លោក ហ៊ុន សែន៖ កម្ពុជាមានសុខដុមភាពណាស់ខាងសាសនា
ភ្នំពេញៈ ក្នុងជំនួបជាមួយលោក Jusuf Kalla ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជាមានសុខដុមភាពណាស់ រវាងសាសនាអ៊ិស្លាម សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ។
លោក ហ៊ុន សែន បានជួបជាមួយលោក Jusuf Kalla ដែលជាអតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារអ៊ិស្លាមឥណ្ឌូនេស៊ី នាថ្ងៃទី ២៨ ខែមីនា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ហ្វេសប៊ុកលោក ហ៊ុន សែន បានឱ្យដឹងបន្ទាប់ពីជំនួបនេះថា លោក Jusuf Kalla បានសម្ដែងការគោរពដល់លោក ហ៊ុន សែន ចំពោះការដឹកនាំ «ដ៏ឈ្លាសវៃ» ដែលបាននាំកម្ពុជាមកនូវសន្តិភាព ស្ថិរភាព ជាពិសេសនាំមកនូវសុខដុមនីយកម្មរវាងសាសនា។ ហ្វេសប៊ុកដដែលបានដកស្រង់សម្តីលោក Jusuf Kalla ថា លោកបាននាំសាសនិកអ៊ិស្លាមមកកម្ពុជាចំនួនជាង ១០០ នាក់ មកចូលរួមពិធីស្រាយបួសខែរ៉ាម៉ាដន នៃសាសនាអ៊ិស្លាមកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី ២៧ ខែមីនានៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ រាជធានីភ្នំពេញ។
ហ្វេសប៊ុកដដែលបន្តថា៖ «អ្វីដែលឯកឧត្តមបានឃើញកាលពីម្សិលមិញ គឺជាសុខដុមភាព និងសាមគ្គីភាពយ៉ាងល្អបំផុតរវាងសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក Jusuf Kalla ដែលបានដឹកនាំសាសនិកអ៊ិស្លាមមកចូលរួមក្នុងពិធីស្រាយបួសនៅកម្ពុជា ដែលមានការចូលរួមពីលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ។
ហ្វេសប៊ុកដដែលបន្ថែមថា៖ «សម្ដេចតេជោបានជម្រាបជូនឯកឧត្តមថា កម្ពុជារៀបចំកម្មវិធីស្រាយបួសនេះ ជារៀងរាល់ឆ្នាំហើយសាសនានៅកម្ពុជា គឺមានសុខដុមភាពណាស់ទាំងរវាងសាសនាអ៊ិស្លាម សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ»។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីស្រាយបួសនេះថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនាដោយគ្មានការរើសអើង។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបើកទូលាយដល់ប្រជាជនខ្មែរអ៊ិស្លាមតាមរយៈការអនុញ្ញាតឱ្យសិស្ស-និស្សិតអ៊ិស្លាមស្លៀកសម្លៀកបំពាក់ប្រពៃណីនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈ។
លោកបន្តថា ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកបានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរអ៊ិស្លាមជាច្រើនរូប នៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកបន្ថែមថា៖ «រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកា និងក្របខ័ណ្ឌគ្រូបង្រៀន ដល់សហគមន៍ខ្មែរអ៊ិស្លាម ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់កម្រិតជីវភាពរបស់សហគមន៍ និងគ្រួសារបងប្អូនខ្មែរអ៊ិស្លាមតាមរយៈការលើកកម្ពស់ការអប់រំបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសាសនា បច្ចេកវិទ្យា និងនវានុវត្តន៍»។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពជំនឿ និងសុខដុមនីយកម្មសាសនានៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិកសាសនិកាគ្រប់រូបក្នុងការប្រណិប័តន៍ជំនឿសាសនា និងការប្រឆាំងដាច់ខាតចំពោះការរើសអើងពូជសាសន៍ និងសាសនា»។
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ថ្លែងក្នុងពិធីនេះថា ដោយមានគោលនយោបាយសុខដុមនីយកម្ម ប្រជាជនកម្ពុជាគ្រប់ជនជាតិបានបំពេញកាតព្វកិច្ចគោរពប្រណិប័តន៍សាសនា ដោយមានសិទ្ធិសេរីភាពពេញលេញ គ្មានការភ័យខ្លាច ការរើសអើង ប្រកាន់ជាតិសាសន៍ និងសាសនា។
លោកថ្លែងថា៖ «ថ្នាក់ដឹកនាំនៃបណ្តាប្រទេស សមាជិកអង្គការសហប្រតិបត្តិការអ៊ិស្លាម (OIC) អង្គការសម្ព័ន្ធពិភពអ៊ិស្លាម (RABITA) និងបណ្តាប្រទេសជាច្រើនបានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កម្ពុជា ដោយបានយកកម្ពុជាធ្វើជាគំរូដ៏ល្អនៃប្រទេសដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា»៕