នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី «​ការវិភាគ​ស្ថានភាព​កុមារ​កម្ពុជា និង​សិទ្ធិ​របស់​ពួកគេ» កាលពី​ថ្ងៃទី ៣០ ខែមីនា​នេះ អង្គការ​យូនីសេហ្វ ( UNICEF) ប្រចាំ​កម្ពុជា បាន​បង្ហាញ​នូវ​វឌ្ឍនភាព​ធំៗ​ដែល​កម្ពុជា​សម្រេច​បាន​ក្នុងការ​លើកកម្ពស់​សិទ្ធិ​កុមារ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លង​មកនេះ។


​ទន្ទឹមនេះដែរ យូ​នី​សេ​ហ្វ នៅតែ​ជំរុញ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុងការ​លើកកម្ពស់​សិទ្ធិ​កុមារ ខណៈ​កុមារ​ខ្លះ​ក៏នៅ​ជួប​បញ្ហា​មួយចំនួន​ផងដែរ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ បានឱ្យដឹងថា តំណាង​មកពី​ស្ថាប័ន​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​នេះ ដើម្បី​ស្តាប់​លទ្ធផល​នៃ​ការវិភាគ​នេះ ដែល​បង្ហាញ​ពី​វឌ្ឍនភាព​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នៅក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក ឆ្ពោះ​ទៅរក​ការសម្រេច​បាន​សិទ្ធិ​កុមារ​ដោយ​ពេញលេញ ក៏ដូចជា​បញ្ហា​ប្រឈម​ដែល​កំពុង​ជួបប្រទះ និង​ផ្នែក​នានា​ដែល​ត្រូវ​កែលម្អ។


​ផ្អែកលើ​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ (UNCRC) គោលការណ៍​សិទ្ធិមនុស្ស​សំខាន់ៗ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ការវិភាគ​ឯករាជ្យ​នេះ​បាន​វាយតម្លៃ​ផ្នែក​សំខាន់ៗ​មួយចំនួន ដូចជា​សិទ្ធិ​ទទួលបាន​បរិស្ថាន​ប្រកបដោយ​ផាសុកភាព សិទ្ធិ​ចូលរួម​ក្នុងការ​ធ្វើ​សេចក្តី​សម្រេចចិត្ត សិទ្ធិ​ទទួល​បាន​សុខភាព​និង​អាហារូបត្ថម្ភ សិទ្ធិ​ទទួល​បាន​ទឹកស្អាត ភាព​ស្អាត និង​អនាម័យ សិទ្ធិ​ទទួល​បាន​ការអប់រំ សិទ្ធិ​កិច្ចការពារ​ពី​គ្រោះថ្នាក់ និង​ជីវភាព​រស់នៅ​សមរម្យ និង​កិច្ច​គាំពារ​សង្គម​គ្រប់គ្រាន់។​

​សេចក្តីប្រកាស​ដដែល​ប​ញ្ជា​ក់ថា​៖ «​ការវិភាគ​ទទួលស្គាល់ថា ខណៈពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ដើម្បី​លើកកម្ពស់​ជីវភាព​របស់​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមក និង​ដោយ​កត់សម្គាល់​ឃើញថា ប្រទេស​នេះ​បាន​សម្រេច​លើស​ចំណុច​ដៅ​របស់​ខ្លួន​ដល់​ទៅ ៣០ ភាគរយ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ប្រជាជន​កម្ពុជា​ជិត ១៨ ភាគរយ នៅតែ​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ ហើយ​ជិត​ពាក់កណ្តាល​នៃ​ប្រជាជន​ដែល​មាន​អាយុ​ពី ០ ដល់ ១៧ ឆ្នាំ ស្ថិត​ក្នុង​និយមន័យ​នៃភាព​ក្រីក្រ​ពហុវិមាត្រ» ។


​លោក វី​ល ផាក​ស៍ តំណាង​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា មានប្រសាសន៍​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មកនេះ កម្ពុជា​បាន​សម្រេច​បាន​វឌ្ឍនភាព​ដ៏សំខាន់​នៅក្នុង​ជីវិត​របស់​កុមារ​។ លោក​បន្តថា៖ «​ខ្ញុំ​សូម​ទទួលស្គាល់ និង​អបអរសាទរ​ប្រទេស​កម្ពុជា ប៉ុន្តែ​យើង​ក៏​ត្រូវតែ​ទទួលស្គាល់​ផងដែរ​នូវ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ ដែល​គំរាមកំហែង និង​បង្កភាព​យឺតយ៉ាវ​ដល់​វឌ្ឍនភាព​ឆ្ពោះ​ទៅរក​ការសម្រេច​បាន​សិទ្ធិ​កុមារ​ដោយ​ពេញលេញ»។

​លោក​បន្ថែមថា ចំពោះ​បញ្ហា​ប្រឈម​ទាំងនេះ យើង​ត្រូវតែ​ជ​ម្នេះ រហូតដល់​សិទ្ធិ​ទាំងអស់​របស់​កុមារ​គ្រប់រូប​ត្រូវបាន​គោរព និង​បំពេញ។

​លោក​ថា​៖ «​ដោយ​ពិនិត្យមើល​វឌ្ឍនភាព​ធំៗ​ដែល​សម្រេចបាន​ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​បាន​បង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​នូវ​លទ្ធភាព ក្នុងការ​គិតគូរ​ដល់​អនាគត​មួយ ដែល​កុមារ​ទាំងអស់​អាច​ទទួល​បានការ​ថែទាំ​សុខភាព អាហារូបត្ថម្ភ កិច្ចការពារ និង​ការអប់រំ​ដែល​ពួកគេ​ត្រូវការ សម​ទទួល​បាន និង​ត្រូវបាន​ផ្តល់ជូន»។

​យូ​នី​សេ​ហ្វ នឹង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​ជិតស្និទ្ធ ដើម្បី​ធ្វើឱ្យ​ទស្សន​វិស័យនេះ​ក្លាយជា​ការពិត។​

​ប្រភព​ដដែល បញ្ជាក់ថា ការវិភាគ​នេះ​ក៏​ពិចារណា​ផងដែរ នូវ​របកគំហើញ​ពី​ការវាយតម្លៃ​របស់​គណៈកម្មាធិការ​សិទ្ធិ​កុមារ​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២២ ចំពោះ​វឌ្ឍនភាព​របស់​កម្ពុជា​ក្នុងការ​អនុវត្ត UNCRC ដោយ​បាន​សន្និដ្ឋានថា ទោះបី​ជាមាន​វិធានការ​ច្បាប់ ស្ថាប័ន និង​គោលនយោបាយ​ផ្សេងៗ​ដើម្បី​ដាក់បញ្ចូល​សិទ្ធិ​របស់​កុមារ​ទៅក្នុង​ច្បាប់​ក្តី ប៉ុន្តែ​នៅ​តែមាន​ភាព​ខ្វះខាត​ធំៗ​ជាច្រើន​ដែល​ត្រូវបំពេញ ហើយ​កម្ពុជា​ត្រូវតែ​ពង្រឹង​យន្តការ​អនុវត្ត និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​និង​គោលនយោបាយ​ទាំងនេះ៕