទ្រព្យរហូត​ក្លាយ​ជា​ជន​ភៀស​ខ្លួន​ក្នុង​ជំរំ​​ក្បែរ​​ព្រំ​ដែន​​ថៃអ្នក​គ្រូវ័នសាវ៉ៃមិន​​ដែល​​បោះ​បង់​​ចោល​​របាំ​​ក្បាច់​បុរាណ​​ខ្មែរ​ និង​​​ផ្ទេរ​ចំណេះ​ដឹង​ទៅ​កូន​ចៅ​ជំនាន់​ក្រោយ​ឡើយ។

អ្នកស្រីសាវ៉ៃបាន​និយាយថា៖ «​ក្រោយ​សម័យ​ខ្មែរ​ក្រហមខ្ញុំខ្លា​ច​ខ្មែរ​ក្រហម​ណាស់​។ខ្ញុំ​សម្រេ​ច​ចិត្ដ​ថានឹង​ទៅ​ប្រទេស​ទី៣មិនថាអាមេរិកអូស្ដ្រាលីបារាំងនៅ​ទី​កន្លែង​ក៏​បាន​ដែរ​ ឱ្យ​តែ​ខ្ញុំ​បាន​​ចេញ​ពី​ស្រុក​ខ្មែរ​។ប៉ុន្ដែ​នៅពេល​ខ្ញុំ​បាន​មក​ដល់​ព្រំដែន​ ខ្ញុំ​បាន​ប្ដូរ​ចិត្ដ​វិញ​ថាខ្ញុំមិន​គួរ​ទៅ​ណា​ចោល​ស្រុក​នោះទេ​»។

អ្នក​ស្រី​បាន​បន្ដថា​៖ «​​​ខ្ញុំ​ឈាន​១​ជំហាន​ទៀតគឺ​ខ្ញុំ​ចេញ​ទៅ​ចោល​ស្រុក​ខ្ញុំ​ហើយ​។ដូច្នេះ​ ខ្ញុំ​សុខ​ចិត្ដ​នៅ​ជាយ​ដែនហើយ​ខ្ញុំ​រើស​ក្មេង​មក​បង្ហាត់​​។ជីវិតខ្ញុំ​អាច​ស្លាប់និង​អាច​រស់​មក​វិញ​។ប៉ុន្ដែ​សិល្បៈ​មិន​អាច​ស្លាប់​បាន​នោះទេ​»។

កញ្ញាសេរី វណ្ណកុសន ​ជា​តួ​អង្គ​​ក្នុង​ភាពយន្ត «ទេពហត្ថា» និង​ជាតួ​អង្គ​ឯក​ក្នុង​ទស្សនីយ​ភាព «នាង​វឌ្ឍនាទេវី»​ជា​ស្នា​ព្រះ​ហស្ត​ចុង​ក្រោយ​របស់​សម្តេច​ព្រះរៀម​នរោត្តម​បុប្ផា​ទេវី​។

នាដកា​ ដែល​បម្រើ​ការ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈបាន​​ឱ្យ​ដឹង​ថា​ កញ្ញា​ចូ​លចិត្ដ​របាំ​ក្បាច់​បុរាណ​ដោយសារ​តែ​ឮ​ភ្លេង​និង​ឮ​ចម្រៀងបាន​ធ្វើ​ឱ្យ​កញ្ញា​សប្បាយ​ចិត្ដ​ ទោះបីជា​ខ្លួន​ជា​នារី​ពូកែ​អៀន​ខ្មាសក្តី​។

កញ្ញាបាន​និយាយ​ទាំង​អួល​ដើមក​ថា​៖ «​ប្រសិនបើ​សម្ដេច​ព្រះ​រៀម​ នរោត្ដមបុប្ផា​ទេវីមិនផ្ដល់​ទំនុក​ចិត្ដ​មក​លើ​ខ្ញុំ​នោះ​ទេខ្ញុំ​នឹង​គ្មាន​អ្វីដែល​ខ្ញុំ​មាន​សព្វ​ថ្ងៃ​នេះ​ដែរ​»។

កញ្ញាវណ្ណកុសន បាន​បន្ដថាការ​ផ្ទេរ​ចំណេះដឹង​ដល់​ក្មេង​ជំនាន់​ក្រោយ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​អ្នក​បន្ដ​វេន​ដូចជា​រូប​កញ្ញា​។

កញ្ញាសុខ ណាលីស ជា​តួ​អង្គ​១​រូប​នៅ​ក្នុង​ភាពយន្ត​«ទេពហត្ថា» និង​ជាតួ​អង្គ​ឯក​នាយ​រោង (តួប្រុស) ក្នុង​ទស្សនីយ​ភាព​«​នាង​វឌ្ឍនាទេវី»បាន​និយាយ​ថា​ របាំ​ក្បាច់​បុរាណ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​កញ្ញាដែល​មិន​អាច​ខ្វះ​បាន​ និង​ជា​ទម្រង់​សិល្បៈ​មួយដែល​នាំ​រូប​កញ្ញា​ទៅកាន់​ពិភព​មួយ​ដ៏​ស្រស់​ស្អាតនិង​អច្ឆរិយភាព​។​

កញ្ញាណាលីស ដែល​កំពុង​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​ក្រៅ​ប្រទេសបាន​បន្ដថា​៖ «​ដរាប​ណាកម្ពុជា​ត្រូវ​ការ​ប្រាប់​ទៅកាន់​ពិភពលោក​ថារបាំ​ក្បាច់​បុរាណ​គឺជា​សិល្បៈ​ និង​ជា​អត្ដសញ្ញាណ​ដ៏​ផូរផង់​ ការ​បន្ដ​វេន​នៃ​ទម្រង់​សិល្បៈ​មួយ​នេះ​នៅតែ​សំខាន់​»។

នៅ​ថ្ងៃ​ទី២៦​ខែមីនាឆ្នាំ២០២៣​ខ្សែ​ភាពយន្ត«​ទេព​ហត្ថា​» ​នឹង​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​រោង​មហោស្រព​ចតុមុខ​​ដែល​មានព្រះ​​វត្ដមាន​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះបរម​នាថន​រោ​ត្តម​​សី​ហមុ​នីនិង​សម្តេច​ព្រះ​មហាក្ស​ត្រីន​រោ​ត្ត​មមុ​និ​នាថ​សីហនុ​ ផងដែរ។​

ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ តេសសូមាន​ព្រះ​រាជ​បន្ទូល​ថា​៖ «​ខ្ញុំ​ស្រឡាញ់​កុន​នេះដោយសារ​សម្ដេច​ព្រះ​រៀមលោក​គ្រូឈៀ​ង​អ្ន​កគ្រូ​វ័​នសាវ៉ៃ​លោក​គ្រូ​សុ​ភីលី​ន​លោក​គ្រូឃួន, ណាលីសហើយ​កេសនបាន​ពន្យល់​យើង​ថាគាត់​ស្រឡាញ់​សិល្បៈ​ខ្មែរហើយ​ជីវិត​គាត់​រៀបចំ​ធ្វើ​ម៉េច​ឱ្យ​សិល្បៈ​រស់​នៅ​ និង​បន្ដ​ពី​គាត់​ទៀត​។កន្លែង​ហ្នឹងខ្ញុំ​ស្រឡាញ់​កុន​ហ្នឹង​មែន​ទែន​»។

ព្រឹទ្ធាចារ្យ​ ឈៀងបាន​ឱ្យ​ដឹងថា ក្រោយ​បាន​ទស្សនា​ភាពយន្ដ​រឿង «​ទេពហត្ថា​» ធ្វើ​ឱ្យ​លោក​មាន​ក្ដី​សប្បាយ​រីករាយរួម​ជាមួយ​អារម្មណ៍​ក្ដុក​ក្ដួលដោយសារ​មាន​អ្នកចូល​រួម​ធ្វើ​បេសកកម្ម​ជាមួយ​គ្នា​ពេល​នោះបាន​ចែកឋាននិង​អ្នកខ្លះ​កំពុង​បន្ដ​បេសកកម្ម។

លោក​និយាយថា​៖ «ជាពិសេស​សម្ដេច​ព្រះ​រៀម​បុប្ផាទេវីបាន​ធ្វើ​ពិរាល័យ​ទៅនេះបាន​ធ្វើ​ឱ្យ​យើង​នៅ​ចងចាំនិង​សប្បាយ​រីករាយទោះបីជា​លោក​មិន​បាន​គង់​នៅ​ តែ​រូប​ភាព​បង្ហាញ​ថាលោក​អាច​រស់​នៅ​ជាមួយ​យើង​ជា​និច្ច​»។

ក្រោម​ភាព​ជា​ដៃ​គូ​ជាមួយ​ក្រសួង​អប់រំយុវជននិងកីឡា​​ឯកសារ​អប់រំ​កំពុងត្រូវបាន​​បង្កើតឡើង​ (ជា​ភាសា​ខ្មែរអង់​គ្លេសនិង​បារាំង) ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​ភាព​យន្ត​ក្នុង​បរិបទ​សាលា។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ បាន​បង្ហាញ​ថា​​​ នេះ​​ជា​​លើក​​ទី​​១​​ហើយ​​ដែល​ប្រភេទ​នៃការ​អប់រំ​​បែប​​នេះ​​ត្រូវ​​បាន​​បង្កើត​​ឡើង​​នៅ​​កម្ពុជា។នៅ​​មាន​​បទ​​បង្ហាញ​នៃភា​ពយន្តរួមទាំង​បរិបទ​ប្រវត្តិ​សាស្ត្រ​ហើយ​វាក៏​នឹង​បង្ហាញ​ពី​សកម្មភាព​អប់រំ​ជា​ច្រើន​ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​កម្រិត​សាលា​ផ្សេងៗ​គ្នា៕