ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ ដែល​ដល់សុពលភាព​ពេលវេលា​កំណត់លក្ខណៈបច្ចេកទេស ត្រូវទៅធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (ឆៀក) ឡើងវិញ ដែលចល័ត​នៅតាម​ខេត្ត ឬ​តាម​ទីតាំង​ឆៀក​ទូទាំងប្រទេស ខណៈ​តួលេខ​ឆ្នាំ២០២២ មាន​រថយន្ត​ប្រមាណ​ជាង ១០ ភាគរយ​ប៉ុណ្ណោះ​ដែល​ខកខាន។

ការអំពាវនាវ​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានប្រកាស​កាល​បរិ​ច្ឆេ​ទ​ត្រូតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (ឆៀក) ចល័ត​នៅតាម​ខេត្ ត​សម្រាប់​ឆ្នាំ២០២៣ ក្នុងន័យ​បង្ខិត​សេវា​មក​ជិត​ប្រជាពលរដ្ឋ​ដើម្បី​ចំ​ណេញ​ពេលវេលា ថវិកា និង​ចូលរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

តាម​តារាង​កាល​បរិ​ច្ឆេ​ត​របស់​ក្រសួង​សាធារណការ បានឱ្យដឹងថា ក្នុង​រាជធានី-​ខេត្តនីមួយៗ ត្រូវធ្វើឡើង​តាមរយៈ​រថយន្ត​ឆៀក​ចល័ត​ចន្លោះ​ពី ៤ ទៅ ៥ ថ្ងៃ អាស្រ័យ​ទៅតាម​កាលវិភាគ​កំណត់ និងទីតាំង ខណៈ​ម្ចាស់​រថយន្ត​ទាំងអស់ ក៏​អាច​យក​​យានយន្ត​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (ឆៀក) ដែលមាន​នៅតាម​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី-​ខេត្ត​ដែល​ជិត​បំផុតឱ្យទាន់​ពេលវេលា​ផងដែរ។


លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី៣ ខែមេសា​ថា ក្រសួង មាន​យន្តការ​ឆៀក​ចំនួន ២ គឺ​ទី១ ការ​ត្រួតពិនិត្យ​លក្ខណៈ​ប​ច្ចក​ទេស​ ឬ​ឆៀក​នេះ នៅតាម​មណ្ឌល​ដែលមាន​ជិត​២០ កន្លែង​នៅ​ទូទាំងប្រទេស។ ចំណែក​ទី២ លោក​ថា គឺ​ការ​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​ប​ច្ចក​ទេស​តាមរយៈ​រថយន្ត​ឆៀក​ចល័ត ដែលមាន​ការ​ចល័ត​ទៅតាម​ទិសដៅ ឬ​ទីតាំង​ក្នុង​រាជធានី​-ខេត្ត​ទាំងឡាយណា​ដែលមាន​តម្រូវ​ការចាំបាច់។

លោក បាន​និយាយ​ថា៖«ក្នុងនាម​ក្រសួង​ស្ថាប័ន​ជំនាញ​ក្នុង​វិស័យ​ដឹក​ជ​ញ្ចូ​ន ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​​ផ្លូវគោក​ឱ្យបាន​កាន់តែ​ល្អប្រសើរ និង​ដើម្បី​សុវត្ថិភាព​ក្នុងការ​បើកបរ សូម​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យក​​​យានយន្ត​របស់ខ្លួន​ទៅធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ទៀង​ទាត់។ ការ​ឆៀករថយន្ត​មិន​ចំណាយពេល​ច្រើន​ទេ គឺ​ក្នុង​ចន្លោះ​ពី ១៥ នាទីទៅ ៣០ នាទី​ អី​រួចហើយ អាស្រ័យទៅលើ​រថយន្តនីមួយៗថា រថយន្ត​នោះ​មាន​ភាព​ស្មុ​គ​ស្មាញ​ក្នុងការ​ត្រួតពិនិត្យ​កម្រិតណា»។


ផ្អែក​តាម​តួលេខ​ឆ្នាំ២០២២ មាន​យានយន្ត​ប្រមាណ​ជា ១៦ ភាគរយ ក្នុងចំណោម ១ លាន​យានយន្ត មិនទាន់​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ខណៈ​យានយន្ត​ប្រមាណ​ជា ៨៣ ភាគរយ បាន​បំពេញ​តួនាទី​ក្នុងការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នេះ​បាន​ត្រឹមត្រូវ។ នេះបើតាម​លោក ហ៊ាង សុទ្ធា​យុ​ត្តិ។

លោក បាន​អះអាងដែរថា ការចូលរួម​ទទួល​សេវា​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេសរបស់ប្រជាពលរដ្ឋ គឺ​មានន័យថា គ្រប់​គ្នា​បាន​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ខ្លួនឯង​ផង និងដើម្បី​អ្នកធ្វើដំណើរ​នៅតាម​ដងផ្លូវ​ទាំងអស់​ផង។

លោក​ បានបញ្ជាក់​បន្ថែម​ថា៖ «ចំពោះ​ចំនួន​ឆៀក​វិញ គឺ​វា​អាច​តិច ឬ​ច្រើនជាង​តួលេខ​នេះ ក្នុងឆ្នាំនីមួយៗ អាស្រ័យ​ទៅ​តាម​ប្រភេទ​រថយន្ត​ខ្លះ ត្រូវ ១ ឆ្នាំឆៀ​ក​ម្តង ព្រោះ​ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ។ ក្នុងករណី​រថយន្ត​ថ្មីគឺ២ឆ្នាំ​ឆៀក​ម្តង។ ដោយឡែក​ចំពោះ​រថយន្ត​លក្ខណៈ​គ្រួសារគឺ​តម្រូវ ៤ ឆ្នាំ ​ឆៀក​ម្តង ​ក្នុងករណី​រថយន្ត​ថ្មី ប៉ុន្តែ​បើ​រថយន្ត​ចាស (មួយ​ទឹក) គឺ​ត្រូវ​មក​ឆៀក​រៀងរាល់ ១ ឆ្នាំ​ម្តង»។

តាមច្បាប់ ក្នុងករណី​ម្ចាស់​យានយន្ត មិនបាន​យក​រថយន្ត​ទៅ​ឆៀក​ឱ្យទាន់​ពេលវេលា​កំណត់ នឹងត្រូវ​ទទួលរង​ការផាក​ពិន័យ​ក្នុង១ ថ្ងៃ៥០០រៀល សម្រាប់​រថយន្ត​គ្រួសារ និង​រថយន្ត​ដឹកទំនិញ ហួស​សុពលភាព ១ ថ្ងៃ ពិន័យ ២០០០ ​រៀល ខណៈ​ការពិន័យ​នឹង​ទូទាត់​សរុប​នៅពេល​យានយន្ត ត្រូវបាន​យកមក​ឆៀក ឬ​រកឃើញថា បានគេច​វេះ​ក្នុង​ការបំពេញ​កាតព្វកិច្ច​ឆៀក​ប្រចាំឆ្នាំ៕