ភ្នំពេញៈ កាលពីថ្ងៃទី២៧ ខែមីនា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារដល់ក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោងចក្រសហគ្រាស និងបានណែនាំឱ្យ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មនៅកម្ពុជា គិតគូរឡើងវិញពីសុវត្ថិភាពកម្មករនិយោជិតនៅកន្លែងការងារ ជាពិសេសពាក់ព័ន្ធបញ្ហាអគ្គិភ័យ។


លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា សិក្ខាសាលានេះ បានឆ្លុះបញ្ចាំងអំពីតម្រូវការចាំបាច់ និងការពិនិត្យមើលឡើងវិញនូវវិធានការដែលរោងចក្រ សហគ្រាសបានអនុវត្តកន្លងមក ដោយបំពេញចំណុចខ្វះខាត ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គិភ័យ អគ្គិសនី និងការងារក្តៅ ដែលវាអាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងដំណើរការអាជីវកម្ម ប្រសិនបើមានការធ្វេសប្រហែស ដោយសារសកម្មភាពរបស់មនុស្ស និងស្ថានភាពនៅកន្លែងធ្វើការដែលមិនមានសុវត្ថិភាព។

លោកបានគូសបញ្ជាក់ថា៖« ដើម្បីសម្រេចបាននូវការកសាងវប្បធម៌នៃការបង្ការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ វាជាទស្សនវិស័យដ៏វែងឆ្ងាយ ដែលទាមទារការចូលរួមយ៉ាងសកម្ម និងការបេ្តជ្ញាចិត្តរបស់គ្រប់ភាគីទាំងអស់ រួមមានរាជរដ្ឋាភិបាល អង្គការនិយោជក អង្គការកម្មករនិយោជិត អ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីប្រែក្លាយការបង្ការសុវត្ថិភាព និងសុខភាពការងារទៅជាវប្បធម៌នៅកន្លែងធ្វើការ និងការរស់នៅប្រចាំថ្ងៃ»។


លោករដ្ឋលេខាធិការ បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យនិងធ្វើតេស្តសាកល្បងប្រព័ន្ធនិងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់ភ្លើង ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្តឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។

ម្យ៉ាងវិញទៀត លោកបន្ថែមថា ត្រូវត្រួតពិនិត្យច្រកអាសន្នដែលអាចចេញដោយសុវត្ថិភាព គ្មានឧបសគ្គ និងមិនចាក់សោ ព្រមទាំងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី និងរៀបចំឱ្យមានការឆ្លើយតបនៅពេលមានអាសន្ន ជាពិសេសចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់សារធាតុងាយឆាបឆេះ និងរក្សាទុកដាក់សារធាតុទាំងនោះឱ្យនៅដាច់ដោយឡែក និង៤-បង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ដែលជាមូលហេតុឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែងធ្វើការ។


បើតាមលោក ឡេង តុង ទីប្រឹក្សាអមប្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ ឱ្យដឹងថា គ្រោះថ្នាក់អគ្គិភ័យ អាចក្លាយជាមហន្តរាយធ្ងន់ធ្ងរ ដល់និយោជក និងកម្មករនិយោជិត ប្រសិនបើយើងមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងមានវិធានការបង្ការច្បាស់លាស់ទុកជាមុន។

លោកបានបញ្ជាក់ថា៖«បញ្ហានេះ វាផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ “ផលប៉ះពាល់ Domino” នៅពេលអគ្គិភ័យបង្កឱ្យមានការផ្ទុះ និងដួលរលំអគារកើតឡើងដែលបណ្តាលឱ្យក្លាយជាសោកនាដកម្មកើតឡើង។ អគ្គិភ័យ បានធ្វើឱ្យមានផ្សែង និងឧស្ម័នពុលដែលបង្កមានគ្រោះថ្នាក់ដល់មនុស្សនៅពេលស្រូបចូល ព្រមទាំងបាត់បង់ស្មារតី និងមិនអាចជម្លៀសខ្លួនចេញពីអគារឱ្យបានទាន់ពេលវេលា ដែលនេះវាក្លាយជាសោកនាដកម្មធ្ងន់ធ្ងរ»។

លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានប្រាប់ថា សមាគមតែងតែផ្សព្វផ្សាយជាប្រចាំដល់សមាជិកនីមួយៗ ឱ្យមានការប្រុងប្រយ័ត្ន លើបញ្ហាអគ្គិភ័យនេះ ដោយសារតែរោងចក្រស្បែកជើងសម្បូរវត្ថុធាតុដើមងាយឆេះ ជាពិសេសនៅរដូវក្តៅនេះ ដែលឧស្សាហ៍មានអគ្គិភ័យកើតឡើង។

លោកបានបញ្ជាក់ថា៖«គ្រោះអគ្គិភ័យ គឺគ្រោះមហន្តរាយមួយដ៏ធំ ដែលសមាគម តែងតែផ្សព្វផ្សាយឱ្យសមាជិកទាំងអស់មានការប្រុងប្រយ័ត្ន។ជាពិសេសយើងតែងតែជំរុញឱ្យរោងចក្រប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ខ្នាតសម្រាប់រោងចក្រ សម្រាប់ទប់ស្កាត់បានទាន់ពេលវេលានៅពេលមានអគ្គិភ័យកើតឡើង។យើងក៏តែងតែណែនាំដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ឱ្យមានការយកចិត្តទុកដាក់លើសុខុមាលភាពរបស់កម្មករនិយោជិតយើងដែរ ចៀសវាងបញ្ហាដួលសន្លប់ ដោយសារកង្វះបរិយាកាសល្អសម្រាប់ក្នុងរោងចក្រ»៕