ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ​បាន​ចងក្រង​សំណុំរឿង​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​ការកាប់​រាន​ដីព្រៃ​ចំនួន ៨៤១ ​ករណី សម្រាប់​ឆ្នាំ ​២០២២ ក្នុងនោះ ពិន័យ​អន្តរការណ៍​ចំនួន​ ២៥០​ ករណី និង​បញ្ជូនទៅ​តុលាការ​ចំនួន ៥៩១​ ករណី​។​


​នេះ​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ប្រចាំឆ្នាំ​ ២០២២ និង​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០២៣ របស់​ក្រសួង​កសិកម្ម​។ របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា ក្រសួងកសិកម្ម​បានធ្វើ​កិច្ច​​សន្យា​បញ្ឈប់​សកម្មភាព និង​ដកហូត លែង ឬ​បំផ្លាញចោល​សត្វព្រៃ និង​សំណាក​សត្វព្រៃ​សរុប​ចំនួន​ ៤២៤​ ករណី​។ ទន្ទឹមនេះ ក្រសួង​បានធ្វើ​បច្ចុប្បន្នភាព​សំណុំរឿង​បទល្មើស​ព្រៃឈើ និង​សត្វ​ព្រៃ ដោយ​ការបង់ប្រាក់​ពិន័យ​ទៅ​តុលាការ​ចំនួន​ ២៧ ​ករណី​ផងដែរ​។

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២២ និង​លើក​​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​ក្រសួង​កសិកម្ម ធ្វើឡើង​នៅ​ថ្ងៃទី​ ២៤ ខែមីនា​ថា ក្រសួងកសិកម្ម​នឹង​បន្ត​សហការ​ល្អជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​បង្កើន​ការ​ការ​ពារ​ទប់ស្កាត់​ប្រឆាំងនឹង​ការ​ឈូស​ឆាយ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​។

​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​អះអាងថា ក្រសួងកសិកម្ម​នឹង​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​ដើម្បី​ការពារ​ធនធាន​ព្រៃឈើ និង​ដី​របស់​រដ្ឋ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ដោយ​ធ្វើការ​បែងចែក​ឱ្យដាច់​ពីគ្នា​រវាង​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី និង​ជនខិលខូច​ដែល​ទន្ទ្រាន​ដី​រដ្ឋ​។

​លោក​ ឌិ​ត ទីណា បាន​បញ្ជាក់ថា​៖ «​អ្នក​គ្មាន​ដី​នឹង​ទទួលបាន​នូវ​ដីស​ម្ប​ទាន​សង្គមកិច្ច ហើយ​ជនខិលខូច​ដែល​ទន្ទ្រាន​ដី​រដ្ឋ​នឹងត្រូវ​ប្រឈមមុខ​ចំពោះ​ច្បាប់​តាមរយៈ​យន្តការរដ្ឋបាល​ក្តី តាមរយៈ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្តី និង​យន្តការ​តុលា​ការ​។ ក្រសួង​ចង់​លុបបំបាត់​ពាក្យ​និយាយ​តៗ​គ្នា​ថា ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​មកជា​ពាក្យ​ថា អ្នក​សុចរិត​បាន​ដី ឯ​អ្នក​ខិលខូច​ទទួលទោស​»​។


​របាយការណ៍​របស់​ក្រសួងកសិកម្ម បានឱ្យដឹង​ផងដែរ​ថា បញ្ហា​ប្រឈម​មួយចំនួន​នៅ​បន្ត​កើតមាន​នៅក្នុង​ផ្នែក​ព្រៃឈើ ដោយសារ​កំណើន​ប្រជា​ពលរដ្ឋ ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច​កសិកម្ម និង​កំណើន​នៃ​តម្រូវការ​ដី​សម្រាប់ធ្វើ​កសិកម្ម គឺជា​ហេតុផល​ចម្បង​ដែលនាំឱ្យ​មានការ​ធ្លាក់ចុះ​ផ្ទៃដី​គ្របដណ្តប់​ដោយ​ព្រៃឈើ និង​ការ​កើនឡើង​បទល្មើស​កាប់​រានទន្ទ្រាន​យក​ដី​ព្រៃឈើ​។

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ជាមួយគ្នា​នោះ​តុល្យភាព​រវាង​ការអនុវត្ត​ច្បាប់ និង​ផលប្រយោជន៍​ប្រជាជន​ពី​ការពឹង​អាស្រ័យ​លើ​ព្រៃឈើ នៅតែ​ជា​វិញ្ញាសា​មួយ​ដ៏​ស្មុគ​ស្មាញ​ដែល​ទាមទារ​ឱ្យមាន​ការគិតគូរ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដល់​ការបង្កើន​លទ្ធភាព​ផ្តល់​ការគាំទ្រ និង​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចាប់យក​មុខរបរ​ក​សិ​​រុក្ខកម្ម ឬ​មុខរបរ​ផ្សេង ព្រមទាំង​ការជំរុញ​ឧស្សាហកម្ម​ឈើ​ដាំ និង​ការ​សម្រួលការ​នាំចូល​ឈើ ដើម្បី​កាត់បន្ថយ​សម្ពាធ​មកលើ​ធនធាន​ព្រៃឈើ​។

​ជា​ទិសដៅ​បន្ត​ក្រសួងកសិកម្ម​មាន​គោលដៅ​សម្រេច​ឱ្យបាន​បរិមាណ​ប្រមូល​ផល​ឈើ​ដាំ​ចំនួន ២៧៥ ០០០ ​ម៉ែត្រត្រីគុណ និង​កំណត់​ព្រំប្រទល់​ដីព្រៃ​ឈើ​ដើម្បី​ចុះបញ្ជី​ដី​រដ្ឋ ​(​ដី​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ ស​ម្ប​ទាន​ដី​សេដ្ឋកិច្ច សហគមន៍​ព្រៃឈើ ព្រៃ​បម្រុង​ទុក​អចិ​ន្រៃ្ត​យ៍​។​ល​។​)​ ចំនួន ២០ ០០០​ ហិកតា​។ នេះ​បើ​យោងតាម​របាយការណ៍​ដ​ដែល​។​

​ដើម្បី​សម្រេច​គោលដៅ​នេះ ក្រសួង​បានកំណត់​ផែនការ​សកម្មភាព​ដូចជា ដាំ​ឈើ​លើ​ផ្ទៃដី​ចំនួន ៥ ០០០​ ហិកតា បណ្តុះ​កូនឈើ​ចែកចាយ​ឱ្យបាន​ចំនួន ៥ ០០០ ០០០ ​ដើម​។ ជំរុញ​បញ្ចប់​សេចក្តីព្រាងច្បាប់​ស្តីពី​ព្រៃឈើ​,​រៀប​​ចំ​ផែនការ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ព្រៃឈើ​ចំនួន ១០ ​សហគមន៍​។ ត្រួតពិនិត្យ និង​ផ្តល់​លិខិតអនុញ្ញាត​ដល់ទី​តាំង​ថែរក្សា និង​ចិញ្ចឹម​សត្វព្រៃ​ចំនួន ១០០ ទីតាំង ព្រមទាំង​សង្គ្រោះ និង​ដោះលែង​សត្វព្រៃ​ឱ្យបាន​ចំនួន ២ ០០០​ ក្បាល និង​រៀបចំ​ផែនការ​សកម្មភាព​អនុវិស័យ​ព្រៃឈើ និង​សត្វព្រៃ នៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​ ៤ ​នៅ​ភាគ​ពាយព្យ​ជាដើម​៕