ភ្នំពេញៈ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានធ្វើដំណើរទៅកាន់ទឹកដីប្រទេសម៉ាឡេស៊ី កាលថ្ងៃរសៀលថ្ងៃទី២៨ ខែមីនានេះ ដើម្បីចូលរួមការប្រកួតបាល់ទះពានរង្វាន់អន្តរជាតិ Tri-Nation Volleyball Cup 2023 នៅទីនោះ ដែលនឹងចាប់ផ្តើមប្រកួតប្រជែង ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា។
ការទៅចូលរួមការប្រកួតពានរង្វាន់ Tri-Nation Volleyball Cup នេះ គឺកម្ពុជា បានធ្វើឡើង ទៅតាមការអញ្ជើញរបស់ម្ចាស់ផ្ទះម៉ាឡេស៊ី ហើយពានរង្វាន់នេះមានត្រឹម៣ប្រទេសចូលរួម ស្មើ៤ក្រុម ក្នុងនោះកម្ពុជា សិង្ហបុរី មាន ១ ក្រុមដូចគ្នា ចំណែកម៉ាឡេស៊ី បានដាក់២ក្រុមចូលរួម គឺក្រុមម៉ាឡេស៊ី A និងក្រុមម៉ាឡេស៊ី B ដើម្បីធ្វើការប្រកួតប្រជែងរកក្រុមត្រូវឈ្នះតំណែងជើងឯក។
តាមកម្មវិធី និងកាលវិភាគនៃការប្រកួតពានមិត្តភាពអន្តរជាតិនេះ គឺក្រុមជម្រើសជាតិបាល់ទះកម្ពុជា ត្រូវប្រកួតបើកឆាកជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែមីនា វេលាម៉ោង ៩:៣០នាទីយប់ មុនពេលជួបក្រុមសិង្ហបុរី នៅថ្ងៃទី៣០ ខែមីនា វេលាម៉ោង ៧:៣០នាទីយប់ ហើយការប្រកួតលើកទី៣ចុងក្រោយ គឺក្រុមកម្ពុជា ត្រូវប្រកួតជាមួយក្រុមម៉ាឡេស៊ី B នៅថ្ងៃទី៣១ ខែមីនា វេលាម៉ោង ៧:៣០នាទីយប់ ដោយការប្រកួតទាំងអស់នេះ នឹងមានការផ្សាយបន្តផ្ទាល់ នៅក្នុងផេចសហព័ន្ធកីឡាបាល់ទះកម្ពុជា ផងដែរ។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថ្លែងថា ការប្រកួតដណ្តើមពាន Tri-Nation Volleyball Cup 2023 នេះជាការប្រកួតដកស្រង់បច្ចេកទេសយ៉ាងសំខាន់ សម្រាប់ក្រុមតំណាងឱ្យប្រទេសទាំង៣នេះ ដើម្បីត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដូចគ្នា ដែលវិញ្ញាសាបាល់ទះលើក្តារនេះ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣ ខែឧសភា តទៅ។
លោក អាំង សិរីពិសិដ្ឋ បានថ្លែង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃអង្គារថា៖ «ជំនួបក្នុងពានរង្វាន់នេះ ខ្ញុំគិតថា ទាំងក្រុមសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជារបស់យើង សុទ្ធតែពង្រឹងសមត្ថភាពរៀងៗខ្លួន ហើយបណ្តាក្រុមផ្សេងៗទៀត នៅអាស៊ាន ក៏បានពង្រឹងសមត្ថភាព ដោយមានការផ្លាស់ប្តូរគ្រូបង្វឹក និងបន្ថែមកីឡាករថ្មីៗផងដែរ បន្ទាប់ពីស៊ីហ្គេម នៅប្រទេសវៀតណាម ហេតុនេះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជានេះ មិនមែនជាការងាយស្រួលនោះទេ ក្នុងការប្រកួតប្រជែងយកមេដាយមាស»។
លោកថ្លែងថា៖ «យើងក៏ចង់បានមេដាយមាស ហើយគេក៏ចង់បានដូចគ្នា ដូច្នេះដើម្បីឈានទៅដល់មហិច្ឆតា ដែលយើងបានដាក់គោលដៅរួមគ្នានោះ ទាល់តែយើងខ្លួនឯង ជាពិសេសកីឡាករ ត្រូវខិតខំពង្រឹងសមត្ថភាព ដោយត្រូវដាក់ចិត្តដាក់កាយ យកបេះដូងមកហ្វឹកហាត់ ដើម្បីយកមេដាយជូនជាតិ នៅពេលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជាលើកដំបូងនេះ»។
គួររំឭកថា សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ ជាប្រវត្តិសាស្ត្រលើកដំបូង ហើយជាមួយជ័យជម្នះនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលមានលោក នេត សាវឿន ជាប្រធាន និងលោក ស សុខា ជាអនុប្រធានសហព័ន្ធ បានដាក់មហិច្ឆតារួមគ្នា ត្រូវដណ្តើមយកមេដាយមាសជូនជាតិ។
ជាមួយទិសដៅនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់រៀបចំឱ្យមានការប្រកួតមិត្តភាពអន្តរជាតិ នៅក្នុងទឹកដីខ្លួនឯង ជាមួយក្រុមតំណាងមកពីប្រទេសចំនួន៣រួចមកហើយ ដើម្បីជាការកម្តៅសាច់ដុំ និងដកស្រង់បច្ចេកទេស ហើយជាលទ្ធផល ក្រុមបាល់ទះកម្ពុជា បានយកឈ្នះ សិង្ហបុរី ២សិតទល់១ (ការប្រកួតធ្វើឡើងតែ៣សិត) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ និងបានបន្តយកឈ្នះ ក្រុម U21គុយបា ៣-១ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។
ចំណែកការប្រកួតចំនួន២លើក ជាមួយក្រុម U19 បារាំងវិញ ក្រុមកម្ពុជា បានចាញ់ ៣-០ សម្រាប់ការប្រកួតលើកទី១ កាលពីថ្ងៃទី១៩ ខែកុម្ភៈ តែបានឈ្នះ ៣-១ វិញ សម្រាប់ការប្រកួតលើកទី២ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ តែទោះបីជាយ៉ាងណា លោក អាំង សិរីពិសិដ្ឋ បានអះអាងថា កម្រិតលេងរបស់ក្រុមបាល់ទះ នៅតាមបណ្តាប្រទេសក្នុងអាស៊ាន ពេលនេះ មានការកើនឡើង ដែលមិនអាចមើលស្រាលទៅលើក្រុមណាមួយបាននោះទេ។
លោកបានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម កន្លងមក សិង្ហបុរី មិនបានចូលរួមទេ ប៉ុន្តែយើងមានការភ្ញាក់ផ្អើល សម្រាប់ស៊ីហ្គេម នៅកម្ពុជា ដែលគាត់បានចូលរួមគ្រប់វិញ្ញាសាទាំងអស់ ដោយគាត់បានបិទខ្ទប់ហ្វឹកហាត់២ឆ្នាំហើយ អ៊ីចឹងយើងមិនអាចមើលស្រាលទាំងទៅលើក្រុមសិង្ហបុរី និងម៉ាឡេស៊ី ព្រោះការប្រកួត Four-Nation Volleyball Cup នៅម៉ាល់ឌីវ គឺក្រុមម៉ាឡេស៊ី បានឈ្នះពាននោះ»៕