​ភ្នំពេញៈ ក្រសួងមហាផ្ទៃ​នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់ ស្តីពី​អត្រានុកូលដ្ឋាន ទៅកាន់​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​មុននឹង​បញ្ជូន​បន្តទៅ​រដ្ឋសភា​ដើម្បី​ធ្វើការ​អនុម័ត បន្ទាប់ពី​អ្នកជំនាញ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ពាក់ព័ន្ធ​បានបញ្ចប់​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ​។​


​ការសម្រេច​បញ្ចប់សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវបាន​រៀបចំឡើង នា​ព្រឹក​ថ្ងៃទី​ ២៧ ខែមីនា ឆ្នាំ ​២០២៣ តាមរយៈ​កិច្ចប្រជុំ​ឣ​ន្ត​រ​ក្រសួង ដើម្បី​ពិនិត្យ ឆ្លង​សេចក្តីព្រាងច្បាប់ ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ដែល​ដឹកនាំ​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​តម្រង់ទិស​ការងារ​អត្រានុកូលដ្ឋាន​ស្ថិតិ​អត្រា​នុ​កូ​ល​ដ្ឋា​ន និង​អត្តសញ្ញាណ​កម្ម និង​មានការ​ចូលរួម​ពី​លោក អង្គ វង្ស វ​ឌ្ឍា​នា ទេស​​រដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស លោក ជា វណ្ណ​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃ​ស​ណី​យ៍ និង​ទូរគមនាគមន៍ ព្រមទាំង​មានការ​ចូលរួម​ពី​បណ្ដា​ក្រសួង ស្ថាប័ន ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀតផង​ដែរ​។​

​នាឱកាស​នោះ លោក ស ខេង បាន​ថ្លែងថា សេចក្ដីព្រាងច្បាប់​ស្តីពី​អត្រា​នុ​កូ​ល​ដ្ឋា​ន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្មនេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ទៅនឹង​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ដូចជា លិខិត​​ស្នាម​នានា​ត្រូវធ្វើឡើង​ដើម្បី​បង្រួម និង​សង្ខេប​ព័ត៌មាន អំពី​ការកើត ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល បណ្តុំ​ទិន្នន័យ​ពាក់​ព័ន្ធ​នឹង​ការរៀប​អាពាហ៍ពិពាហ៍ និង​មរណភាព​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​លើក​នេះ​អាច​ថា ជា​កិច្ចប្រជុំ​អន្តរក្រសួង​ចុងក្រោយ មុននឹង​ដាក់ជូនទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ និង​សម្រេច​បញ្ចប់​សេចក្ដីព្រាង​ច្បាប់​នេះ​»​។​


​លោក​បាន​លើកឡើងថា កន្លងមក​ទាក់ទង​នឹង​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ការចុះបញ្ជី​ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រា​នុ​កូ​ល​ដ្ឋា​ន និង​អត្តសញ្ញាណ​កម្ម ដែល​បាននិងកំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ននេះ នៅមាន​ភាព​រប៉ាត់រប៉ាយ ដែល​បង្ក​ការ​លំបាក​ក្នុងការ​ទទួលបាន​ព័ត៌មាន​ជាក់​លាក់ ច្បាស់លាស់ និង​មិនទាន់មាន​ភាព​គ្រប់គ្រាន់ ដែល​ពុំទាន់​ឆ្លើយតប​ទៅនឹង​សភាពការណ៍​នាពេល​បច្ចុប្បន្ន​នោះទេ​។


​លោក​បន្តថា ក្រសួងមហាផ្ទៃ បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​អត្រា​នុ​​កូ​ល​ដ្ឋា​ន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្ត​សញ្ញាណ​កម្មនេះ​ឡើង​។ បន្ថែម​ពីនេះ​ទៀត ក្រុមការងារ​អន្តរក្រសួង​នេះ នឹងធ្វើ​ការសហការ​គ្នា និង​អនុវត្តតាម​ការ​ណែនាំ​នានា ចាប់តាំងពី​ដំណើរការ​នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់​ដំបូង រហូតដល់​បញ្ចប់សេចក្តី​ព្រាង​ច្បាប់​ដោយ​ជោគជ័យ​។​

​ជុំវិញ​រឿងនេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ថ្លែងថា លោក​នៅ​មិនទាន់​ទទួលបាន និង​ឃើញ​ពី​ភាព​លម្អិត នៃ​សេចក្ដីព្រាងច្បាប់ ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រា​នុ​កូ​ល​ដ្ឋា​ន និង​អត្តសញ្ញាណ​កម្មនេះ​នៅឡើយ​ទេ ហេតុនេះ​លោក​មិនទាន់​អាចមាន​យោបល់​យ៉ាងណា​ឡើយ​។​លោក​ថា កម្ពុជា គឺមាន​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​របស់​ក្រសួងមហាផ្ទៃ ដែលជា​អ្នកអនុវត្ត​ទៅលើ​ការគ្រប់គ្រង​អត្តសញ្ញាណ​កម្ម​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ដោយ​មិនបាន​ពឹងផ្អែក​ទៅលើ​ច្បាប់​ផ្សេងៗ​នោះទេ​។ ដូច្នេះហើយ​លោក ចង់ឃើញ​សេចក្ដីព្រាងច្បាប់​ដែល​ជិត​ដំណើរការ​ខាងមុខនេះ នឹង​ផ្ដល់​ផលប្រយោជន៍​ទៅដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ប្រសើរ​ជាង​មុន​។​

​លោក អំ សំអាត ថា​៖ «​អ៊ីចឹង​សេចក្ដី​ ព្រាង​ច្បាប់​នេះ គឺ​វា​ក៏​ជា​ការជួយ​មួយ​ដែរ​សម្រាប់​ខាង​អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម ឱ្យ​អនុវត្ត​ការងារ​មាន​ភាពប្រសើរឡើង សម្រាប់​បងប្អូន​ប្រជា​ពល​​រដ្ឋ ហើយក៏​ជាការ​សម្រួល ពីព្រោះ​ច្បាប់​នេះ គឺ​យើង​ក៏​ចង់ឃើញ​ច្បាប់​ដែល​សម្រួល​និង​ការជួយ​ទៅដល់​ប្រជា​ពលរដ្ឋ​ច្រើនជាង​ការផ្ដល់​ផល​លំបាក​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​»​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន និង​ស្ថិតិ​អត្រា​នុ​កូ​ល​ដ្ឋា​ន និង​អត្ត​ស​ញ្ញណ​កម្មនេះ មាន​ ១៣​ ជំពូក និង ១៨២​ មាត្រា ដែល​រៀបចំឡើង​ដើម្បី​កំណត់​អំពី​វិធាន និង​នីតិវិធី​ដែល​ទាក់ទង​នឹង​ការចុះបញ្ជី​អត្រា​នុ​កូ​ល​ដ្ឋា​ន ការចុះបញ្ជី​ស្នាក់នៅ ការ​រៀបចំ​ស្ថិតិ​អត្រានុកូលដ្ឋាន ការចុះបញ្ជី​អត្តសញ្ញាណ​បុគ្គល និង​ការរៀបចំ ការគ្រប់គ្រង​បញ្ជី​ប្រជាជន​ដើម្បី​ធានា​នូវ​ការគោរព​សិទ្ធិមនុស្ស ការទទួលបាន​សេវា​គ្រប់​ប្រភេទ ហើយ​ជា​មូលដ្ឋាន​សម្រាប់​រៀបចំ​ផែនការអភិវឌ្ឍន៍ និង​ការ​តាមដាន​ភាព​រីកចម្រើន​នៃ​សង្គម​៕