ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជាមេបញ្ជាការ​កងទ័ព​ជើងគោក​បានចាត់ទុក​សកម្មភាព​របស់​មូលនិធិ The Nippon Foundation របស់​ជប៉ុន ដែលបាន​ជួយ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​វិស័យ​មនុស្សធម៌ អប់រំ និង​សុខាភិបាល គឺជា​ការផ្សារភ្ជាប់​យ៉ាងជិតស្និទ្ធ​រវាង​ប្រជាជន​នៃ​ប្រទេស​កម្ពុជា និង​ជប៉ុន។


លោក ហ៊ុន ម៉ាណែត លើកឡើង​ដូច្នេះ​ក្នុង​ជំនួប​ជាមួយ​លោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធាន​មូលនិធិ The Nippon Foundation កាលពីរសៀល​ថ្ងៃ​ទី២៤ ខែមីនា នៅទីបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា រាជធានី​ភ្នំពេញ។

ហ្វេសប៊ុក​កងទ័ព​ជើងគោក​កម្ពុជា​បញ្ជាក់​នាថ្ងៃទី២៥ មីនា ថា ក្នុង​ជំនួប​នេះ លោក Yohei បាន​ប្រាប់​លោក ហ៊ុន ម៉ាណែត អំពី​សកម្មភាព​ជាច្រើន ដែល​មូលនិធិ The Nippon Foundation បាន​ចូលរួម​ចំណែក​ជួយ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា រួមមាន ការប្រយុទ្ធ​នឹង​ជំងឺ​ហង់សិន ការបោះពុម្ព​សៀវភៅ​សិក្សា​ភាសាអង់គ្លេស​សម្រាប់​កុមារ​កម្ពុជា និង​ការបង្កើត​សាលា​ផលិត​អវយវៈ​សិប្បនិម្មិត។


ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា សាលា​ផលិត​អវយវៈ​សិប្បនិម្មិត​នេះ​មាន​អាយុកាល​ប្រមាណ ៣០ ឆ្នាំ ហើយ​មកទល់​ពេល​នេះ និង​បានក្លាយជា​សាលា​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ជាលក្ខណៈ​សកល និង​មាន​ប្រទេស​ចំនួន ២៨ បាន​បញ្ជូន​សិក្ខាកាម​មក​សិក្សា​អំពី​ការផលិត​អវយវៈ​សិប្បនិម្មិត​នៅ​កម្ពុជា។

លោក ហ៊ុន ម៉ាណែត បានរំឭក​អំពី​តួនាទី​របស់​កងស្វ័យ​ការពារ​ជប៉ុន ដែល​លោក​ចាត់ទុកថា​ «ដ៏មាន​សារៈសំខាន់» នៅ​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០ និង​ក្នុងកិច្ចសហ​ប្រតិបត្តិការ​ល្អ​ក្នុងការបោស​សម្អាត​មីន​នៅ​កម្ពុជា​ក្នុង​រយៈកាល​កន្លងមក​នេះ។


ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា៖ «លោកនាយ​ឧត្តមសេនីយ៍ [លោក ហ៊ុន ម៉ាណែត] ក៏បានថ្លែង​អំណរគុណ​ចំពោះ​ការចូលរួម​ចំណែក​យ៉ាង​សកម្ម​របស់​មូលនិធិ The Nippon Foundation ក្នុងការជួយ​ដល់​ប្រជាជន​កម្ពុជា តាមរយៈ​សកម្មភាព​មនុស្សធម៌ និង​គម្រោងនានា​ជាច្រើន​នៅក្នុង​វិស័យ​អប់រំ និងសុខាភិបាល ដែលនេះ​គឺជា​ការផ្សារភ្ជាប់​យ៉ាងជិតស្និទ្ធ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ហើយ​ប្រជាជន​កម្ពុជា នឹង​ចងចាំ​ទុក​នូវ​ចំណង​មិត្តភាព​ដ៏ល្អ និង​ការជួយគ្នា​ទៅវិញ​ទៅមក​នេះ»៕