ភ្នំពេញៈ ក្រសួងសុខាភិបាលណែនាំដល់ម្ចាស់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផលគ្រឿងសម្អាងដែលមិនទាន់បានធ្វើការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវចូលរួមអនុវត្តឱ្យបានពេញលេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការនាំចូល នាំចេញឱសថធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។
“ប្រព័ន្ធបញ្ជរតែមួយជាតិ” មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ស្របតាមយុទ្ធសាស្ត្រនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់និងទទួលអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀតក្នុងទម្រង់អេឡិចត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល។
យោងតាមលិខិតណែនាំរបស់រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឱ្យដឹងថា ការណែនាំនេះ ធ្វើឡើងតាមការសម្រេចរបស់កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ (National Single Window) កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅ ទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងលិខិតនេះ លោកស្រី ឱ វណ្ណឌីន ឱ្យដឹងថា ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការនាំចូល នាំចេញឱសថ ប្រតិករ ឧបករណ៍បរិក្ខារពេទ្យ គ្រឿងសម្អាង ផលិតផលបំប៉នសុខភាព វត្ថុធាតុដើម វត្ថុធាតុផ្សំ សម្ភារវេចខ្ចប់ និងផលិតផលសុខាភិបាលផ្សេងទៀតឱ្យកាន់តែល្អប្រសើរ ក្រសួងសុខាភិបាលស្នើម្ចាស់គ្រឹះស្ថានដែលមិនទាន់បានធ្វើការស្នើសុំនាំចូល នាំចេញ តាមប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវចូលរួមអនុវត្តឱ្យបានពេញលេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា៖«ការនាំចូល នាំចេញផលិតផលសុខាភិបាលតាមប្រព័ន្ធបញ្ជរតែមួយជាតិក្នុងគោលបំណងធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការស្នើសុំនាំចូល នាំចេញបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវាផ្តល់ព័ត៌មានត្រឡប់ដល់ លោក-លោកស្រីបានឆាប់រហ័ស និងទាន់ពេលវេលាកាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលានិង រក្សាការសម្ងាត់ និងឯកសារមានសុវត្ថិភាពខ្ពស់»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស្រី ឱ វណ្ណឌីន មិនអាចទាក់ទងស្នើសុំធ្វើអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៣។
លោក ទ្បី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានថ្លែងស្វាគមន៍ចំពោះការណែនាំរបស់ក្រសួងដោយចាត់ទុកថា វានឹងធ្វើឱ្យមានភាពងាយស្រួលក្នុងគ្រប់គ្រងឱសថ គ្រឿងសម្អាង និងការផលិត និងមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ព្រោះបានត្រួតពិនិត្យត្រឹមត្រូវ ពីមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល។
លោកថា៖«ព្រោះកន្លងមកនេះ ក៏មានគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផលគ្រឿងសម្អាងមួយចំនួន មិនទាន់បានធ្វើការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិនេះទេ»។
សូមរំឭកថា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងប្រព័ន្ធបញ្ជរតែមួយជាតិកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ លើកទី៣ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងតំណាងដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យអំពី “វឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ និងការប្រកាសចាប់ផ្តើមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣”ផងដែរ៕