​ភ្នំពេញៈ អ្នក​អភិរក្ស​សត្វ​ផ្សោត បាន​សម្ដែង​ការគាំទ្រ​យ៉ាងខ្លាំង ចំពោះ​ការណែនាំ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​អាជ្ញាធរ​ផ្តល់​បណ្ណ​ក្រីក្រ​ដល់​ប្រជា​នេសាទ​នៅ​តំបន់​សត្វ​ផ្សោត​ដើម្បី​ធានា​ឱ្យ​សត្វ​ផ្សោត​មាន​និរន្តរភាព ពី​ហានិភ័យ​ដោយ​ការប្រើប្រាស់​ឧបករណ៍​មង​នេសាទ​។​


​ទាក់ទង​នឹង​ការអភិរក្ស​សត្វ​ផ្សោត លោកនាយក​រដ្ឋមន្ត្រី បានលើកឡើង​នា​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ​នៅ​ក្រសួង​​កសិកម្ម កាលពី​ថ្ងៃទី​ ២៤​ មីនា​ថា បើ​គិតតែ​ពី​វិធានការ​រដ្ឋបាល​សុទ្ធ គឺ​អត់​បានទេ ហេតុ​ដូច្នេះហើយ លោក​បាន​ណែនាំ​ឱ្យ​ប្រជា​នេសាទ កុំ​ប្រើប្រាស់​មង​នៅក្នុង​តំបន់​ស្នូល​ទាំងនោះ ប៉ុន្តែ​អាច​ជំនួស​មកវិញ​ថា តើ​ប៉ុន្មាន​គ្រួសារ ដែល​គាត់​ប្រកបមុខរបរ​ហ្នឹង ហើយ​ជួយ​ឱ្យ​គាត់​មាន​មុខរបរ​ផ្សេង​។

​លោក​ ហ៊ុន សែន ថ្លែងថា​៖ «​យើង​អាច​លើកទឹកចិត្ត​ដោយ​ផ្តល់​បណ្ណ​ក្រីក្រ​ជូន​ពួកគាត់​ដើម្បី​ជំនួស​មកវិញ​នូវ​ការថែទាំ​។ រាជរដ្ឋាភិបាល អាច​ផ្តល់​បណ្ណ​ក្រីក្រ​ទៅ​ប្រជា​នេសាទ ដើម្បី​ធានាថា ពួកគាត់​បញ្ឈប់​ការបន្ត​ដាក់មង នៅ​តំបន់​ដែលមាន​ផ្សោត​។ បើ​មិន​ដូច្នេះ សត្វ​ផ្សោត​នឹង​ងាប់​ផុត​ពូជ​អស់​»​។​


​ជុំវិញ​ការជំរុញ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​នេះ លោក អ៊ុក​ វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល បាន​ប្រាប់​នៅ​ថ្ងៃទី ​២៦ ខែមីនា​ថា ការដក​សម្ពាធ​ចេញពី​តំបន់​អន្លង់​ផ្សោត​ទាំង​អស់​ដែល​ធ្វើឱ្យប៉ះពាល់​កន្លែង​ត្រី​មេ​ពូជ និង​ប៉ះពាល់​សត្វ​ផ្សោត ជា​អាទិភាព​ចម្បង​ដែល​រាជ​រដ្ឋា​​ភិ​បាល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​។​

​លោក​បាន​លើកឡើងថា ដោយ​​សារ​នៅតាម​ដង​ទន្លេមេគង្គ ជា​កន្លែង​អន្លង់​ត្រី​មេ​ពូជ​បង្កាត់កូន ដែលមាន​រហូតដល់​ជាង ៩៧ ​អន្លង់ និង​ជា​កន្លែង​ដែលមាន​ផ្សោត​រស់នៅ ដែលជា​សម្បត្តិ​មានជីវិត​របស់​កម្ពុជា​ផងដែរ​នោះ ហេតុនេះហើយ ការដក​សម្ពាធ​ចេញពី​តំបន់​អន្លង់​ទាំង​អស់នោះ គឺជា​រឿង​ល្អ​ដែល​រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​។​


​លោក អ៊ុក វិបុល បាន​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​បាន​ខិត​ខំប្រឹងប្រែង​ធ្វើយ៉ាងណា ដើម្បី​ការប្រើប្រាស់​ការធ្វើ​នេសាទ​ដែល​ដាក់​សម្ពាធ ដោយ​ប្រើ​ប្រាស់​ឧបករណ៍​មួយចំនួន​ធ្វើឱ្យមាន​ការសម្លាប់​សត្វ​ផ្សោត ជាពិសេស​គឺ​មង​នេសាទ​នេះឯង ដែល​បាន​រកឃើញថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១ ៣០០ ​គ្រួ​សារបាន​ប្រើប្រាស់​មង​នេសាទ​ជា​អាជីព ដូច្នេះ​សត្វ​ផ្សោត​ដែល​ត្រូវស្លាប់​កន្លងមក គឺ​ភាគ​ច្រើនជាង ៩០​ ភាគរយ ត្រូវបាន​សម្លាប់​ដោយសារ​មង​នេសាទ​»​។​

​លោក អ៊ុក វិបុល​ បានបញ្ជាក់​ទៀតថា ដោយសារ​បញ្ហា​ប្រឈម​ទាំងអស់នេះ ទើប​រាជ​រដ្ឋា​ភិ​បាល បានផ្ដល់​នូវ​ការងារ​អាទិភាព​មួយចំនួន​រួមមាន​ការផ្ដល់​បណ្ណ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកនេសាទ​នៅ​តំបន់​អភិរក្ស​សត្វ​ផ្សោត និង​មួយទៀត ការរៀបចំ​ផ្លាស់ប្ដូរ​មុខរបរ​របស់​ប្រជា​នេសាទ ទៅ​ប្រកបមុខរបរ​ផ្សេងទៀត ដើម្បី​ធានាបាន​ថា សត្វ​ផ្សោត​នឹង​លែង​បន្ត​ងាប់​តទៅ​ទៀតហើយ​ប្រជាពលរដ្ឋ នឹងចូលរួម​បញ្ឈប់​ការបន្ត​ដាក់មង​នេសាទ​ជាដើម​។​

​លោក អ៊ុក វិបុល បញ្ជាក់ថា៖ «​អ៊ីចឹង​ហើយ ខ្ញុំ​គាំទ្រ​ប្រសា​សន៍​របស់​សម្ដេច ដែលជា​រឿង​ល្អ សម្រាប់​លើកទឹកចិត្ត ក្នុងការ​ផ្ដល់​បណ្ណ​ក្រីក្រ ដល់​ប្រជា​នេសាទ ហើយ​មួយទៀត ការ​​ផ្លាស់ប្ដូរ​មុខរបរ​គាត់​ពី​ការ​នេ​សាទ ទៅ​មុខរបរ​ផ្សេងទៀត ដែល​គាត់​អាច​ចិញ្ចឹមជីវិត​បាន​។ ហេតុនេះ​អាទិភាព​ទាំង​ ២​ នេះ ទោះបី​បរាជ័យ ឬ​ជោគជ័យ គឺ​យើង​ត្រូវតែ​សាកល្បង​ធ្វើ​វា ដើម្បី​អាច​នឹង​ធានាបាន​ថា វា​ធ្វើឱ្យ​កាត់បន្ថយ​ការនេសាទ​ខុសច្បាប់ ដែល​ប៉ះពាល់​ទៅដល់​ផ្សោត​»​។​

​លោក​បាន​បន្ថែមថា ជំនួស​ឱ្យ​ការប្រកបមុខរបរ​នេសាទ​ដែលជា​ប្រភព​ចំណូល​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​សត្វ​ផ្សោត ដូច្នេះ​អាទិភាព​ទាំង​ ២​ ចំណុច​នេះ (​ការផ្ដល់​បណ្ណ​​ក្រីក្រ និង​ការផ្លាស់ប្ដូរ​មុខរបរ​) វា​ប្រាកដជា​អាច​កាត់បន្ថយ​ការប្រើប្រាស់​មង​នេសាទ​មានការ​ថយចុះ​ជាក់​ជាមិនខាន ហើយ​សត្វ​ផ្សោត នឹងមាន​សុវត្ថិភាព លែងមាន​ហានិភ័យ​ស្លាប់​ដោយសារ​មង​នេសាទ​ជា​បន្តទៅទៀត​។​

​ជាមួយគ្នានេះ នាយក​ប្រតិ​ប​ត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) លោក សេង​ទៀក បាន​ថ្លែងថា ការរៀបចំ​ផ្ដល់​បណ្ណ​ក្រីក្រ​ជូន​ប្រជា​នេសាទ​នៅ​តំបន់​សត្វ​ផ្សោត គឺជា​ការ​ផ្ដល់​ជម្រើស​ចិញ្ចឹមជីវិត​ថ្មី​ដល់​ប្រជា​សហគមន៍ ដែលជា​អ្នក​នេសាទ ហើយ​ជា​រឿង​សំខាន់​ខ្លាំងណាស់ ក្នុង​ការជួយ​ទៅលើ​ការងារ​អភិរក្ស និង​ការគ្រប់គ្រង​សត្វ​ផ្សោត​នៅតាម​ដង​ទន្លេមេគង្គ ឱ្យនៅ​បន្ត​មាន​និរន្តរភាព​។​

​ទោះជា​យ៉ាងណា លោក​ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរ​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​អំពី​ស្ថានភាព​គ្រួសារ មុខរបរ និង​ប្រភព​ចំណូល​ដើម្បី​ធានាថា គ្រួសារ​អ្នកនេសាទ​ទាំង​នោះ ពិតជា​ក្រីក្រ និង​ពឹង​អា​ស្រ័យ​តែ​ពី​ការនេសាទ​ត្រី ក្នុង​តំបន់​អភិរក្ស​ផ្សោត សម្រាប់​ចិញ្ចឹម​គ្រួសារ​ពិតប្រាកដ​មែន​។

​ម្យ៉ាងវិញទៀត លោក សេង​ ទៀក ក៏បាន​បញ្ជាក់ដែរថា អាជ្ញាធរ​ក៏​គួរតែមាន​យន្តការ​តាមដាន​មើល​បន្ទាប់ពី​ការផ្តល់​បណ្ណ​ក្រីក្រ និង​របរ​ថ្មី​ឱ្យ​ពួកគាត់​រួចហើយថា ​តើ​ពួកគាត់​បាន​បោះបង់​ការនេសាទ​ខុសច្បាប់ នៅក្នុង​ដែន​អភិរក្ស​ផ្សោត​ដែរឬទេ​? ដោយសារ​ការផ្ដល់​បណ្ណ​​ក្រីក្រ​នេះ វា​នឹង​ជួយ​ជា​វិភាគ​​ទាន​ដ៏​ធំ​មួយ​សម្រាប់​ការអភិរក្ស​សត្វ​ផ្សោត និង​ការ​គ្រប់​គ្រង​ផ្សោត​របស់​កម្ពុជា​នៅ​ទន្លេ​​មេគង្គ​នេះ​៕