អង្គការភ្លែន និងដៃគូ ផ្សព្វផ្សាយគម្រោងបញ្ឈប់ការរៀបការវ័យក្មេង
ភ្នំពេញៈ អង្គការភ្លែនអន្តរជាតិកម្ពុជា រួមជាមួយអង្គការដៃគូ និងមន្ត្រីក្រសួងកិច្ចការនារី កាលពីថ្ងៃម្សិលមិញបានចូលរួមប្រកាសគម្រោង «ដល់ពេលត្រូវធ្វើសកម្មភាព» ដែលជាគម្រោងលើកដំបូង ចាប់ផ្ដើមនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដើម្បីផ្សព្វផ្សាយការគាំទ្រដល់ក្មេងស្រី និងក្មេងប្រុសវ័យជំទង់ឱ្យបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងអភិវឌ្ឍធនធាននេះឱ្យក្លាយជាមនុស្សពេញវ័យប្រកបដោយសក្តានុពល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានថ្លែងថា ការលើកកម្ពស់សិទ្ធិកុមារ និងកិច្ចការពារកុមារ ជាពិសេសការចូលរួមបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ និងអភិវឌ្ឍខ្លួនក្លាយជាមនុស្សពេញវ័យ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីថ្លែងថា៖ «គម្រោងនេះ នឹងបង្កើនចំនួនក្មេងស្រីវ័យជំទង់ដែលប្រឈមនឹងហានិភ័យនៃការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារដោយបង្ខំ ការបោះបង់ការសិក្សា ឬការនៅក្រៅសាលា ដើម្បីឱ្យពួកគាត់អាចបញ្ចប់ការសិក្សានិងបន្តទៅថ្នាក់មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិប្រកបដោយ គុណភាពតាមរយៈការផ្តល់ឱកាស ការគាំទ្រផ្នែកសេដ្ឋកិច្ច និងសហគ្រិនភាព ព្រមទាំងមានលទ្ធភាព ក្នុងការអនុវត្តបានពេញលេញនូវសិទ្ធិទទួលបានការការពាររបស់ខ្លួន»។
លោកស្រីថ្លែងថា៖ «នៅពេលទទួលបានឱកាស ជម្រើស ឯករាជភាព និងការពង្រឹងសិទ្ធិអំណាច នោះក្មេងស្រីវ័យជំទង់ អាចអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការការពារពីការរំលោភបំពានផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការចូលរួមយ៉ាងសកម្មក្នុងវិធានការទប់ស្កាត់នានា នៅក្នុងសហគមន៍»។
លោកស្រីបានបន្តថា រដ្ឋាភិបាលបានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌច្បាប់ គោលនយោបាយ ផែនការ សកម្មភាពជាតិ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីធានាឱ្យមានភាពល្អប្រសើរឡើងនូវបរិយាកាសរៀនសូត្រល្អក្នុងសាលារៀន ដើម្បីកាត់បន្ថយហានិភ័យនៃការបោះបង់ការសិក្សា និងការក្លាយជាជនរងគ្រោះនៃការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារដោយបង្ខំ។
សេចក្តីប្រកាសព័ត៌មានដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២៧ ខែមីនា បានឱ្យដឹងថា គម្រោងដែលផ្តល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) និងអង្គការភ្លែនអន្តរជាតិអាល្លឺម៉ង់ ត្រូវបានអនុវត្តរយៈពេល ៣ ឆ្នាំ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។
សេចក្តីប្រកាសបានអះអាងថា គម្រោងនេះមានគោលបំណងគាំទ្រដល់ក្មេងស្រី និងក្មេងប្រុសវ័យជំទង់ចំនួន ៦ ០០០ នាក់ ដើម្បីបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងអភិវឌ្ឍខ្លួនក្លាយជាមនុស្សពេញវ័យប្រកបដោយសក្តានុពលនៅក្នុងតំបន់ជួបការលំបាក និងដាច់ស្រយាលនៃភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
សេចក្តីប្រកាសបានបញ្ជាក់ថា៖ «គម្រោងនេះ ធ្វើការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ២ រួមមានអង្គការវឌ្ឍនភាព (WP) និងសមាគមយុវជនខ្មែរ (KYA) នៅក្នុងឃុំគោលដៅចំនួន ១៦។ យើងរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រីចំនួន ៥ ៣២៧ នាក់ និងក្មេងស្រីចំនួន ៣ ៣៦១ នាក់ តាមរយៈការកែលម្អបរិយាកាសរៀនសូត្រក្នុងសាលារៀន ដើម្បីកាត់បន្ថយហានិភ័យនៃការបោះបង់ការសិក្សា និងអាពាហ៍ពិពាហ៍នៅវ័យក្មេង»។
លោកស្រី Gwynneth Wong នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និយាយក្នុងសេចក្ដីប្រកាសព័ត៌មានថា អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការបោះបង់ការសិក្សានៅតែជាបញ្ហាដែលបង្អាក់ការអភិវឌ្ឍរបស់ក្មេងស្រីជំទង់។ លោកស្រីបានបន្តថា កុមារី ជាពិសេសនៅតំបន់ជនបទប្រឈមមុខនឹងហានិភ័យមិនត្រឹមតែចំពោះសុខភាព រាងកាយ និងការមានផ្ទៃពោះវ័យក្មេងប៉ុណ្ណោះទេ ថែមទាំងមានអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាផ្អែកលើយេនឌ័រ ព្រមទាំងការប្រឈមកាន់តែខ្លាំងឡើងចំពោះការពង្រឹងសេដ្ឋកិច្ចរបស់ពួកគេ។
លោកស្រីបានបញ្ជាក់ថា៖ «ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង គឺជាការអនុវត្តដ៏គ្រោះថ្នាក់ និងជាបញ្ហាសិទ្ធិមនុស្សដែលប៉ះពាល់ដល់ក្មេងស្រី។ ក្មេងស្រីដែលប្រឈមនឹងគ្រោះថ្នាក់ច្រើនបំផុតមកពីគ្រួសារក្រីក្រ ជាក្រុមជនងាយរងគ្រោះ និងរស់នៅតាមតំបន់ជនបទ។ អាពាហ៍ពិពាហ៍កុមារ ជាញឹកញាប់នាំឱ្យមានផលវិបាកអវិជ្ជមានធ្ងន់ធ្ងរដោយបដិសេធកុមារីរាប់លាននាក់ជុំវិញពិភពលោកនូវឱកាសដើម្បីបំពេញសក្តានុពលរបស់ពួកគេ»។
យោងតាមការសិក្សាស្រាវជ្រាវនៃយុទ្ធសាស្ត្រប្រចាំប្រទេសទី ៤ ដោយអង្គការភ្លែនអន្តរជាតិកម្ពុជា (ខែតុលា ឆ្នាំ ២០២០) អត្រាអាពាហ៍ពិពាហ៍នៅវ័យក្មេងមានប្រមាណ ៤៨ ភាគរយមុនអាយុ ១៨ ឆ្នាំ (៨ ភាគរយ មុនអាយុ ១៥ ឆ្នាំ) នៅខេត្តរតនគិរី និង ២៥ ភាគរយ មុនអាយុ ១៨ ឆ្នាំ នៅខេត្តស្ទឹងត្រែង។
កញ្ញា លេខ ការី ជាកូនស្រីជនជាតិភាគតិចគ្រឹងក្នុងខេត្តរតនគិរី ដែលជម្នះប្រពៃណីរៀបការវ័យក្មេងបាននិយាយថា ការបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង គឺចាំបាច់ណាស់ ត្រូវការគាំទ្រពីភាគីពាក់ព័ន្ធ ដែលកញ្ញា បង្ហាញក្តីពេញចិត្តនៅពេលគម្រោងថ្មីនេះ បានចូលរួមគាំទ្រដល់ក្មេងវ័យជំទង់នៅតំបន់ភាគឦសាន។
កញ្ញាបានរៀបរាប់ថា៖ «ក្នុងនាមខ្ញុំជាទូតសុច្ឆន្ទៈរបស់អង្គការភ្លែនក្នុងកិច្ចការងារនេះ ខ្ញុំមានតួនាទី ក្នុងការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ក្មេងស្រីគ្រប់គ្នា ឱ្យមានសេចក្តីក្លាហាន និងភាពជាគំរូ។ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង គឺជាទម្លាប់ដ៏យូរលង់ណាស់មកហើយ ដែលត្រូវការពេលវេលា ដើម្បីធ្វើការផ្លាស់ប្តូរ។ ខ្ញុំសប្បាយចិត្តមែនទែន នៅពេលគេដាក់គម្រោងថ្មីនេះ»។
លោក យី គឹនថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវឯករាជភាពសេដ្ឋកិច្ចសម្រាប់ស្ត្រីដែលធ្លាប់ឆ្លងកាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង តាមរយៈការផ្តល់ការបណ្តុះបណ្តាលជំនាញ និងផ្សារភ្ជាប់ពួកគេទៅនឹងឱកាសអាជីវកម្ម។
លោកអះអាងថា ភាគីពាក់ព័ន្ធថ្នាក់ឃុំ នឹងចូលរួមជាមួយ «ដល់ពេលត្រូវធ្វើសកម្មភាព» ដើម្បីធានាថា ក្មេងស្រី ក្មេងប្រុសវ័យជំទង់ដែលរៀបការវ័យក្មេង និងឪពុកម្តាយអាចប្រើប្រាស់បានយ៉ាងងាយស្រួលនូវសេវា ដើម្បីការពារ និងរាយការណ៍ពីបញ្ហាណាមួយតាមរយៈបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ក្នុងស្រុកក្នុង ១៦ ឃុំគោលដៅ។
លោកបានបញ្ជាក់ថា៖ «គម្រោង គឺជាផ្នែកមួយនៃកម្មវិធីរៀនពេញមួយជីវិត និងកម្មវិធីកិច្ចការពារជំនាន់ថ្មី ដែលជាកម្មវិធីសំខាន់ចំនួន ២ ក្នុងចំណោមកម្មវិធីសំខាន់ៗចំនួន ៤ របស់អង្គការភ្លែនអន្តរជាតិកម្ពុជា ជាមួយនឹងចក្ខុវិស័យក្នុងការធ្វើជាដៃគូយុទ្ធសាស្ត្រ ផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីចំនួន ២,៥ លាននាក់ ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការអប់រំ ការការពារកុមារ សុខភាពបន្តពូជផ្លូវភេទ និងសិទ្ធិ (SRHR) ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងសមភាពយេនឌ័រ»។
ជាមួយនឹងការអនុវត្តគម្រោង លោក យី គឹនថាន អំពាវនាវឱ្យភាគីពាក់ព័ន្ធចូលរួមក្នុងគម្រោងនេះ ដើម្បីបង្កើនសំឡេង និងគាំទ្រដល់ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការ ដើម្បីអនុវត្តសិទ្ធិ និងឈានដល់សក្តានុពលពេញលេញរបស់ពួកគេ៕