អភិបាលខេត្តបន្ទាយមានជ័យ នឹងបើកយុទ្ធនាការចែកដី ៣ ពាន់ហិកតាជូនពលរដ្ឋ

ភ្នំពេញៈ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ថ្លែងថា នៅក្រោយពេលចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះរដ្ឋបាលខេត្តនឹងបើកយុទ្ធនាការចុះស្រង់ទិន្នន័យដើម្បីផ្តល់ដីអាស្រ័យផលជូនប្រជាពលរដ្ឋប្រមាណជាង ៣ ០០០ ហិកតា ស្ថិតក្នុងតំបន់ ៣ នៃតំបន់បឹងទន្លេសាប។
លោកបានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យក្នុង ៥ ឆ្នាំ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យដែលធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ថ្ងៃទី ២៨ ខែមីនានេះ។
លោក អ៊ុំ រាត្រី បានថ្លែងថា ផ្ទៃដីដំបន់ ៣ នៃតំបន់បឹងទន្លេសាបក្នុងខេត្តបន្ទាយមានជ័យមានចំនួន ១២ ០០០ ហិកតា ដែលកន្លងមកប្រជាពលរដ្ឋបានទៅអាស្រ័យផលនៅទីនោះ ប៉ុន្តែក្រោយមកត្រូវបានរាជរដ្ឋាភិបាលបានសម្រេចដកហូតមកវិញទាំងអស់។
លោកអភិបាលខេត្តបញ្ជាក់ថា បន្ទាប់ពីការដកហូតមករដ្ឋបាលខេត្តបានធ្វើបណ្ណកម្មសិទិ្ធរួចរាល់ និងត្រៀមប្រគល់ជូនមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប៉ុន្តែត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសប្រគល់ជូនដីនោះដល់ប្រជាពលរដ្ឋអាស្រ័យផលវិញ។
លោក រាត្រី ថ្លែងថា ក្រោយពីរាជរដ្ឋាភិបាលសម្រេចប្រគល់ដីនោះឱ្យប្រជាពលរដ្ឋអាស្រ័យផល រដ្ឋបាលខេត្តបន្ទាយមានជ័យបានធ្វើការស្រាវជ្រាវ និងធ្វើការស្នើសុំគោលការណ៍ក្នុងការស្រង់ទិន្នន័យប្រគល់ដីអាស្រ័យផលជូនប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលយល់ព្រមប្រគល់ដីប្រមាណជាង ៣ ពាន់ហិកតាសម្រាប់ពលរដ្ឋអាស្រ័យផល។
លោក អ៊ុំ រាត្រី បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានដីស្រែអាស្រ័យផល កន្លះហិកតា នោះរដ្ឋបាលខេត្តនឹងផ្តល់ជូន ១ ហិកតា បើមានដី ១ ហិកតាកន្លះនោះរដ្ឋបាលខេត្តនឹងផ្តល់ជូន ២ ហិកតា ហើយអ្នកដែលមានច្រើន គឺមិនផ្តល់ជូនលើស ១០ ហិកតាឡើយ។
លោកថ្លែងថា៖ «ឥឡូវរាជរដ្ឋាភិបាលឯកភាពហើយ យើងបានទទួលអនុក្រឹត្យហើយ អ៊ីចឹងក្រុមការងារបានពិភាក្សាគ្នានៅពេលក្រោយចូលឆ្នាំខ្មែរនៅប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងចាប់ផ្តើមបើកយុទ្ធនាការចុះស្រង់ទិន្នន័យឱ្យច្បាស់លាស់ហើយប្រគល់ដីជូនប្រជាពលរដ្ឋអាស្រ័យផលលើដីតំបន់ ៣ វិញ»។
មិនតែប៉ុណ្ណោះរដ្ឋបាលខេត្តបន្ទាយមានជ័យបានស្នើសុំដីត្រៀមទុក ២០ ភាគរយសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋផងដែរ ដោយបារម្ភខ្លាចការផ្តល់ជូនប្រជាពលរដ្ឋមិនគ្រប់គ្រាន់ និងស្នើសុំត្រៀមទុក ១០ ភាគរយផ្សេងទៀតសម្រាប់ជាដីសហគមន៍ ជូនដល់ពលរដ្ឋប្រើប្រាស់។ នេះបើយោងតាមលោកអភិបាលខេត្តបន្ទាយមានជ័យ។
លោកអភិបាលខេត្តបន្ទាយមានជ័យថ្លែងបន្តទៀតថា មានប្រជាពលរដ្ឋចំនួន ១០ ភូមិនៅក្នុងឃុំព្រះនេត្រព្រះ នៃស្រុកព្រះនេត្រព្រះ និងឃុំសំបួរនៃស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រស់នៅលើតំបន់ ២ ដែលមានសិទ្ធិតែប្រើប្រាស់ និងអាស្រ័យផល គ្មានសិទ្ធិចាត់ចែង ប៉ុន្តែពេលនេះលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានឯកភាពជាគោលការណ៍ ផ្តល់ជូនបណ្ណកម្មសិទ្ធិជាង ៣០០ ហិកតាជូនប្រជាពលរដ្ឋដោយកាត់ដីតំបន់ ២ មកជាតំបន់ ១ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោកអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រៅពីការដោះស្រាយបញ្ហាដីធ្លីនៅតំបន់ ៣ និងតំបន់ ២ នៃតំបន់បឹងទន្លេសាប រដ្ឋបាលខេត្តក៏បាននិងកំពុងរៀបចំផែនការប្រើប្រាស់ដីនៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល ដែលមានក្រុង ២ និងស្រុកចំនួន ៧ ជាក់ស្តែង នៅក្នុងប៉ោយប៉ែតបានធ្វើប្លង់គោល និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ ដោយមានការដឹកនាំ រៀបចំកសាងប្លង់គោលនោះពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី។
លោកបន្តថា ដោយឡែកក្រុងសេរីសោភ័ណក៏បានសិក្សាប្លង់គោលរួចហើយដែរ ប៉ុន្តែត្រូវស្រាវជ្រាវធ្វើបច្ចុប្បន្នភាពទិន្នន័យរួចទើបប្រកាសដាក់ឱ្យប្រើប្រាស់បាន។
លោកថ្លែងថា៖ «ការមានប្លង់គោលច្បាស់លាស់ការអភិវឌ្ឍវិស័យសំណង់ និងការអភិវឌ្ឍដី គឺងាយស្រួល ហើយទំនាស់ដីធ្លីក៏កាន់តែកាត់បន្ថយផងដែរ»៕