ភ្នំពេញៈ ​គ្រាប់​ស្វាយចន្ទី​ជា​អាហារសម្រន់​មួយ​ប្រភេទ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ហើយ​កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​ដាំ​ដុះ និង​នាំចេញ​ផល​កសិកម្ម​មួយ​ប្រភេទ​នេះ​ច្រើន​បំផុត​​ផងដែរ​។


បើ​យោងតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​រយៈពេល​២​ខែ ក្នុង​ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​សរុប​ចំនួន ១១៤ ១៩៣,៩៣​តោន ទៅកាន់​ប្រទេស​ចំនួន​៤​ក្នុងនោះ​មាន ប្រទេស​វៀតណាម (១១៤ ១៤០,៥៣​តោន​) ប្រទេស​ជប៉ុន​(២៧​តោន​) ប្រទេស​ថៃ​(២០​តោន​) និង​ប្រទេស​កូរ៉េ (៦,៤០​តោន​)​។​


ដ្បិតថា​ ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​នាំចេញ​គ្រាប់ស្វាយចន្ទី​ច្រើន​បំផុត​មួយ ប៉ុន្តែ​កម្ពុជា​ពុំ​សូវ​មាន​សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ឱ្យ​ទៅជា​ផលិតផល​សម្រេច សម្រាប់​លក់បាន​ក្នុងតម្លៃ​ថ្លៃ​នៅឡើយ​ទេ ដែល​ភាគច្រើន​គឺជា​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​។​


ដោយឡែក បុរស​ម្នាក់​ដែល​រស់នៅក្នុង​ស្រុក​បន្ទា​យ​ស្រី ខេត្តសៀមរាប​ បាន​ផ្លាស់ប្តូរ​អាជីព​របស់គាត់​ពី​មគ្គុទ្ទេសក៍​ទេសចរណ៍ មក​កែច្នៃ​ផលិតផល​គ្រាប់ស្វាយចន្ទី​កំពុងមាន​ការគាំទ្រ​ច្រើន​។​

លោក ផល ភារ​ម្យ បច្ចុប្បន្ន​ជា​ម្ចាស់​អាជីវកម្ម «​ភូមិ​ស្វាយចន្ទី Cashew Village» បាន​ឱ្យដឹងថា ​ដោយសារ​ចិត្ត​ស្រឡាញ់​ការកែច្នៃ និង​មើលឃើញថា​ ការកែច្នៃ​ផលិតផល​ខ្មែរ​នាំ​ចេញទៅ​ក្រៅប្រទេស​ដោយ​មិនសូវមាន​អ្នក​ស​ម្ងួ​ត ឬ​កែច្នៃ ដូច្នេះ​លោក​ចង់​ជួយ​កសិករ​ដើម្បី​លើកកម្ពស់​ផល​កសិកម្ម​របស់​ខ្មែរ​។

លោក ផល ភារ​ម្យ បាន​ប្រាប់​ថា៖ «​គាប់​ជួន​ពេលនោះ​ខ្ញុំ​បាន​ជួប​ជនបរទេស​ម្នាក់​ដែល​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង គាត់​មក​ខ្មែរ​ហើយ​ចាប់អារម្មណ៍​រឿង​ចន្ទី អ៊ីចឹងទៅធ្វើ​ឱ្យខ្ញុំ​មាន​មហិច្ឆតា​ធ្វើយ៉ាងណា​ឱ្យ​ចន្ទី​របស់​យើង​ត្រូវបាន​គេ​ផ្ដល់​តម្លៃ​ឱ្យច្រើនជាង​មុន​»​។

បន្ទាប់មក​លោក​ចាប់ផ្ដើម​ធ្វើ​កូន​សិប្បកម្ម​តូច​មួយ នៅក្នុង​ឆ្នាំ២០២០ ពេលដែល​កូ​វីដ​១៩​ចាប់ផ្ដើម​រាតត្បាត​ក្នុងប្រទេស​កម្ពុជា​លោក​មានឱកាស​បង្វែរ​ម​ក​កែច្នៃ​គ្រាប់ស្វាយចន្ទី ដោយ​ការទិញ​កូន​ម៉ាស៊ីន​បក​គ្រាប់​ចន្ទី​មួយ​ពី​ស្រុក​ចិន​មក​កែច្នៃ​នៅផ្ទះ និង​ទិញ​គ្រាប់​ចន្ទី​ពី​សិប្បកម្ម​ផ្សេង​ខ្លះ​យកមក​វេច​ខ្ចប់​លក់​។​

លោក ផល ភារ​ម្យ បានឱ្យដឹង​បន្តថា ៖ «​ក្រោយមក​ខ្ញុំ​បាន​រៀន​បាន​ច្រើន​ពី​ចន្ទី​ហ្នឹង អ៊ីចឹ​ង​ក្នុង​ឆ្នាំ​២០២២ ខ្ញុំ​ក៏​ចាប់ផ្ដើម​សុំ​ប៉ាតង់ សុំ​អាជ្ញាប័ណ្ណ​ដើម្បី​ធ្វើ​ការងារ​ហ្នឹង តែ​វា​ក៏​មិនទាន់​ធំ​អី​ដែរ រហូតដល់​ដើមឆ្នាំ ២០២៣​នេះ ខ្ញុំ​ថែម​ម៉ាស៊ីន​ធ្វើ​ឱ្យចំនួន​ផលិត​បាន​ច្រើនជាង​មុន​»​។​

ម្ចាស់​សិប្បកម្ម​ភូមិ​ចន្ទី បាន​បន្ត​ឱ្យដឹងថា បច្ចុប្បន្ននេះ​សិប្បកម្ម​របស់លោក​អាច​ផលិត​បាន​រហូតដល់ ៤-៨​តោន​ក្នុង​១ថ្ងៃ និង​អាច​លក់​ចេញ​ក្នុងតម្លៃ ១​គីឡូ ១១​ដុល្លារ​អាមេរិក និង​ថែមទាំង​បានរួម​ចំណែក​ជួយ​ដល់​កសិករ​ក្នុងស្រុក​ទាំងមូល ព្រោះ​សិប្បកម្ម​របស់លោក​ប្រើតែ​គ្រាប់​ចន្ទី​នៅក្នុង​ស្រុក​បន្ទាយស្រី​ប៉ុណ្ណោះ​។​

លោក ផល ភារ​ម្យ ថ្លែងថា៖ «​យើង​ប្ដេជ្ញា​ចង់​ធ្វើ​ឱ្យ​បាន​ច្រើន​ក្នុង​១ខែ ឬ១​ថ្ងៃ អ៊ីចឹងចំណូល​វា​អាស្រ័យ​ទៅតាម​ហ្នឹង ចំណូល​របស់​យើង​កើន​កាន់តែ​ខ្ពស់​ពេលដែល​យើង​ផលិត​បាន​កាន់តែច្រើន​»​។

ថ្វី​ដ្បិតថា ​បច្ចុប្បន្ន​មាន​អ្នកគាំទ្រ​ច្រើន​ដោយសារ​ជា​ផលិតផល​ក្នុងស្រុក​ក៏ដោយចុះ តែ​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់​ចន្ទី​មួយ​នេះ​នៅតែ​សំណូមពរ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួយ​ទិញ​ឱ្យបាន​ច្រើន​ទៀត ដើម្បី​បង្កើត​គំនិត​ជាតិនិយម​ចំពោះ​ផលិតផល​ក្នុងស្រុក​ឱ្យមានការ​កើនឡើង​។​

យ៉ាងណា​ជុំវិញ​ការដាក់​គោលដៅ​ជំរុញ​ឱ្យកម្ពុជា​ក្លាយជា​អធិរាជ​ស្វាយចន្ទី លោក ភារ​ម្យ ក៏បាន​ឱ្យ​ដឹងថា​ លោក​មាន​ក្តីសង្ឃឹម​កាន់តែ​ខ្ពស់ ប៉ុន្តែ​លោក​ចង់ឃើញ​ការ​ជ្រោមជ្រែង​ដល់​កសិករ​ផងដែរ​តាមរយៈ​គោលនយោបាយ​នេះ​។​

លោក ថ្លែង​ឱ្យដឹងថា ៖ «​យើង​ចេះតែមាន​ក្ដីសង្ឃឹម​ហើយ​ក្រោយពេល​រដ្ឋាភិបាល​ដាក់​គោលដៅ​ក្លាយជា​អធិរាជ​នាំ​ចន្ទី​ចេញ ប៉ុន្តែ​គ្រាន់តែ​ថា​មកដល់ពេលនេះ​យើង​មិនទាន់​ទទួលបាន​អ្វី​ជា​ដុំកំភួន​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​នៅឡើយ​ទេ​»​។​

ថ្លែង​ក្នុង​កម្មវិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​អនុសាសន៍​ដោយ​ត្រូវ​រួមគ្នា​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​អធិរាជ​ចន្ទី​។​

ជាមួយគ្នា​នោះ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ប្តេជ្ញា​យ៉ាង​មោះមុត សហការ​ជិតស្និទ្ធ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ធ្វើយ៉ាងណា​អាច​សម្រេច​គោលដៅ​នេះ​ឱ្យ​ខាងតែ​បាន ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​អធិរាជ​ស្វាយចន្ទី​នាពេល​អនាគត​៕