ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំង​ប្រមាណ​ជិត ​៥​ សែន​ដូ​ស ប្រភេទ Pfizer ដែល​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា នៅ​យប់​ថ្ងៃទី​ ២៧ ខែមីនា នឹងធ្វើ​ការបែងចែក​ទៅតាម​គោលដៅ​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ក្រសួង​។​


​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​​ក្រសួងសុខាភិបាល បាន​ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នាពេល​ចុះទៅ​ទទួល​វ៉ាក់សាំង​នេះ​ថា ក្រុមការងារ​របស់​ក្រសួងសុខាភិបាល​ដែលមាន​កម្មវិធី​ចាក់​ថ្នាំ និង​គណៈ​កម្ម​ការ​ចំពោះ​កិច្ច នឹងមិន​ទុក​វ៉ាក់សាំង​នេះ​យូរ​ទេ​។​

​លោកស្រី​បាន​ប្រាប់ថា​៖ «​ក្រសួង​នឹងធ្វើ​ការបែងចែក​វ៉ាក់សាំង​ទាំងអស់នេះ​ទៅដល់​គ្រប់​ខេត្ត និង​ទុក​បែងចែក​នៅ​ថ្នាក់កណ្តាល ដើម្បី​ចាក់​ដូ​ស​ជំរុញ ដែល​យើង​នៅតែ​បន្ត​ចាក់​ជា​រៀង​​រាល់ថ្ងៃ​មិនដែល​ខាន​ទេ​»​។​


​វ៉ាក់សាំង​កូ​វីដ ​១៩ ប្រភេទ Pfizer ដែល​កម្ពុជា​ទទួលបាន កាលពី​យប់​​ថ្ងៃទី​ ២៧ ខែមីនា សម្រាប់​ចាក់​ដល់​មនុស្ស​អាយុ​ចាប់ពី​ ១២​ឆ្នាំ​ទ្បើង​របស់​យន្តការ​កូ​វ៉ា​ក់ ដែល​ឧបត្ថម្ភ ដោយ​​រដ្ឋាភិបាល​ស្លូ​វ៉ា​គី ​(Slovakia) និង​ហ្វាំ​ង​ទ្ប​ង់ (Finland)​។​

​លោកស្រី​ យក់ សម្បត្តិ លើកឡើងថា វ៉ាក់សាំង​ជិត​ ៥០​ ម៉ឺន​ដូ​ស ក្នុងចំណោម​ចំនួន​ ៥​ លាន​ដូ​ស ដែល​ខាង​យន្តការ​​កូ​វ៉ា​ក់បាន​សន្យាថា នឹង​ផ្តល់​មក​កម្ពុជា​បន្ថែមទៀត​។ ប៉ុន្តែ​នៅ​ចំពោះមុខ​នេះ តាម​អនុសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន គឺ​លោក​ឱ្យទទួល​យក​បណ្តើរៗ​នូវ​វ៉ាក់សាំង​ទាំងនេះ​។​


​មកដល់​បច្ចុប្បន្ន កម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុប​ទាំង​វ៉ាក់សាំង​បញ្ជា​ទិញ និង​វ៉ាក់សាំង​ជា​ជំនួយ​ពី​ប្រទេស​ជា​មិត្ត​ចំនួន​ជាង ៥៤​លាន​ដូ​ស​។​

​ជាមួយគ្នា​នោះ លោកស្រី​ក៏បាន​រំឭក​ផងដែរ​ថា ជំងឺ​កូ​វីដ​ ១៩ មិនទាន់មាន​ការថយចុះ​នៅឡើយ​ទេ នៅលើ​សកល​លោក​នេះ ដោយសារ​នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ នៅតែមាន​ករណី​ស្លាប់ និង​ឆ្លង​ច្រើន​នៅឡើយ​។​

​ទន្ទឹមនឹងនេះ លោកស្រី​យក់ សម្បត្តិ ក៏បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ការពារ​ជាប់​ជាប្រចាំ ជាពិសេស គឺ​វិធានការ ៣ ​ការពារ និង​ ៣​ កុំ ដែលជា​វិធានការ​ដ៏​សំខាន់​ក្នុងការ​ប្រយុទ្ធ​នឹង​មេរោគ​នេះ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល លទ្ធផល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា បានទទួល​ការចាក់​​វ៉ាក់សាំង​បង្ការ​កូ​វីដ ១៩ ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ ១៦​ លាន​នាក់ គឺមាន​ប្រជាជន ៩៥,៥១​ ភាគរយ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩៕