ភ្នំពេញៈ ក្រសួង​យុត្តិធម៌ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី ៣០ ខែមីនា​បាន​រៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការអនុវត្ត​ថវិកា សំដៅ​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​អង្គភាព​ថវិកា និង​បង្កើន​ប្រសិទ្ធភាព​នៃ​អនុវត្ត​ថវិកា​ក្នុង​វិស័យ​យុត្តិធម៌ របស់​អង្គភាព​ថវិកា​ចំណុះ​ទីស្តីការ​ក្រសួង​យុត្តិធម៌ និង​សាលា​ជម្រះក្តី​គ្រប់​ជាន់ថ្នាក់ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។​


​យោងតាម​ក្រសួងយុត្តិធម៌​បានឱ្យដឹងថា សិក្ខាសាលា​ស្តីពី "​ថវិកា​សមិទ្ធកម្ម​" ត្រូវបាន​បើក​ដោយ​លោក​កើត សេកាណូ ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គលេខាធិការ​នៃ​ក្រសួង​យុត្តិធម៌។​

​សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​ចំនួន ២ និង​កិច្ចពិភាក្សា​ចំនួន ១ ។​ប្រធានបទ​ទី ១ ស្តីពី "​ថវិកា​សមិទ្ធកម្ម​" ដែល​ត្រូវបាន​ឧទ្ទេសនាម​ដោយ លោក ប៉ូ ឬ​ទ្ធី អនុប្រធាន​នាយកដ្ឋាន​ថវិកា​នីយកម្ម នៃ​អគ្គនាយកដ្ឋាន​ថវិកា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ប្រធានបទ​ទី ២ ស្តីពី "​ការរៀបចំ​គម្រោង​ថវិកា​សមិទ្ធកម្ម​ក្នុង​វិស័យ​យុត្តិធម៌​" ដែល​ឧទ្ទេសនាម​ដោយ លោក ណុប វណ្ណៈ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ហិរញ្ញវត្ថុ នៃ​អគ្គលេខា​ធិការដ្ឋាន​នៃ​ក្រសួង​យុត្តិធម៌។​


​ដោយឡែក​ចំពោះ​កិច្ចពិភាក្សា​ចំនួន ១ នោះ​គឺ​ស្តីពី "​រចនាសម្ព័ន្ធ​ថវិកា​សមិទ្ធកម្ម និង​សូចនាករ​គន្លឹះ​ក្នុង​វិស័យ​យុត្តិធម៌"៕