ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម ​(​ប​.​ស​.​ស​.) បានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ​នេះ សមាជិក ប​.​ស​.​ស​. បាន​ប្រើប្រាស់​សេវា​សុខាភិបាល ​១ ថ្ងៃ​ ជាង​ ១​ ម៉ឺន​ករណី មានការ​កើនឡើង​ប្រមាណ​ជាង ​៣០%​ភាគរយ​។


​ការលើកឡើង​នេះ ត្រូវបាន​បង្ហាញឡើង នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការបង្កើន​ប្រសិទ្ធភាព ក្នុង​ការផ្តល់សេវា របស់​មូលដ្ឋាន​សុខាភិបាល​ឯកជន ដែលជា​ដៃគូ ប​.​ស​.​ស​. ទូទាំង ២៥​ខេត្ត​-​ក្រុង កាស​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣​។​


ថ្លែង​ទៅកាន់​តំណាង​មន្ទីរពេទ្យ​ឯកជន ដែលជា​ដៃគូ ប​.​ស​.​ស​. ទូទាំង ២៥​ខេត្ត​-​ក្រុង សរុប​ប្រមាណ ២០០ នាក់ លោក ម៉េង ហុង អគ្គនាយករង​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​បាន​លើកឡើងថា បច្ចុប្បន្ន ប​.​ស​.​ស​. ពង្រីក​វិសាលភាព​របស់ខ្លួន​ឥតឈប់ឈរ សមាជិក​ក៏មាន​ការកើនឡើង​ជាប​ន្ដ​បន្ទាប់ ជាក់ស្តែង​ដោយ​គ្រាន់តែ​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ គឺមាន​ការកើនឡើងរ​ហូត​ជាង​៣០ ភាគរយ​។​


លោក​បន្តថា​៖«​រយៈពេល​៣ខែ​ ឆ្នាំនេះ មាន​បងប្អូន​ជា​សមាជិក ប​.​ស​.​ស​. បាន​ចូល​ប្រើប្រាស់​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ នៅ​មន្ទីរពេទ្យ​ដៃគូ ប្រមាណ​ជាង ១​លាន​ករណី ដែល​គិត​ក្នុង​១ថ្ងៃ​ជាង ១​ម៉ឺន​ករណី ពោលគឺ​កើនឡើង​ប្រមាណ​ជាង​៣០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២២ កន្លងទៅនេះ​ផងដែរ​»​។​

លោក​បាន​អះអាង​ដែរ​ថា ដើម្បី​បំពេញតម្រូវការ​នៃ​ការប្រើប្រាស់​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​ជូន​សមាជិក​របស់ខ្លួន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​ ប​.​ស​.​ស​. បាន​និង​កំពុង​សិក្សា​ពង្រីក​វិសាល​ភាពចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​ឯកជន​បន្ថែមទៀត ដើម្បីឱ្យ​ស្របតាម​តម្រូវការ​ជាក់ស្តែង​។ ជាពិសេស​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ឯកជន​ទូទាំង ២៥​ខេត្ត​-​ក្រុង ដើម្បី​ខិតជិត​កន្លែងធ្វើការ​រប​ស់បង​ប្អូន​កម្មករនិយោជិត​ងាយស្រួល​ក្នុងការ​ទៅ​ទទួល​សេវា​ព្យាបាល​នៅពេល​ដែលមាន​បញ្ហា​សុខភាព ឬ​គ្រោះថ្នាក់​ផ្សេងៗ​។​

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក ម៉េង ហុង ក៏បាន​បញ្ជាក់ដែរថា​៖«​កន្លងមក​កិច្ចសហការ​របស់​មូល​ដ្ឋា​ន​សុខាភិបាល ជាមួយ ប​.​ស​.​ស​. ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​មូលដ្ឋាន​សុខាភិបាល​មួយចំនួន​តូច​មិនទាន់​អនុវត្តបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ការផ្តល់សេវា​ជូន​សមាជិក ប​.​ស​.​ស​. នៅមានកម្រិត ពិសេស​ការទាមទារ​ទូ​ទាត់​ថ្លៃ​សេវា​ព្យាបាល​របស់​មូលដ្ឋាន​សុខាភិបាល​ដៃគូ​មួយចំនួន នៅមាន​ភាពមិនប្រក្រតី​នៅឡើយ​»​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បានបង្ហាញ​ការ​សា​ទរ​ចំពោះ ការកើនឡើង​នៃ​សមាជិក ប​.​ស​.​ស​. ទៅប្រើ​ប្រាស់​សេវា​សុខាភិបាល ខណៈ​លោក ក៏បាន​ជំរុញ​ឱ្យ​ស្ថាប័ន​នេះ ផ្តោត​ការយកចិត្តទុកដាក់ និង​ខិតខំ​ពង្រឹង​លើ​ការអនុវត្តលើ​របប​សន្តិសុខ​សង្គម​ឱ្យបាន​ទូទាំងប្រទេស និង​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​

​លោក​បាន​ប្រាប់ថា ៖ «​វា​ជា​ការល្អ​ដែល​សមាជិក​ ប​.​ស​.​ស​. ទៅប្រើ​ប្រាស់​សេវា​សុខាភិបាល ហើយ​យើង​ក៏​តែងតែ​ជំរុញឱ្យមាន​ការអនុវត្ត​ឱ្យបាន​ទូទាំងប្រទេស និង​មាន​ប្រសិទ្ធភាព ព្រោះ​កន្លងមក​ការអនុវត្ត​ប្រព័ន្ធ​នេះ​នៅមានកម្រិត​តិចតួច និង​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សមាជិក​បាន​ត្រឹមត្រូវ​នៅឡើយ​»​។​

​ គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ន​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ទូទាំងប្រទេស​សរុប​ចំនួន ១ ៥០៩ មូលដ្ឋាន​សុខាភិបាល ក្នុងនោះ​រួមមាន​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ចំនួន ១ ៣៧៥ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន​ចំនួន ១៣៤៕