​ភ្នំពេញៈ លោក ខៀវ សំផន អតីត​មេដឹកនាំ​ជាន់ខ្ពស់​ក្នុង​របប​ខ្មែរក្រហម​ដែល​កំពុង​ជាប់ពន្ធនាគារខេត្តកណ្ដាល​ នៅតែមាន​ស្ថានភាព​សុខភាព​ល្អប្រសើរ ដោយ​លោក​ពិសា​បាយ​បាន​ច្រើន ហើយ​អាច​រុញ​រទេះ​ដើរ​បាន​ធម្មតា​ដោយខ្លួនឯង​តិចៗ​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (CHRC) កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា​។​


​លោក ខៀវ សំផន ត្រូវបាន​សាលាក្តី​ខ្មែរក្រហម​រកឃើញ​មាន​ពិរុទ្ធភាព ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ប្រឆាំងនឹង​ជនជាតិ​វៀតណាម ហើយ​ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត​។​

​ គេហទំព័រ CHRC បញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែមីនា ក្នុង​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ពន្ធនាគារ ខេត្តកណ្ដាល ក្រុមការងារ​នៃ​CHRC បាន​ចូលជួប លោក ខៀវ សំផន ដើម្បី​ដឹង​ពី​ស្ថានភាព​របស់លោក​ដែល​កំពុង​រស់នៅក្នុង​ពន្ធនាគារ​។


​ គេហទំព័រ ដដែល​បន្តថា​៖ «​តាម​ការ​ឱ្យដឹងពី​អ្នក​ដែល​នៅ​មើលថែទាំ​គាត់​បាន​ប្រាប់​ក្រុមការងារ​ថា មួយថ្ងៃៗ លោក ខៀវ សំផន ពិសា​បាយ​បាន​ច្រើន ហើយ​គាត់​អាច​រុញ​រទេះ​ដើរ​បាន​ធម្មតា​ដោយ​ខ្លួន​គាត់​តិចៗ​»​។​

​ គេហទំព័រ CHRC​បញ្ជាក់ថា ការចុះពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល​នេះ ធ្វើឡើង​តាម​ការចាត់​តាំងរបស់​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​CHRC ដោយ​ក្រុមការងារ​ដឹកនាំ​ដោយ​លោក ជូ ហេង សមាជិក និង​ជា​អគ្គនាយករង តំណាង​លោកស្រី ឆាំ ម៉ា​រី សមាជិក​CHRC និង​ជា​អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត និង​អប់រំ​សិទ្ធិមនុស្ស​។


​គេហទំព័រ​បន្តថា ការចុះពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​តាម​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​កម្ពុជា គឺជា​បេសកកម្ម​សំខាន់​មួយ​ក្នុងចំណោម​បេសកកម្ម​ដទៃទៀត​របស់​CHRC​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​។​ក្នុងឱកាស​នោះ ក្រុមការងារ​CHRC ក៏បាន​នាំយក​ឱសថ​ចំនួន​៨​មុខ ដែលជា​អំណោយ​របស់លោក កែវ រ៉េមី សម្រាប់​ប្រើប្រាស់​ក្នុង​ពន្ធនាគារ​ផងដែរ​។​

លោក ជិន ម៉ាលីន អនុ​ប្រធាន CHRC ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​យប់​ថ្ងៃទី ២៦ ខែ​មីនា​ថា៖ «បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​ការងារ មើល​ទៅ​ស្ថានភាព​របស់​គាត់​ដូច​ធម្មតា​ទេ គឺ​ទៅ​តាម​វ័យ​របស់​គាត់ ដែល​ជា​វ័យ​ចាស់​ជរា​ហ្នឹង។ គាត់​ពិសាបា​ន។ គាត់​អាច​ធ្វើ​ចលនា ដោយ​មាន​អ្នក​មើល​ថែ​ផ្ទាល់​ខ្លួន​របស់​គាត់​មួយ ហើយ​និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មន្ត្រី​ពន្ធនាគារ ក៏​ដូច​ជា​គ្រូពេទ្យ​ពី​បញ្ហា​សុខភាព​របស់​គាត់»។

​កាលពី​ខែកញ្ញា ឆ្នាំ​២០២២ អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម បានសម្រេច​តម្កល់​សេចក្តីសម្រេច​របស់​អង្គ​ជំនុំ​ជំ​ម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម ដែល​បាន​ផ្តន្ទាទោស​លោក ខៀវ សំផន ដាក់ពន្ធនាគារ​អស់​១​ជីវិត​នេះ ហើយ​បានសម្រេច​បិទផ្លូវ​តវ៉ា និង​បញ្ចប់​សំណុំរឿង​របស់លោក​៕