ភ្នំពេញៈ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (ប.ស.ស.) ​បាន​និងកំពុង​បន្ត​កិច្ច​សហការ​ជាមួយ​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ​ចុះអប់រំ​ផ្សព្វផ្សាយ ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​កម្មករ​និយោជិត​ និង​អ្នកបើកបរ​រថយន្ត​ដឹកកម្មករ​និយោជិត​ផង​ដែរ។


ការចុះ​ផ្សព្វផ្សាយ​នេះ ​ត្រូវ​បានធ្វើ​ឡើង នៅថ្ងៃទី២៨ ​ខែមីនា ​តាមរយៈ​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ​និយោជិត ​សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រះសីហនុ ​ដោយ​ចុះអប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​និង​ផ្ដល់​ជូន​នូវ​ផ្ទាំង​សញ្ញា​ចរាចរណ៍។​

យោង​តាម​ ប.ស.ស. ​ស្រប​ពេល​ប្រទេស​ជាតិ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ កំណើន​យានជំនិះ​ផ្ទាល់ខ្លួន​របស់​បងប្អូន​កម្មករ​និយោជិត ​ក៏បាន​កើនឡើង​ជាបន្ត​បន្ទាប់។ ជាមួយ​នេះ ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​មក​លើ​កម្មករ​និយោជិត ​ក៏​មាន​ការកើន​ឡើង​គួរឱ្យ​កត់សម្គាល់​ផង​ដែរ។


ក្នុង​ពិធី​ផ្សព្វផ្សាយ​នេះ ​លោក​ព្រាប ច័ន្ទវិបុល ​អនុប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​សម្រាប់​គាំពារ​កម្មករ​និយោជិត​ ក្រុមការងារ​(ស.ផ.ក)​ថ្លែងថា​ ការផ្សព្វផ្សាយ​ច្បាប់​ ស្តីពី​ចរាចរណ៍​ផ្លូវគោក ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រួតជ្រាប ​ពិតជា​តួនាទី​សំខាន់​ណាស់​ក្នុង​ការចូលរួម​ទប់ស្កាត់ ​និង​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក។


លោក​បញ្ជាក់ថា​៖«ការអប់រំ​ផ្សព្វផ្សាយ​នេះ ​ជាចំណេះ​ដឹង​ប្រកប​ដោយ​បទពិសោធន៍ ​ក្នុង​ការចែករំលែក​ដល់​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ ​ឱ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ​និង​បើកបរ​ដោយ​មាន​ការប្រុង​ប្រយ័ត្ន»។

លោក​ព្រាប ច័ន្ទវិបុល​ ក៏​បានអំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ​ភូមិ ​សង្កាត់ ​សហការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពល​រដ្ឋ​ដែល​ជាអ្នក​ប្រើប្រាស់​ផ្លូវ​តាម​ភូមិ​សង្កាត់​របស់​ខ្លួន​ឱ្យ​ចូលរួម​គោរព​និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​គ្រប់ៗ​គ្នា ​ដើម្បី​ការពារ​អាយុ​ជីវិត​ខ្លួនឯង ​និង​អ្នក​ដទៃ។

ជាមួយ​គ្នានោះ ​អភិបាលរង​ខេត្តព្រះសីហនុ ​លោក ​អ៊ី សុខឡេង ​ក៏បាន​លើកឡើង​ដែរថា ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នាពេល​នេះ​ពិតជា​មាន​សារៈសំខាន់ ​និង​អាចពញ្ញាក់​ស្មារតី​ដល់​ពលរដ្ឋ​គ្រប់រូប ​ឱ្យយល់​ដឹង​ពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍។

លោក​ថា ​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​ការបើកបរ​ធ្វេសប្រហែស ​ការប្រើប្រាស់​គន្លង​ផ្លូវ​ ពិសេស​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង ​ការដឹក​លើស​ទម្ងន់​កំណត់ ​ការមិន​ពាក់មួក​សុវត្ថិភាព ​និង​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជាដើម ​ជាហេតុ​នាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថា​ហេតុ។

លោក​ថ្លែងថា​៖«ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​គ្រប់​មន្ទីរ ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ​ត្រូវ​ចូលរួម​បង្កើន​កិច្ចសហការ ​និង​សហការ​គ្នា ​ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ​សំដៅ​ប្រែក្លាយ​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ​និង​ចូលរួម​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មួយ​មាន​សុវត្ថិភាព​ចរាចរណ៍»។

បើ​តាម​របាយការណ៍​របស់​ក្រុមការងារ​ ស.ផ.ក. ​នៃ​បេឡាជាតិ​សន្តិសុខ​សង្គម ​ក្នុង​ត្រីមាស​ទី១ ​ឆ្នាំ២០២៣​នេះ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៦៣៦លើក ​កើនឡើង​ចំនួន ​២៦០លើក ​ស្មើនឹង​ ៧១,​៨៩% ​ធៀប​នឹង​ត្រីមាស​ទី១​ដូចគ្នា​ក្នុង​ឆ្នាំ២០២២ ​ដែល​បណ្តាលឱ្យ​មាន​អ្នកស្លាប់​កើនឡើង​ ២១% ​អ្នករបួស​ធ្ងន់​កើនឡើង​ ០,៨៤% ​និង​អ្នករបួស​ស្រាល​កើនឡើង​៧៨%​៕