ភ្នំពេញៈបេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស) កាលពីថ្ងៃ​ទី ៣ ខែមេសា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី ការធ្វើ​បច្ចុប្បន្នភាព​របប​សន្ដិ​សុខ​សង្គម ពង្រឹងសមត្ថភាព​បន្ថែម ​១ កម្រិត​ទៀត និង​ជា​មូលដ្ឋានគ្រឹះ ចំណេះដឹង និង​ចំណេះធ្វើ​លើ​ការងារ​ស្នូល​របស់ ប.ស.ស. ដើម្បី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ យល់ដឹង​កាន់តែច្បាស់​បន្ថែម ទៀត​ពា​ក់​ព័ន្ធ​នឹង​ការវិវត្ត​ប្រព័ន្ធ​សន្ដិសុខ​សង្គមថ្មី។


លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប.ស.ស. បាន​លើកឡើងថា ការធ្វើការងារ​ក្នុង​អង្គភាព មិនមែន​ចេះ​ត្រឹមតែ​ការងារ​ផ្ទាល់ ការងារ​ស្នូល​របស់ខ្លួន​ទេ តែ​ត្រូវ​ចេះ​ការងារ​រួម​របស់​អង្គភាព​ទាំងមូល។

លោក​ថា វគ្គ​បណ្ដុះបណ្ដាល​នាពេលនេះ ជាការ​បង្ហាញ​ចំណេះដឹងថ្មីៗ ពី​ការងារ​រួម​ក្នុង​អង្គភាព ដោយ​កន្លងមក​ថ្នាក់ដឹកនាំ​ក្នុង​អង្គភាពនីមួយៗធ្វើការ​ទៅតាម​ជំនាញ​ដោយ​ផ្ដោតទៅលើ​ភារកិច្ច​ប្រចាំថ្ងៃ​របស់ខ្លួនរៀងៗខ្លួន ក៏ប៉ុន្ដែ​ការយល់ដឹង​អំពី​គោលការណ៍​រួម លិខិតបទដ្ឋាន​រួម​របស់​អង្គភាព នៅមានកម្រិត​នៅឡើយ។


លោក អ៊ុក សមវិទ្យា​ បាន​ថ្លែងថា៖«វគ្គ​បណ្ដុះបណ្ដាល​នាពេលនេះ ជា​ឱកាស​ពង្រឹងសមត្ថភាព​បន្ថែម​១កម្រិត​ទៀត និង​ជា​មូលដ្ឋានគ្រឹះ ចំណេះដឹង និង​ចំណេះធ្វើ​លើ​ការងារ​ស្នូល​របស់ ប.ស.ស ដើម្បី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ យល់ដឹង​កាន់តែច្បាស់​បន្ថែមទៀត ​ពា​ក់​ព័ន្ធ​នឹង​ការវិវត្ត​ប្រព័ន្ធ​សន្ដិសុខ​សង្គមថ្មី»។

បន្ថែម​ពីលើ​នេះ លោក​បាន​ជំរុញ​លើកទឹកចិត្ត​ ឱ្យមាន​ការរៀបចំ​ការបណ្តុះ​បណ្តាល​ទាក់ទង​នឹង​ការធ្វើ​បច្ចុប្បន្នភាព​របប​សន្ដិ​សុខ​សង្គម​នេះ រៀងរាល់ ៣ខែម្ដង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​នានា​ ទាក់ទង​នឹង​ការវិវត្ត​នៃ​ការអនុវត្ត​របប​សន្ដិ​សុខ​សង្គម ដល់​ថ្នាក់ដឹកនាំ មន្ត្រី​ក្រោម​ឱវាទ ពង្រឹង​សមត្ថភាព​បន្ថែម ​ឱ្យ​កាន់តែ​ទូលំ​ទូលាយ និង​រិះរក​នីតិវិធីថ្មីៗ សំដៅ​លើកកម្ពស់ ការងារ​ប្រចាំថ្ងៃ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។


លោក​បានបង្ហាញ​ពី​ក្តីសង្ឃឹម​យ៉ាង​ដូច្នេះ​ថា៖«ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ដែល​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ព្យាយាម​ចូលរួម​សួរ​សំណួរ​ពី​បញ្ហា​នានា​ដែល​ខ្លួន​កំពុង​ខ្វះខាត ដើម្បី​យកទៅ​បំពេញបន្ថែម ​ក្នុងការ​បំពេញការងារ ការផ្សព្វផ្សាយ​បន្ដ ប្រកបដោយ​ទំនួល​ខុសត្រូវ ប្រកបដោយ​វិជ្ជាជីវ: គុណភាព និង​ប្រសិទ្ធភាព»។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​លោក ប៉ាវ ស៊ីណា បាន​និយាយ​ថា បច្ចុប្បន្ន ការប្រើប្រាស់​បណ្ណ ប.ស.ស របស់​កម្មករ​និយោជិត មាន​លក្ខណៈ​ល្អប្រសើរ​ច្រើន ដោយ​មួយរយៈ​ចុងក្រោយ​នេះ លោក​មិនសូវ​ទទួល​បាន​ការរិះគន់​ពី​កម្មករនិយោជិត ចំពោះ​ការប្រើប្រាស់​សេ​វា ប.ស.ស​ នោះទេ ប៉ុន្តែ​ព័ត៌មាន​ដែល​លោក​បានទទួល ​គឺ​ទាក់ទង​នឹង​ឥរិយាបថ​របស់​បុគ្គលិក​ពេទ្យ។

លោក​បាន​ប្រាប់ថា៖«ចំពោះ​អ្នកផ្តល់​សេវា​សុខាភិបាល​នេះ កន្លែង​ខ្លះ​ គាត់​នៅតែ​មិន​យកចិត្តទុកដាក់​លើ​អ្នកជំងឺ ដែល​ប្រើប្រាស់​បណ្ណ​ប.ស.ស គឺ​នៅមាន​ភាព​ចន្លោះប្រហោង ប៉ុន្តែ​ការប្រើប្រាស់​បណ្ណ​ជាទូទៅ​មិនមាន​ឧបសគ្គ​អ្វី​ទេ ខាង​ស្ថាប័ន ​ប.ស.ស ជួយ​សម្រួល​បាន​ច្រើន»។

ទោះជា​បែបនេះ​ក្តី​លោក ប៉ាវ ស៊ីណា នៅតែ​ទទូច​ដល់​បេឡា​ជាតិ​ សន្តិសុខ​សង្គម ពង្រីក​វិសាលភាព នៃ​ការទទួលខុសត្រូវ​បញ្ហា​សុខភាព​របស់​កម្មករ​ និយោជិត​ទាំងស្រុង ដោយ​មិនមាន​លក្ខខណ្ឌ ខណៈដែល​កន្លងទៅពិនិត្យ​និង​ព្យាបាល​ជំងឺ​របស់​កម្មករនិយោជិត​នៅមាន​ការកំណត់​ប្រភេទ​ជំងឺ​នៅឡើយ៕