ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រកឃើញថា កុមារ និង​យុវជន នៅតែ​ទទួល​ឥទ្ធិពល​ពី​ការលក់​បារី​អេឡិចត្រូនិក​តាម​បណ្តាញ​សង្គម​នានា ទោះបីជា​ផលិតផល​នេះត្រូវបាន​ហាមឃាត់​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ក៏ដោយ​។​


កាលពី​ថ្ងៃទី​ ២២ ខែមីនា ក្រសួង​អប់រំ យុវជន និង​កីឡា​បានរៀបចំ សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​ស្តីពី​ការអង្កេត និង​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​នា​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ការិយាល័យ​ពាក់ព័ន្ធ​និង​គណៈ​គ្រប់គ្រង សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សរុប​ប្រមាណ​២០០​រូប​។​

​ សិក្ខាសាលា ក៏បាន​លើកឡើង​ពី​ផលប៉ះពាល់​នៃ​បារី​អេឡិចត្រូនិក និង​លទ្ធផល​នៃ​ការអង្កេត​ដែល​បាន​រកឃើញ​មាន​កុមារ និង​យុវជន នៅតែ​ទទួល​ឥទ្ធិពល​ពី​ការលក់​បារី​អេឡិចត្រូនិក ទោះបីជា​ផលិតផល​នេះ ត្រូវបាន​ហាមឃាត់​ដោយ​រាជរដ្ឋាភិបាល​ក៏ដោយ​។​


​លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​គ្រប់​កម្រិត ត្រូវ​បន្ត​ពង្រឹង​ការអប់រំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តីពី​ការទប់ស្កាត់​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​របស់​ក្រសួងឱ្យ​បាន​ទូលំទូលាយ ទៀងទាត់ និង​ជាប្រចាំ​។​ក្នុងករណី​ដែល​រកឃើញ​មានការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មាតាបិតា​សិស្ស ដើម្បី​កំណត់​ទីតាំង​ចែកចាយ​។​

​ លោកស្រី​ ថ្លែងថា៖ «​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច គប្បី​ចាត់វិធានការ​តាមច្បាប់ ចំពោះ​ការចែក​ចាយ​បារី​អេឡិចត្រូនិក ពិសេស​ការផ្សព្វផ្សាយ​ល​ក់​តាម​បណ្តាញ​ព័ត៌មាន​សង្គម ជាអាទិ៍​ហ្វេ​ស​ប៊ុ​ក តិកតុក និង​អុីន​ស្ត្រា​ក្រាម ជាដើម ដែលជា​ប្រភព​ចម្បង​នៃ​ការចែក​ចាយ​បារី​អេឡិចត្រូនិក​ដល់​កុមារ និង​យុវជន​វ័យក្មេង​»​។​


​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​ទទួលបន្ទុក​គប្បី​ពិនិត្យ​លទ្ធភាព​គ្រប់គ្រង​ហាមឃាត់​ការនាំ​ចូល​បារី​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ក្នុង​គោលបំណង​បង្ការ​ធនធាន​យុវជន និង​កុមារ​ពី​ការបំផ្លាញ​សុខភាព និង​អនាគត​ដោយ​ផលិតផល​នេះ​។​

​ជុំវិញ​រឿងនេះ លោក មុំ គង់ នាយក​ប្រតិបត្តិការ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៣ ខែមីនា ថា ក្រសួង​អប់រំ​បាន​ជំរុញឱ្យ​គណៈ​គ្រប់គ្រង​សាលា​ទាំងអស់នោះ ត្រូវ​ធ្វើយ៉ាងណា​ត្រួតពិនិត្យ ទប់ស្កាត់​ទៅដល់​កូនសិស្ស​នៅក្នុង​សាលា​របស់ខ្លួន កុំ​ឱ្យមានការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក​ជា​បន្តទៅទៀត​។ ចំពោះ​យុវជន និង​កុមារ​ដែល​ប្រើប្រាស់​បារី​អេឡិចត្រូនិក គឺ​វា​មាន​សារធាតុ​នីកូទីន ហើយ​សារធាតុ​នេះ​ញៀន​ខ្លាំងណាស់ ដែល​ធ្វើអោយ​ខួរក្បាល​កុមារ និង​យុវជន​ត្រូវបាន​ប៉ះពាល់​យ៉ាងខ្លាំង ពីព្រោះថា ​ខួរក្បាល​របស់​ពួកគាត់​កំពុងតែ​រីកលូតលាស់ ប៉ុន្តែ​បើ​ជក់បារី​នេះហើយ គឺ​វា​មិនអាច​ធ្វើ​ឲ្យ​ខួរក្បាល​របស់​ពួកគាត់​អាច​រីកលូតលាស់​បានឡើយ​។​

​ លោក​បញ្ជាក់ថា៖ «​ប្រភព​សំខាន់​ដែល​ធ្វើ​ឱ្យកុមារ និង​យុវជន ព្រមទាំង​សិស្សសាលា​អាចមាន​លទ្ធភាព​ក្នុង​ការទិញ​បារី​នេះ​ជក់ គឺ​តាមរយៈ​បណ្ដាញ​ព័ត៌មាន​សង្គម ហេតុដូច្នេះ​ទោះបីជា​ក្រសួង​អប់រំ និង​រួមទាំង​គណៈ​គ្របគ្រង​សាលា មានការ​យកចិត្តទុកដាក់​ខ្លាំង​យ៉ាងណា ក៏​វា​មិនអាច​ទប់ស្កាត់​កុមារ យុវជន មិន​ឱ្យ​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូវ​និក​បាន​នោះទេ ពីព្រោះ​ដោយសារ​បារី​អេឡិចត្រូនិក​នៅតែ​បន្ត​ផ្សព្វផ្សាយ​លក់​លើ​បណ្ដាញ​សង្គម​»​។​

​លោក មុំ គង់ បាន​បន្តថា បើ​ក្រឡេកមើល​ទៅលើ​លទ្ធផល​នៃ​ការសិក្សា បង្ហាញថា​ បើសិនជា​ក្រសួង​អប់រំ​រួមជាមួយ​គ្រឹះស្ថានសិក្សា សាលារៀន​ខ្លាំង​យ៉ាងណា ក៏​មិនអាច​ទប់ស្កាត់​យុវជន​បានដែរ ដោយសារ​ប្រភព​នៃ​បារី​អេឡិចត្រូនិក​នៅតែ​បន្ត​មាន​លក់ ហើយ​ការលក់ ការផ្សព្វផ្សាយ​លក់​នៅតែ​បន្ត​មាន​នៅលើ​បណ្ដាញ​សង្គម​។​

​ជាមួយគ្នានេះ លោក​ក៏បាន​ស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​អ្នក​ដែល​បាន​ផ្សព្វផ្សាយ និង​លក់​ផលិតផល​បារី​អេឡិចត្រូនិក​ឱ្យ​បាន​តឹងរុឹងបំផុត ដើម្បី​ការពារ​សតិ​ប្រាជ្ញា​កុមារ​និង​យុវជន​កុំ​ឱ្យធ្លាក់​ទៅក្នុង​ការ​ញៀន​បារី​អេឡិចត្រូនិក​នេះ​៕