ភ្នំពេញៈ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានចាត់ទុកដំណើរមកបំពេញទស្សនកិច្ចការងារបស់អតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិ នៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិន មកកាន់កម្ពុជាថា នឹងរួមចំណែកបន្ថែមទៀត ក្នុងការបន្តពូនជ្រំលើកកម្ពស់ទំនាក់ទំនង មិត្តភាពប្រពៃណី «មិត្តដែកថែប» និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំង ២។
ការចាត់ទុករបស់លោកស្រី ឃួន សុដារី នៅពេលនេះធ្វើឡើងក្នុងពេលលោកស្រីទទួលជួបសវនាការ និងពិភាក្សាការងារជាមួយលោក ស៊ូ ឈីមីង (Shu Qiming) អតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិនៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិនមកកាន់កម្ពុជានាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ នៅវិមានរដ្ឋសភា។
យោងតាមរដ្ឋសភាលោកស្រីបានថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិន មានជាយូរលង់ណាស់មកហើយតាំងពីព្រះបរមរតនកោដ្ឋ ដែលនេះជាការអនុវត្តនូវស្មារតីដ៏មោះមុតរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិតីចិនលោក ស៊ី ជីនភីង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិសយ័របស់រដ្ឋ និងបក្សនៃប្រទេសទាំង ២ ឱ្យក្លាយជាការពិតជាក់ស្តែង។
បន្ថែមពីនេះ លោកស្រីក៏បានជំរុញឱ្យភាគីចិន មានការចែករំលែកនូវការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើអរិយធម៌ វប្បធម៌ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំប្រទេសទាំង ២ បានឯកភាពគ្នារួចហើយ ឱ្យចេញជាសកម្មភាពជាក់ស្តែង។
ប្រភពដដែលបានបន្តថា នៅក្នុងជំនួបនាពេលនេះ លោក ស៊ូ ឈីមីង ក៏បានលើកឡើងដែរថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូចិននាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីអនុវត្តជាក់ស្តែងនូវគំនិតសំខាន់ៗរវាងថា្នក់ដឹកនាំប្រទេសទាំង ២ និងចែករំលែកបទពិសោធន៍ និងគំនិតថ្មីៗនៃការដឹកនាំគ្រប់គ្រងបក្សនិងរដ្ឋ។
យោងតាមរដ្ឋសភា លោក ស៊ូ ឈីមីង បានថ្លែងថា៖ «ក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ និងមានកិច្ចសហប្រតិបត្តិការជាក់ស្តែងទាំងទ្វេភាគីនិងពហុភាគី ហើយក៏ជាទំនាក់ទំនងគំរូ នៃប្រទេសដែលមានរបបនយោបាយផ្សេងគ្នា»។
ជាមួយគ្នានេះក្នុងនាមគណៈប្រតិភូចិន លោក ស៊ូ ឈីមីង ក៏បានសម្តែងនូវអំណរគុណជូនលោក ហ៊ុន សែន និងបានវាយតម្លៃខ្ពស់ចំពោះជំហរកម្ពុជាដែលបានគាំទ្រចិន ដោយឈរលើភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រនិងយុត្តិធម៌។
គណៈប្រតិភូចិនក៏បានបញ្ជាក់ពីការគាំទ្រលោកហ៊ុន សែន គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជំនាន់ក្រោយក្នុងការបន្តដឹកនាំកម្ពុជាយូរអង្វែងទៅមុខទៀត និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោក ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយបានពង្រឹងនិងពង្រីកតួនាទីកម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំងទទួលបាននូវទំនុកចិត្តពីប្រជាជន ហើយភាគីចិន ជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងដឹកនាំប្រទេសសម្រេចបាននូវវិបុលភាព សន្តិភាព និងមានការអភិវឌ្ឍរុងរឿងតទៅមុខទៀត៕