ភ្នំពេញៈ ក្នុង​ឆ្នាំ ២០២២ ​អង្គការ​ទឹកស្អាត​ ១ ០០១ ​បានបង្កើត​ការងារ ​១ ០០៧ កន្លែង ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ ​ដែល​មាន​អ្នកទទួល​ផល​ទឹក​ស្អាត​ចំនួន​ ៨៤៤ ០០០ នាក់ ​ក្នុង​នោះ​មាន​កុមារ ​៣១៥ ០០០ នាក់ ​នៅ​តាម​សាលារៀន ​និង​បាន​ដាក់​បញ្ជរ​ទឹក​ចំនួន​ ៣០០ ទីតាំង​ផង​ដែរ។​ នេះ​បើ​តាម​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទឹកស្អាត ​១ ០០១។ ​


លោកស្រី​ Amandine Chaussinand ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទឹកស្អាត ​១០០១​ បានឱ្យដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ក្នុង​ឱកាស​​ទិវា​ទឹក​ពិភពលោក ​២០២៣ ​ថា ​ដំណើរការ​ផលិត​ទឹកស្អាត ​គួបផ្សំ​នឹង​ការចែកចាយ​ទឹក​តាម​ផ្ទះ ​អនុញ្ញាត​ឱ្យ​ទឹកស្អាត​ ១០០១ ​មាន​សិទ្ធិ​ទទួលបាន​ហិរញ្ញប្បទាន​កាបូន​។ ហិរញ្ញប្បទាន​ដែល​ទទួលបាន​នោះ ​អង្គការ​ទឹកស្អាត ​១០០១ ​យក​ទៅ​បង្កើត​បញ្ជរ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ ជាបន្តបន្ទាប់​នៅ​តំបន់​ជនបទ​កម្ពុជា ​ជាពិសេស​ផ្តល់ឱ្យ​តាម​សាលារៀន ​ដែល​ប្រយោជន៍​ដល់​ក្មេងៗ​ក្នុង​សាលារៀន​ មាន​ទឹកស្អាត​ទទួល​ទាន​ដោយ​ឥត​គិត​ថ្លៃ។

សព្វថ្ងៃ​នេះ ​អង្គការ​ទឹកស្អាត ​១០០១ ​ពឹង​ផ្អែក​លើ​បណ្តាញ​សម្ភារ​បរិក្ខារ​ចំនួន ​២៩៥ ​បានអនុវត្ត​លើ​ខេត្ត​ចំនួន​ ១៨ ​ដែល​គ្រប់គ្រង​ដោយ​សហគ្រិន​ឯករាជ្យ ​ដោយ​ផ្តល់​ទឹកស្អាត​ប្រចាំថ្ងៃ​ដល់​អ្នកភូមិ​ជិត​៩០០ ០០០នាក់​នៅ​មាត់​ទ្វារ​របស់​ពួកគេ​(រួម​ទាំង​កុមារ ​៣៥០ ០០០នាក់​ ដែល​ទទួលបាន​ទឹក​ដោយ​ឥត​គិតថ្លៃ​នៅ​សាលារៀន)។


លោកស្រី​បញ្ជាក់ថា​៖«ជាការពិត​ណាស់ ​អ្នកទទួល​ផល ​ទទួលបាន​ទឹកស្អាត​នៅផ្ទះ ​ដោយ​ពួកគេ​មិនចាំបាច់​ដាំ​ទឹក​ជាមួយ​ធ្យូង ​ឬ​អុស​ ដើម្បី​ឱ្យ​វា​មាន​សុវត្ថិភាព​សម្រាប់​ការប្រើប្រាស់​នោះ​ទេ។ តម្លៃ​ទឹកស្អាត​សមរម្យ ​(តិច​ជាង​៣% ​នៃ​ប្រាក់​ចំណូល​ប្រចាំខែ)»​។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទឹកស្អាត​១០០១ ​ឱ្យដឹង​ទៀតថា ​ ការបង្កើត​ការងារ​ប្រកប​ដោយ​និរន្តរភាព​ចំនួន ​៤កន្លែង ​សម្រាប់​បញ្ជរ​នីមួយៗ​ដល់​ស្ត្រី​ ដែល​បច្ចុប្បន្ន​មាន​ជាង ​៣០% ​នៃ​ការងារ​ ត្រូវបាន​កាន់កាប់​ដោយ​ស្ត្រី។ ការងារ​ទឹកស្អាត​នេះ ​បានចូលរួម​កាត់បន្ថយ​បរិមាណ​ដ៏ច្រើន ​នៃ​ការបញ្ចេញ​ឧស្ម័ន​CO2 ​ប្រមាណ​១៧ ០០០តោន ​ក្នុង​១ឆ្នាំ។ ​តាមរយៈ​ការងារ​ទឹកស្អាត​ដើម្បី​បរិស្ថាន​នេះ ​ក៏បាន​កាត់បន្ថយ​ការកាប់​បំផ្លាញ​ព្រៃឈើ​ផង​ដែរ។


លោកស្រី​បន្តថា ​បេសកកម្ម​ អង្គការ​ទឹកស្អាត ​១០០១ ​ក្នុង​នាម​ជាអង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ​គឺ​ដើម្បី​លើកកម្ពស់​សុខភាព ​និង​ជីវភាព​រស់​នៅ​របស់​សហគមន៍​ជនបទ ​តាមរយៈ​ការបង្កើត​ដំណោះស្រាយ​តាម​សហគមន៍​វិមជ្ឈការ ​ហៅថា ​បញ្ជរទឹក ​ដែល​ផ្តល់​ទឹកស្អាត​ប្រកបដោយ​សុវត្ថិភាព ​និង​តម្លៃ​សមរម្យ ​[០,០២ដុល្លារ​ក្នុង​១លីត្រ]។

​បញ្ជរ​ទឹក​ដំណើរការ​តាំង​ពី​ឆ្នាំ២០០៥ ​ដែល​បញ្ជរ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ទី១ ​ត្រូវបាន​អនុវត្ត​នៅ​ខេត្តបន្ទាយមានជ័យ។​ ការងារ​នេះ​មិន​ត្រឹម​តែ​ពង្រឹង​លទ្ធភាព​ទទួលបាន​ទឹក​ប្រកប​ដោយ​សុវត្ថិភាព​នៅ​ជនបទ​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ក៏​ត្រូវបាន​បង្ហាញថា ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​CO2 ​ជាច្រើន​តោន​រៀងរាល់​ឆ្នាំ​ផង​ដែរ។ ​

លោកស្រី​Amandine Chaussinand ​លើកឡើង​ទៀតថា ​នេះ​ជាមោទនភាព​ ដែល​អង្គការ​ទឹកស្អាត ​១០០១ ​បានក្លាយ​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​តិចតួច​បំផុត ​ដែល​បញ្ចេញ​ឥណទាន​កាបូន​ទូទាំង​ពិភពលោក ​និង​សម្រាប់​គម្រោង​កម្ពុជា។​ លោកស្រី​បានថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ All Dreams Cambodia ​ដែលបាន​ទិញ​ឥណទាន​កាបូន​ពី​គម្រោង​របស់​អង្គការ​ក្នុង​ទឹកប្រាក់​ជាង​ ៧០០០ដុល្លារ​បន្ថែម​ទៀត។

លោកស្រី​បញ្ជាក់ថា​៖«All Dreams Cambodia ​កំពុង​ផ្តល់​ការរួម​ចំណែក​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់​ដល់​កម្មវិធី​ Water in School​ របស់​យើង​ ដែល​អាច​ឱ្យ​សិស្សានុសិស្ស​នៅ​ជុំវិញ​បញ្ជរ​ទឹក​នីមួយៗ​ទទួលបាន​អត្ថប្រយោជន៍​ពី​ទឹកស្អាត​ដោយ​មិន​គិត​ថ្លៃ។ ជំនួយ​ជាង ​៧ ០០០ដុល្លារ​​ នឹង​អនុញ្ញាត​ឱ្យ​មាន​បញ្ជរ​ទឹក​ជាង​៣ ៥០០ [នៅតាម]​បឋម​សិក្សា»។

លោក ​Jacques GUICHANDUT ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ All Dreams Cambodia ​បានឱ្យដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ដំណើរ​កម្សាន្ត​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ នៅ​ក្រសួង​បរិស្ថាន​ថ្ងៃ​ទី២២ ​ខែមីនា​ ថា ​ឥណទាន​កាបូន​ដែល​បានទិញ​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​តែ​ប្រទេស​កម្ពុជា​នេះ​ប្រហែលជា​ជម្រើស​១ ​ដែល​ធ្វើឱ្យ ​All Dream Cambodia ​ក្លាយជា​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ដំបូងគេ​ ដែល​មាន​វិធីសាស្រ្ត​បែបនេះ​ក្នុង​ការចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាស​ធាតុ។

ការទិញ​ឥណទាន​កាបូន​ស្ដង់ដា​មាស​ពី​គម្រោង​ទឹកស្អាត​ដែល​អនុវត្ត​ដោយ​ទឹកស្អាត ​១០០១ ​(1001 Fontaines) ​មាន​គោលបំណង​ផ្តល់​នូវ​សុវត្ថិភាព​ទឹកស្អាត​ទូទាំង​ប្រទេស​កម្ពុជា ​ដើម្បី​លើក​កម្ពស់​សុខភាព ​និង​ជីវភាព​រស់នៅ​របស់​សហគមន៍​ជន​បទ៕