ចាប់ពីថ្ងៃទី ២៩ មីនា ដល់ថ្ងៃទី ៤ មេសា នៅតំបន់ខ្លះ នឹងមានភ្លៀងកក់ខែ

ភ្នំពេញៈ ចាប់ពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសាខាងមុខ តំបន់មួយចំនួននឹងមានភ្លៀងកក់ខែ ក្នុងកម្រិតពីតិចទៅបង្គួរ ដោយមានលាយឡំផ្គររន្ទះ និងខ្យល់បក់បោកខ្លាំង។ នេះបើយោងសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយនៅថ្ងៃទី ២៨ មីនា។
តាមរយៈសេចក្ដីជូនដំណឹងនេះ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា នឹងបន្តទទួលរងឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបពីប្រទេសចិន និងខ្យល់ប្រែប្រួល ដែលស្ថានភាពបែបនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីតិចទៅបង្គួរ នៅតាមតំបន់មួយចំនួន និងមានលាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ ទន្ទឹមនឹងនេះ កម្រិតសីតុណ្ហភាពអប្បបរមា នឹងមានចន្លោះពី ២៣-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ អង្សាសេ។
ថ្វីដ្បិតក្នុងអំឡុងពេលនេះ ប្រទេសកម្ពុជា អាចនឹងមានភ្លៀងកក់ខែធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក៏ប៉ុន្តែបរិមាណទឹកភ្លៀងដែលធ្លាក់មកនឹងមិនទាន់សមល្មមក្នុងការប្រើប្រាស់ដើម្បីឆ្លើយតបតាមតម្រូវការភ្លាមៗទេ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។
ជាមួយគ្នានេះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យ «បន្តរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ ជាពិសេស អ្នករស់នៅតាមបណ្តាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក»៕