
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រី ចូលរួមយុទ្ធនាការ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងខេត្តកំពង់ស្ពឺ។ រូបថត FB
ភ្នំពេញៈ ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកំពង់ស្ពឺ ជាខេត្តទី៤ បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្កាល ដែលទទួលបានជយលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ។
ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ នាថ្ងៃទី៣ ខែមេសា លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ កម្ពុជាបានកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាលនៅតាមខ្នងផ្ទះក្នុងតំបន់ជនបទ ហើយចំនួនខ្នងផ្ទះដែលអនុវត្តការបន្ទោបង់ពាសវាលពាសកាល បានធ្លាក់ចុះពី ៦២% ក្នុងឆ្នាំ២០១០ មកនៅត្រឹមតែ ១៦% ប៉ុណ្ណោះ ក្នុងឆ្នាំ២០២២។
លោកបានបន្តថា ជោគជ័យនេះក៏ដោយសារតែមានការគាំទ្រពីអ្នកពាក់ព័ន្ធ ដោយធ្វើការយ៉ាងយកចិត្តទុកដាក់នៅគ្រប់កម្រិត ក្នុងការពង្រឹងការរៀបចំស្ថាប័ន,ការអភិវឌ្ឍផែនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលការអនុវត្តប្រព័ន្ធតាមដាននិងត្រួតពិនិត្យអនាម័យ, ចលនាឱ្យមានការចូលរួមពីសហគមន៍, ការរៀនសូត្រ និងការផ្លាស់ប្ដូរបទពិសោធន៍ និងការផ្តោតការយកចិត្តទុកដាក់ដល់ក្រុមមនុស្ស ដែលងាយរងគ្រោះ និងលំបាកក្នុងការទទួលបានសេវាផងដែរ។
លោកអ៊ុក រ៉ាប៊ុន ថ្លែងថា៖ «ការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ជាសមិទ្ធផលដ៏ធំមួយរួចទៅហើយ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ។ យើងត្រូវធានាថា គ្រួសារទាំងអស់មានបង្គន់អនាម័យ និងប្រើប្រាស់បង្គន់អនាម័យគ្រប់គ្នាដើម្បីសម្រេចបាននូវការទទួលបានសេវាអនាម័យកម្រិតមូលដ្ឋានជាសកល និងរក្សាបាន និរន្តរភាពនៃសេវាអនាម័យស្អាត»។
លោកបានបន្ថែមថា ទាំងអស់គ្នាត្រូវការមួយជំហានទៀតដើម្បីសម្រេចបានសេវាគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព លើសពីការប្រើប្រាស់បង្គន់ទៅជាការគ្រប់គ្រងកាកសំណល់លាមក។
បើតាម លោក អ៊ុក រ៉ាប៊ុន ទន្ទឹមនឹងភាពជោគជ័យនេះដែរ ក៏នៅមានបញ្ហាប្រឈមសំខាន់មួយទៀត គឺការរក្សាឱ្យមាននិរន្តរភាពនូវស្ថានភាពការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ហើយត្រូវធានាថាបរិក្ខារទឹកស្អាត និងអនាម័យទាំងអស់មានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។
នាឱកាសនោះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានថ្លែងឱ្យដឹងដែរថា ក្នុងខេត្តកំពង់ស្ពឺ ខ្នងផ្ទះ ដែលមានបង្គន់អនាម័យ ប្រើប្រាស់មានចំនួន ១៨២ ៤៩៩ ផ្ទះ នៃចំនួនផ្ទះសរុប ១៩៥ ៤០៦ ខ្នង។ ផ្ទះប្រើបង្គន់អនាម័យរួមមានចំនួន ១២ ៩០៧ ខ្នង ក្នុងនោះផ្ទះក្រីក្រចំនួន ៥ ៤០៤ ខ្នង ចំណែកចំនួនខ្នងផ្ទះ បានលាងសម្អាតដៃនឹងសាប៊ូ ស្មើនឹង ១០០% នៃចំនួនខ្នងផ្ទះសរុប។
លោក វ៉ី សំណាង ថ្លែងថា ៖ «ស្ថានភាពក្រុង ស្រុកដែលទទួលបាន ODF មាន ស្រុកបសេដ្ឋ ទទួលបាន ODF នៅឆ្នាំ២០១៩ ក្រុងច្បារមន ទទួលបាន ODF នៅឆ្នាំ២០២១ និងស្រុកចំនួន ៦ ទៀត រួមមាន ស្រុកគងពិសី ស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកថ្ពង ទទួលបាន ODF នៅដំណាច់ឆ្នាំ២០២២ កន្លងទៅនេះ»។
លោកបន្តថា កន្លងទៅពេលថ្មីៗនេះ ខេត្តកំពង់ស្ពឺក៏ទទួលបាននូវពានរង្វាន់អាស៊ានពីប្រទេសឥណ្ឌូនេស៊ីផងដែរ គឺនៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ទាក់ទងនឹងបង្គន់អនាម័យស្អាត៕