លោក ហ៊ុន សែន ណែនាំអាជ្ញាធរពាក់ព័ន្ធឱ្យសហការផ្តល់លក្ខខណ្ឌងាយស្រួលដល់អ៊ិស្លាមសាសនិក និងការប្រតិបត្តិជំនឿសាសនាដទៃទៀត
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់ក្រសួងធម្មការ និងសាសនា និង អាជ្ញាធរពាក់ព័ន្ធ សហការគ្នាបង្កលក្ខខណ្ឌងាយស្រួល ដល់អ៊ិស្លាមសាសនិក និងការប្រតិបត្តិជំនឿសាសនាដទៃទៀត ដោយឈរលើគោលការណ៍សុខដុមនីយកម្ម ជំនឿសាសនា ដោយត្រូវធ្វើការស្និទ្ធស្នាលជាមួយបណ្តាថ្នាក់ដឹកនាំ និងសហគមន៍សាសនាផងដែរ។
លោកក៏ណែនាំឱ្យមានការសម្រួលការកសាងវិហារអ៊ិស្លាម នៅតាមភូមិដែលមានអ៊ិស្លាមសាសនិកមករស់នៅច្រើនទៅតាមតម្រូវការជាក់ស្តែងផងដែរ។
ការណែនាំនេះធ្វើឡើងក្នុងឱកាសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីស្រាយបួស ខែរ៉ាម៉ាដន លើកទី៧ នៃសាសនាអ៊ិស្លាមកម្ពុជានឹងវត្តមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំឡុងដំណើរទស្សនកិច្ច ១ ថ្ងៃរបស់លោកនៅកម្ពុជាជាមួយអ្នកចូលរួមជាសាសនិកអ៊ិស្លាមប្រមាណ ៦ ១០០ នាក់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣។
លោក ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានៅកម្ពុជា ដោយគ្មានការរើសអើង ហើយកម្ពុជាបានបើកទូលាយឱ្យសាសនិកខ្មែរអ៊ិស្លាម តួយ៉ាងការអនុញ្ញាតដល់សិស្ស និស្សិតអ៊ិស្លាម អាចប្រើសម្លៀកបំពាក់ប្រពៃណីនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការរៀបចំទីតាំងថ្វាយបង្គំនៅតាមទីសាធារណៈជាដើម ផង។
លោកបានសង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាល តែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិកសាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាតចំពោះការរើសអើងពូជសាសន៍ និងជំនឿសាសនា»។
លោកក៏បានណែនាំឱ្យក្រសួងធម្មការ និងសាសនា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវរួមសហការគ្នាបង្កភាពងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយសហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសហគមន៍សាសនា ដោយឈរលើគោលការណ៍សុខដុមនីយកម្មជំនឿសាសនា និងអាចជួយសម្រួលដល់ការកសាងវិហារអ៊ិស្លាមនៅតាមបណ្តាភូមិដែលមានអ៊ិស្លាមសាសនិករស់នៅច្រើន និងទៅតាមតម្រូវការជាក់ស្តែង។
គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន នៅតាមបណ្តាក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរអ៊ិស្លាមជាច្រើនរូប ក្នុងតួនាទីខ្ពស់ក្នុងជួររដ្ឋាភិបាលផងដែរ។
ក្រៅពីនេះ រដ្ឋាភិបាលបានផ្តល់ថវិកា និងក្របខ័ណ្ឌគ្រូបង្រៀន ដល់សហគមន៍ខ្មែរអ៊ិស្លាម ដើម្បីបន្ថយចំណាយ និងលើកកម្ពស់កម្រិតជីវភាពសហគមន៍ខ្មែរអ៊ិស្លាមតាមរយៈការលើកកម្ពស់ការអប់រំ ធនធានមនុស្សក្នុងវិស័យសាសនា បច្ចេកវិទ្យា និងនវានុវត្តន៍។
ជាមួយគ្នានេះ ក្នុងជំនួបរវាងលោក អាន់វ៉ា អ៊ីប្រាហ៊ីម និងលោកសាយ ឈុំ ប្រធានព្រឹទ្ធសភានៅថ្ងៃដដែលនោះ លោកអាន់វ៉ា បានលើកឡើងថា កម្ពុជាជាប្រទេសដែលមានបទពិសោធន៍ល្អ ក្នុងការបើកទូលាយលើជំនឿសាសនា ប្រកបដោយ ភាពសុខដុម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានគាំទ្រលើការជ្រោមជ្រែងរបស់រដ្ឋាភិបាល ក្នុងការសម្រួលការប្រណិប័តន៍ដល់អ៊ិស្លាមសាសនិក និងបង្កើនកិច្ចសហការជាមួយសហគមន៍ខ្មែរអ៊ិស្លាម។
លោក យង់ គិមអេង និយាយថា៖ «ជំនឿ សាសនានេះជារឿងចាំបាច់ ព្រោះជំនឿសាសនានេះ ហាក់បីដូចជាព្រលឹង ជាស្មារតី ជាកម្លាំងជំរុញ សម្រាប់ការរស់នៅការប្រាស្រ័យទាក់ទងគ្នា ក្នុងជីវភាពរស់នៅ»។
លោកបន្ថែមថា ការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពលើជំនឿសាសនា និងការប្រណិប័តន៍ ជារឿងចាំបាច់ ដើម្បីធ្វើឱ្យមានភាពចម្រុះនៅក្នុងសង្គម និងជាការបង្កើនសាមគ្គីភាពសង្គមពីមនុស្សដែលមានទស្សនៈខុសៗគ្នា ឱ្យរស់នៅជុំគ្នាដោយសុខដុមក្រោមដំបូលរដ្ឋតែមួយ។
សម្រាប់លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ការបើកឱ្យមានសេរីភាពលើជំនឿ និងសាសនា ជារឿងមិនអាចខ្វះបាន ដែលជាផ្នែកមួយនៃសិទ្ធិមនុស្ស ដើម្បីភាពសុខដុមនៅក្នុងសង្គម ខណៈមនុស្សម្នាក់ៗ តែងមានជំនឿ ឬសាសនាសម្រាប់ប្រតិបត្តិជានិច្ច ហើយជាការបញ្ចៀសជម្លោះសាសនានៅក្នុងរដ្ឋ។
លោកថា៖ «សម្រាប់បរិបទអ៊ិស្លាមសាសនានៅកម្ពុជាវិញមានភាពល្អប្រសើរ ដោយនៅសម័យសង្គមរាស្ត្រនិយមរបស់សម្តេច នរោត្តម សីហនុ ព្រះអង្គ បានតាំងនាមឱ្យអ្នករស់នៅកម្ពុជា ដែលប្រកាន់យកសាសនាអ៊ិស្លាមជា ខ្មែរអ៊ិស្លាម ផង»៕