ភ្នំពេញៈកីឡាករ​មានដើមកំណើត​នៅ​ប្រទេស​​ប្រេស៊ីល Thiago Teixeira បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា មានការ​ភ្ញាក់​ផ្អើល និង​កោតសរសើរ​ខ្លាំង បន្ទាប់ពី​រូបគេ បាន​ផ្តួល​កីឡាករ​របស់អង់គ្លេស Joe Craven ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ដើម្បី​ក្លាយជាម្ចាស់​ខ្សែ​ក្រវាត់កម្រិតពិភព​លោក WMO (World Muaythai Organization) សម្រាប់ការ​ប្រកួត​តំណាង​ឱ្យកម្ពុជា ជា​លើកដំបូង កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៣។

សម្រាប់ការ​ប្រកួត ក្នុង​កម្ម​វិធី APEX Fight Series នៅសង្វ្រៀន LKH Arena ប្រទេស​អាល្លឺម៉ង់ នា​ម៉ោង១​រំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២ ខែមេសានេះ កីឡាករ Thiago Teixeira បានប្រើ​កណ្តាប់ដៃ​ឆ្វេងស្តាំ​របស់​ខ្លួន វាយ​ឱ្យ​អ្នក​ប្រយទ្ធ Joe Craven ដួលនៅដើមទឹក​ទី​២ និង​ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់​ជា​លើកទី​១ ហើយ​ភ្លាមៗក្រោយ​ពីការ​រាប់​​នោះ Thiago ​បាន​ព្យាយាម​ចូល​វាយ​សម្រុកបន្ថែមដោយកណ្តាប់ដៃ តែ​បែរជា Joe អាច​ទប់ស្មារតី​បាន​វិញ និងម៉ាត់​សង​មក​ Thiago ឡើង​ចង់​គាំង​វិញ។

តែទោះបីជា​យ៉ាង​ណា នៅ​ចុង​ទឹក​ទី​២​នេះ កីឡាករ​​ប្រកួតតំណាង​ឱ្យកម្ពុជា Thiago បាន​វាយ​កែងស្តាំ​ចូល​ថ្គាម​ពេញ បណ្តាល​ឱ្យ Joe Craven ដួល​ទាំង​ជំហ និង​ត្រូវបានអាជ្ញាកណ្តាល រាប់ជា​លើក​ទី​២។ Joe បានព្យាយាម​ក្រោក​ឈរ និង​ងក់ក្បាល យល់ព្រមប្រកួត​បន្ត ប៉ុន្តែ​ភ្លាម​នោះ Thiago បានស្ទុះ​ចូលម៉ាត់​ថែម​២​ដៃ ហើយ​ឃើញស្ថាន​ភាព​របស់ Joe មិនអាច​តបត​​បាននោះ អាជ្ញា កណ្តាល បានសម្រេច​បញ្ឈប់ការ​ប្រកួត និងផ្តល់​ជ័យជម្នះ​ទៅ​ឱ្យ Thiago តែម្តង។


នៅ​ពេល​ការ​​ប្រកួតបញ្ចប់​​​ភ្លាម Thiago បាន​យក​ទង់ជាតិ​របស់​កម្ពុជា មកបង្ហាញ និង​​​​ចងជាប់​នៅ​ក្រោយ​​ខ្លួន​របស់​គេ។ សកម្ម​ភាព​បែបនេះ ក៏​ព្រោះ​តែ Thiago កំពុងជាប់​ចិត្ត​ខ្លាំង​ជាមួយ​​​ប្រដាល់​​គុនខ្មែរ បន្ទាប់ពី​អ្នកប្រដាល់​សញ្ជាតិ​ប្រេស៊ីល​ម្នាក់នេះ បាន​ទៅ​សិក្សា និងឃើញ​ផ្ទាល់​នឹង​ភ្នែក​ពីចម្លាក់​គុនខ្មែរ នៅប្រាង្គ​ប្រាសាទ​អង្គរ កាលពី​ពេលថ្មីៗ​នេះ ដោយ​បញ្ជាក់​ថា «គុនខ្មែរ» ជា​ក្បាច់គុន​មានដើម​កំណើត​ នៅកម្ពុជា។

ជាមួយ​ភ័ស្តុតាង បញ្ជាក់​យ៉ាងច្បាស់​ពី​មរតក​ក្បាច់គុន​របស់​ដូនតាខ្មែរ​នេះ បាន​​ធ្វើ​ឱ្យ Thiago យល់កាន់តែ​ច្បាស់ និងសម្រេច​ងាក​ចិត្តចេញ​​ពី​​ប្រដាល់​ Muay Thai ដែល​រូប​គេ បាន​ហ្វឹក​ហាត់ តាំងពី​អាយុ​១៦​ឆ្នាំ ហើយ​នេះជា​មូល​ហេតុចម្បង​ដែល​ចងចិត្ត​អ្នកប្រយុទ្ធ​របស់​​ប្រេស៊ីល​​រូបនេះ ឱ្យ​យល់​ព្រមប្រកួត​តំណាង​ឱ្យ​កម្ពុជា ដើម្បី​ជួយផ្សព្វ​ផ្សាយ «គុនខ្មែរ» ទៅ​កាន់​ពិភព​​លោក។


នៅ​ពេល​ពិធីករ បានសួរ​ពី​ចំណាប់ អារម្មណ៍ ចំពោះ​ការ​ប្រកួត​តំណាង​ឱ្យ​កម្ពុជា លើក​ទី​១​នេះ Thiago Teixeira ​​បាន​ឆ្លើយ​តប​ថា៖ «ជាដំបូង ខ្ញុំចង់​ថ្លែង​អំណរគុណ​ដល់ព្រះយេស៊ូវគ្រីស្ត ហើយ​ទី​២ ខ្ញុំ​សូមអរគុណ ដល់​អ្នក​គាំទ្រ​ទាំង​អស់, ស្រី ចាន់ថន, ម្តាយ​របស់​ខ្ញុំ និង​ប្រជា​ជន​កម្ពុជា​ចំនួន​១៦​លាននាក់ ដែល​បាន​ចូលរួម​ជាមួយខ្ញុំ ក្នុង​ការ​ប្រកួត​នេះ។ ជើង​ឯក​ពិភពលោក WMO គុនខ្មែរ ជា​ក្បាច់​គុន​មាន​ដើម​កំណើត​ពីកម្ពុជា»។

បន្ថែម​លើ​នេះ Thiago Teixeira បាន​បង្ហោះវីដេអូ​ខ្លី​មួយ​ទៀត បន្ទាប់​ពីការ​ប្រកួត​បាន​បញ្ចប់ ដោយ​រូបគេ​ បាន​និយាយ​ជា​ភាសា​ខ្មែរ​ថា៖ «គុនខ្មែរ!គុន​ខ្មែរ!គុនខ្មែរ ជាក្បាច់​គុន​មាន​ដើម​កំណើត​​ពី​កម្ពុជា»។

ជាមួយសារ​ទាំង​នេះ បាន​បញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា Thaigo បាន​ដក់​ចិត្តកាន់តែ​ខ្លាំងជា​មួយ​គុន​ខ្មែរ ហើយ​កន្លងមក រូបគេ ក៏បាន​បង្ហើប​ពីការ​រើក្លិប​ប្រដាល់​​របស់​គេ នៅ​ប្រទេស​ថៃ មក​ដាក់​នៅ​ប្រទេស​កម្ពុជា ផងដែរ។

ទន្ទឹម​នឹង​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌​មាន ក៏​បាន​ភ្ញាក់​ទាំង​យប់ ដើម្បី​បង្ហោះ​បន្ត​នូវ​ជ័យជម្នះ​របស់ Thiago ដែល​លោក​បានទទួល​ពីប្រភព​ឈ្មោះ Sai Narak ដោយ​បាន​សរសេរ​ថា៖​ «ជម្រាប​សួរ​លោក​អ៊ំំឯកឧត្តម និងសូម​ការអភ័​​យ​ទោ​ស​ពី​សំ​ណាក់​លោកអ៊ំ ចំពោះ​​ការរំខាន។ នៅពេល​នេះកីឡាករ Thiago Teixeira សញ្ជាតិ​ប្រេស៊ីល វាយ​ដណ្តើម​ខ្សែ​ក្រវាត់ តំណាងឱ្យ​គុនខ្មែរ នៅប្រទេស អាល្លឺម៉ង់ ទទួល​បាន​ជោ​គ​​ជ័យ​ហើយ ដោ​យ​ផ្តួ​លដៃ​គូ​ ឱ្យ​សន្លប់ ​នៅទឹ​ក​ទី២​»។

ចំណែក​លោក ស្រី ចាន់ថន អនុ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ និងជា​បុរស ដែលបាននាំ Thiago ទៅ​សិក្សា​ពីប្រវត្តិក្បាច់គុន​ខ្មែរ នៅអង្គរ​វត្ត ហើយក៏ជា​អ្នក​ឧបត្ថម្ភ​គាំ​ទ្រ​ខ្លាំង​ដល់ Thiago សម្រាប់ការ​ចេញ​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ នៅ​ប្រទេស​អាល្លឺម៉ង់ លើក​នេះ បាន​បង្ហាញ​ពី​មោទនភាព​ចំពោះ​កីឡាករ​សញ្ជាតិប្រេស៊ីល​រូប​​នេះ ដែល​បានចូល​រួមជួយ​លើក​មុខ​មាត់​​គុនខ្មែរ ក្នុង​នាម​ជា​កីឡាករ​បរទេស​ដំបូង​គេ។

លោក ចាន់​ថន បាន​បង្ហោះ​សារ​បែបនេះ​ថា៖ «១ កែង​ស្តាំ​ ល្អណាស់ Thiago ផ្តួល​គូ​ប្រកួត នៅទឹក​ទី២ ដោយ​អាជ្ញា​​កណ្តាល​បញ្ឈប់​ការ​ប្រកួត។ ទីបំផុតកីឡាករ Thiago ឈ្នះហើយបង​ប្អូន។ ខ្ញុំ​មាន​ការ​ត្រេក​អរ​​គ្មាន​​អ្វី​ប្រៀប​បាន​ឡើយ​ ព្រោះ​នេះ​ជាអ្វី ដែល​ខ្ញុំ​រំពឹង​ទុក​ជា​យូរ​ណាស់មក​ហើយ។ ខ្ញុំតែង​តែរំពឹងទុកថា ថ្ងៃណាមួយកីឡាករខ្មែរ ក៏​ដូច​ជា​កីឡាករ​បរទេស ដែល​​​ឡើង​ប្រកួត​តំណាង​ឱ្យ​គុនខ្មែរ​ នឹង​អាច​លើក​ទង់​ជាតិខ្មែរ នៅ​លើ​ឆាក​អន្តរជាតិ​បាន​ជាក់​ជា​មិន​ខាន ហើយ​យប់​នេះ ក្តី​ស្រមៃ​របស់​ខ្ញុំ​មួយ​នេះ បាន​សម្រេច​ហើយ»។

អនុ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​រូបនេះ បាន​បន្ថែម​ថា៖ «គុនខ្មែរ​របស់​យើង​ចាប់​ផ្តើម​​ឡើង​ដល់​ឆាក​អន្តរ​ជាតិ​បណ្តើរៗ​ហើយបងប្អូន។ យ៉ាង​ណាមិញ នេះ​គ្រាន់​តែ​ជា​កិច្ច​ចាប់​ផ្តើម​ប៉ុណ្ណោះ។ នៅ​ពេល​ខាងមុខ ​យើង​នឹង​រៀបចំ​ការ​ប្រកួត​កម្រិត​អន្តរ​ជាតិ​ដោយ​ខ្លួនឯង តាម​ប្រទេស​​នីមួយៗ នៅ​ជុំវិញ​ពិភព​លោក»៕