កោះកុងៈ ក្រសួងបរិស្ថាន សហការ​ជាមួយ​ក្រសួង​សុខាភិបាល បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ដើម្បី​ជំរុញ និង​បំផុស​ការយល់ដឹង​ជា​សាធារណៈ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅតាម​ទីជនបទ ដើម្បី​ផ្លាស់ប្ដូរ​ផ្នត់គំនិត និង​ទម្លាប់​របស់​ប្រជាពលរដ្ឋ ក្នុងការ​ប្រតិបត្តិ​លើ​ការរស់នៅ​ស្អាត គ្មាន​ការចម្លង​ជំងឺ​គ្រុនចាញ់ ដើម្បី​លើកកម្ពស់​សុខុមាលភាព​សង្គម និង​សំដៅ​រួមចំណែក​ដល់​ការថែរក្សា​សុខភាព ប្រជាពលរដ្ឋ។​


​នេះ​ជាការ​ថ្លែង​របស់​លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក្នុងពេល​ដែល​លោកស្រី​បាន​សហការ​ជាមួយ​មន្ត្រី​ក្រសួង​សុខាភិបាល យក​មុង​ជ្រលក់​ថ្នាំ ថ្នាំពេទ្យ ចែកជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ប្រឡាយ ឃុំ​ជំនាប់ ឃុំ​ថ្មដូនពៅ ស្រុក​ថ្មបាំង ខេត្ត​កោះកុង កាល​ពី​ថ្ងៃទី ៣០ ខែមីនា។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន​ក្នុងពេល​ចុះ​ចែក​មុង​ជ្រលក់​ថ្នាំ​នោះ លោកស្រី​ម៉ុម ថានី បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័នរដ្ឋ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​សហគមន៍​អ្នកផ្តល់​ជំនួយ​នានា សូម​បន្ត​នូវកិច្ច​សហការ​ជាមួយ​ក្រសួងប​រិស្ថាន ដើម្បី​លើកកម្ពស់​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ តាមរយៈ​ការពង្រឹង​សមត្ថភាព និង​សុខុមាលភាព​មន្ត្រី​ឧទ្យានុរក្ស និង​គណៈកម្មការ សហគមន៍​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ចូលរួម​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ឱ្យ​កាន់តែ​ស៊ីជម្រៅ កាន់តែ​ទូលំទូលាយ និង​កាន់តែ​គ្រប់​ជ្រុងជ្រោយ ដើម្បីឱ្យ​កម្ពុជា អាចធ្វើ​ដំណើរ​ទៅកាន់​អនាគត​មួយ​ដែល​គ្មាន​ជំងឺ​គ្រុនចាញ់។​


​បើតាម​ក្រសួងបរិស្ថាន ពិធី​ប្រារព្ធ​នៅ​សាលាឃុំ​ដូន​ពៅ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ធ្វើឡើង​ក្នុង​គោលបំណង​បង្កើនការ​យល់ដឹង​ពី​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ឱ្យ​យល់ដឹង​ពី​វិធាន​ការការពារ ទប់ស្កាត់ និង​លុបបំបាត់​ជំងឺ​គ្រុនចាញ់ តាមរយៈការ​គេង​ក្នុង​មុង និង​រស់នៅ​ស្អាត ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក្នុង​គោលដៅ​ចូលរួម​ការលុបបំបាត់​ជំងឺ​គ្រុនចាញ់​ទាំងស្រុង ចេញពី​កម្ពុជា​នៅ​ឆ្នាំ ២០២៥ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុបបំបាត់​ជំងឺ​គ្រុនចាញ់​ឆ្នាំ ២០១១-២០២៥ របស់​ក្រសួង​សុខាភិបាល៕