ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល​បានឱ្យដឹងថា វ៉ាក់សាំង​កូ​វីដ ​១៩ ប្រភេទ Pfizer សម្រាប់​ចាក់​ដល់​មនុស្ស​អាយុ​ចាប់ពី ១២ ​ឆ្នាំ ទ្បើង នឹងត្រូវ​ដឹក​មកដល់​ប្រទេស​កម្ពុជា នា​យប់​ថ្ងៃទី ​២៧ ខែមីនា ឆ្នាំ​ ២០២៣ ​នេះ តាមរយៈ​យន្តការ​កូ​វ៉ា​ក់ (COVAX)​។​


​ បើតាម​ការ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ដដែល​នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រ សួងសុខាភិបាល ថា វ៉ាក់សាំង​កូ​វីដ​១៩​​នឹង​ដឹក​មកដល់​នៅ​យប់​ថ្ងៃទី​២៧ នេះ ។​

​លោកស្រី​បាន​ថ្លែងថា ៖ «​វ៉ាក់សាំង​កូ​វីដ​១៩ ជិត​៥០ ម៉ឺន​ដូ​ស​ជា​ប្រភេទ​Pfizer តាមរយៈ​យន្តការ​កូ​វ៉ា​ក់​នឹងត្រូវ​ដឹក​មកដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​យប់​នេះ​ម៉ោង​ប្រមាណ​ជា​១១»​។​


​ លោក មាស ប៊ុនលី មន្ត្រី​ជំនាញ​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​យូ​នី​សេ​ហ្វ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមីនា ថា វ៉ាក់សាំង​ដែល​មកដល់​នា​យប់​នេះ ជា​របស់​យន្តការ​កូ​វ៉ា​ក់ ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ស្លូ​វ៉ា​គី (Slovakia) និង​ហ្វាំ​ង​ទ្ប​ង់ (Finland)​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា ៖ «​វ៉ាក់សាំង​នេះ​មាន​ចំនួន ៤៩៨ ២៤០​ដូ​ស ដែលជា​ប្រភេទ Pfizer សម្រាប់​ចាក់​ដល់​មនុស្ស​អាយុ​ចាប់ពី ១២​ឆ្នាំទ្បើង​»​។​


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២២ ខែមីនា កន្លងទៅនេះ​បានថ្លែងថា រាជរដ្ឋាភិបាលបាន​ប្រើប្រាស់​នូវ​យន្តការ​ផ្កា​រីក​ក្នុង​ការចាក់​ស្រោច​វ៉ាក់សាំង​កូ​វីដ​១៩​ទៅដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បង្ការ​ពី​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ​១៩ រហូត​ទទួលបាន​ជោគជ័យ​លើ​សមរភូមិ​កូ​វីដ និង​បាន​បើក​ប្រទេស​ឡើងវិញ​រហូតមក​ដល់ពេលនេះ​។​

​ លោក​បានថ្លែង​ថា៖ «​ទោះបី​យើង​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ក៏​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន សុំ​បន្ត​ការអនុវត្ត​តាម​សារាចរ​ណែនាំ​ពី​វិធី​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដោយ​យើង​មិនត្រូវ​ភ្លេចខ្លួន និង​ធ្វេសប្រហែស មើលស្រាល​ដល់​ជំងឺ​ដ៏​កាច​សាហាវ​នេះឡើយ​»​។​

​លោក ហ៊ុន សែន បាន​បន្តទៀតថា ៖ «​បើទោះជា​មានការ​ថមថយ ធូរស្រាល​ហើយក៏​ដោយ​គឺ​ត្រូវ​រួមគ្នា​ការពារ​ជាប់​ជានិច្ច ដោយ​សូម​បងប្អូន​បន្ត​អនុវត្តតាម​វិធានការ ការពារ ខ្លួនជាប់​ជាប្រចាំ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​សូម​អញ្ជើញ​បងប្អូន​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ​ទី​៤ ទី​៥ និង​ដូ​ស​ទី​៦ ដើម្បី​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​បងប្អូន គ្រួសារ​បងប្អូន និង​ជាតិ​របស់​យើង ឱ្យបាន​គ្រប់ៗ​គ្នា​»​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៣ លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាននាក់ មាន ៩៥,៥០%​។

​ក្រសួង​បាន​បន្តថា អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​មាន​ចំនួន​ជាង ១០,៥​លាន​នាក់ អត្រា​ចាក់​ដូ​ស​ទី​៤ មាន​ចំនួន​ជាង ៥​លាន​នាក់ អត្រា​នៃ​ការចាក់​ដូ​ស​ទី​៥ មាន​ចំនួន​ជាង ១,៧ លាន​នាក់ និង​អត្រា​នៃ​ការចាក់​វា់ក់​សាំង​កូ​វីដ​១៩​ដូ​ស​ទី​៦ មាន​ចំនួន​ជាង​៣៣ម៉ឺន​នាក់​។​

​ ជាមួយគ្នានេះដែរ ទាក់ទង​នឹង​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ គិត​ត្រឹម​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៣ ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​មាន​ចំនួន​១៣៨ ៧២៣​នាក់ ចំណែក​ករណី​ជាសះស្បើយ​សរុប​១៣៥ ៦៦៥​នាក់ និង​ករណី​ស្លាប់​សរុប​ចំនួន ៣ ០៥៦​នាក់​៕