កម្ពុជាស្នើបារាំងបញ្ជូនអ្នកអង្កេតការណ៍ មកចូលរួមសង្កេតការណ៍បោះឆ្នោត នាខែកក្កដា ខាងមុខ

ភ្នំពេញៈ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី បានស្នើឯកអគ្គរដ្ឋទូតបារំាងថ្មី ប្រចាំនៅកម្ពុជា បញ្ជូនអ្នកអង្កេតការណ៍បារាំង មកជួយពិនិត្យ និងអង្កេតលើការបោះឆ្នោតជាតិនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខ។
ការស្នើនេះត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ រវាងលោក ហោ ណាំហុង និងលោក ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន (Mr. PELLET Jacques Paul Gaston) ឯកអគ្គរដ្ឋទូតបារំាងថ្មីប្រចាំនៅកម្ពុជា។
នាឱកាសនោះដែរ លោកក៏បានលើកឡើងផងដែរថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពនិយាយភាសាអង់គ្លេសក៏ដោយ តែកម្ពុជានៅតែជាសមាជិកជិតស្និទ្ធក្នុងអង្គការហ្រ្វង់កូហ្វូនី និយាយភាសាបារាំង តាំងពីការបង្កើតអង្គការនេះមក។
លោក ហោ ណាំហុង បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ៖ « [លោក] ស្នើឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ជូនអ្នកអង្កេតការណ៍បារាំង មកពិនិត្យមើលការបោះឆ្នោតនៅកម្ពុជា សម្រាប់នៅខែកក្កដាខាងមុខនេះ»។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបារំាងថ្មីប្រចាំនៅកម្ពុជា លោក ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន បានឱ្យដឹងថា នឹងមានក្រុមអ្នកអង្កេតការណ៍អឺរ៉ុប ដែលអាចមកមុន៣ខែ ដើម្បីសង្កេតមើល។
លោក ហោ ណាំហុង បានថ្លែងដែរថា នៅឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃឯករាជ្យកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ ដែលសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានទទួលពីបារាំង។
លោកបានបញ្ជាក់ថា ៖ «គួរតែស្ថានទូត សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំខួបអនុស្សាវរីយ៍នេះឱ្យបានល្អសមស្រប នឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំង២»។
សូមរំឭកផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រារព្ធទិវាអន្តរជាតិ ហ្វ្រង់កូហ្វូនី ២០២៣ ក្រោមប្រធានបទ «៣២១លាន នៃអ្នកនិយាយភាសាបារាំង រាប់ពាន់លាននៃអត្ថន័យវប្បធម៌» នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា កន្លងមកនេះ។
ការប្រារព្ធពិធីរួមគ្នានេះដើម្បីរំឭកដល់ទិវាអន្តរជាតិ នៃឡាហ្វ្រង់កូហ្វូនី ហើយព្រឹត្តិការណ៍នេះ ជាចំណុចកំពូលនៃការងារសមូហភាពដ៏សន្ធឹកសន្ធាប់ ដែលធ្វើឡើងដោយគណៈកម្មាធិការរៀបចំ និងដៃគូដែលនិយាយភាសាបារាំងទាំងអស់។
ជាមួយគ្នានោះ លោក ហោ ណាំហុង ក៏បានលើកឡើង និងថ្លែងអំណរគុណ ដល់ប្រទេសបារំាង ដែលជាប្រទេសទី១នៅអឺរ៉ុបដែលបានទិញអង្ករពីកម្ពុជាច្រើន ហើយពាណិជ្ជកម្មរវាងប្រទេសទាំង២ បានដំណើរការ យ៉ាងសកម្មជិត ៦០០លានដុល្លារក្នុងឆ្នាំ២០២២។
នាជំនួបជាមួយនឹងឯកអគ្គរដ្ឋទូតបារំាងនេះដែរ លោក ហោ ណាំហុង ក៏បានធ្វើការវាយតម្លៃខ្ពស់ ពីការរួមចំណែករបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារំាង លើវិស័យអាទិភាពសំខាន់ៗ ដូចជា ការអភិវឌ្ឍវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្ត និងការគំាទ្រគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាដើម។
សូមបញ្ជាក់ថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕