ព្រះវិហារៈ សហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហារ​ បានអះអាង​ពីការ​បន្តរកឃើញបទល្មើសព្រៃឈើជិត ២០០ ករណីនៅ​ព្រៃព្រះរកា ក្នុងតំបន់អូរតាដុក អូរត្រមាក់ និងតំបន់ពាមអូរស្កាច ប៉ុន្តែ​មន្ត្រី និង​អាជ្ញាធរមូលដ្ឋាន ប​ដិ​សេធមិនទទួលស្គាល់របាយការណ៍របស់សហគមន៍​នេះឡើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ ឃុំប្រមេរ ស្រុកត្បែ​ង​មានជ័យ កាល​ពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បាន​អះអាង​ថា តាមការចុះល្បាតរបស់សហគមន៍មូ​លដ្ឋាននៅចន្លោះថ្ងៃទី​២៣ ដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញថា ស្ថានភាពតំបន់ព្រៃព្រះរកា ក្នុងតំ​បន់អូរតាដុក អូរត្រមាក់ និងតំបន់ពាមអូរស្កាច បានប្រទះឃើញបទល្មើសថ្មីចំនួន ១៩៨ករណី និងមានក្ដា​របន្ទះចំនួន ១៧៥ សន្លឹក សសរ ២៧ដើម ហើយនិងឈើតាប់ ១៦សន្លឹក។

សេចក្តីប្រកាស​បាន​ឱ្យដឹងដែរ​ថា ឈើដែលត្រូវរងការកាប់បំផ្លាញទាំងនោះ សុទ្ធតែជាឈើដែលសហគមន៍ទា​ញអនុផលជ័រច្បោះ ដែលមានមុខកាត់ចាប់ពី ៥០សង់ទីម៉ែត្រ ដល់៣០០សង់ទីម៉ែត្រ ដែលជាប្រភេទឈើ​មានតម្លៃខ្ពស់ ដូចជា ឈើពពេល ផ្តៀក ស្ទៀង កកោះ តាត្រាវ និងឈើទាលផងដែរ។


លោក ខាក់ ភារិទ្ធម៉ាស៊ី យុវជនសកម្មនៅសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ បាន​អះអាង​ថា ពេលលោកចុះល្បាតជាមួយសមាជិកសហគមន៍ រយៈពេល៣ថ្ងៃកន្លងមកនេះ នៅក្នុងតំបន់ព្រៃព្រះរកា​បា​នប្រទះឃើញបទល្មើសថ្មីចំនួន ១៩៨ករណី សុទ្ធតែជាគល់ឈើ ដែលត្រូវបានក្រុមឈ្មួញកាប់ហើយថ្មី​ៗ​។ ក្រុមឈ្មួញទាំងនោះ បានចូលមកកាប់ និងដឹកឈើ ដោយមាន​ការរារាំង ពីសំ​ណា​ក់អាជ្ញាធរមូលដ្ឋានដែរ ប៉ុន្តែគ្រាន់តែអាជ្ញាធរធ្វើការណែនាំតិចតួច និងយកលុយពីក្រុមឈ្មួញ ហើយក៏ឱ្យ​ក្រុមឈ្មួញទាំងនោះ​ដឹកឈើ​ចាកចេញ។

លោកខាក់ ភារិទ្ធម៉ាស៊ី ​ថ្លែង​ថា ៖ «​​ពិតជាមានការសោកស្តាយជាខ្លាំង ចំពោះការអនុវត្តផែនការក្នុងកា​រល្បាតការពារព្រៃឈើ​ពីសំណាក់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ពីព្រោះសហគមន៍ តែងតែអាស្រ័យផ​លលើអនុផលព្រៃឈើទាំងនោះ តាមរយៈការប្រមូលជ័រទឹក បេះផ្លែឈើ ប្រមូលទឹកឃ្មុំ ដើម្បីប្រកបរបរចិ​ញ្ចឹមជីវិតជាប្រចាំថ្ងៃជាដើម»។


លោក​បន្តថា​ ៖ «រាល់បទល្មើសទាំងអស់ហ្នឹង ពួកខ្ញុំនៅតែបារម្ភ ពីព្រោះវាបានប៉ះពាល់ខ្លាំងទៅដល់សហគ​មន៍ ហើយណាមួយទៀត វាក៏អាចជាផ្នែកមួយ ដែល​ធ្វើឱ្យមាន​ការបម្រែបម្រួលអាកាសធាតុដែរ។ ជាពិសេសប្រភេទឈើដែ​លគេកាប់សុទ្ធតែជាឈើដែលបងប្អូនសហគមន៍ធ្លាប់អាស្រ័យផល ដូចជា រកជ័រច្បោះ រកបន្លែផ្លែឈើជាប្រចាំផងដែរ»។

ទាក់ទងនឹងការរក​ឃើញបទល្មើសនេះ ​លោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុកត្បែងមានជ័យ បាន​ថ្លែង​ថា​ លោកមិនអាចទទួលយកនូវអ្វីដែលសហគមន៍បានរកឃើញបទល្មើសព្រៃឈើថ្មីនោះទេ ពីព្រោះរ​បា​យ​ការណ៍របស់ពួកគាត់ផ្អែកតែការចុះល្បាតរបស់ពួកគាត់ ដោយមិនបានសហការជាមួយអាជ្ញាធរមូលដ្ឋា​ន និងមន្ត្រីបរិស្ថាននោះទេ។

លោកបានបញ្ជាក់ថា ​អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបរិស្ថាន កំពុងធ្វើការយ៉ាងតឹងរ៉ឹងចំពោះការអភិរក្សធនធានធ​ម្មជាតិទាំងនោះ ​ទោះបីមានច្រកខ្លះ ត្រូវបានចន្លោះប្រហោង ក្នុងការគ្រប់គ្រងក៏ដោយ ប៉ុន្តែមន្ត្រីបរិស្ថាន និ​ងអាជ្ញាធរ​មូលដ្ឋាន បានព្យាយាមខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការការពារព្រៃឈើទាំងនេះ​។

លោក សុខ មុន្នីរិទ្ធ បញ្ជាក់​ថា៖ «អ៊ីចឹងអ្វីក៏ដោយ គួរតែមានការសហការគ្នាជាមួយជំនាញ និងជាមួយអា​ជ្ញាធរ ផងដែរ ដែលមានការជូនដំណឹងទៅវិញទៅមក ពីព្រោះខ្ញុំទទួលយកមិនបានទេ រាល់បញ្ហាដែ​លចេះតែកើតឡើងជាង២០០ ទៅ៣០០ករណី ដែលគាត់រកឃើញនេះ»។

ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN)​លោក អូត ឡាទីន បានថ្លែង​ថា លោកពិតជាសោកស្ដាយ ដែលបទល្មើសព្រៃឈើ នៅតែបន្តរកឃើញជាថ្មី នៅក្នុងតំបន់ដែនជ​ម្រកសត្វព្រៃព្រះរកា ខណៈដែលតំបន់ទាំងនោះ​ត្រូវបានចុះអនុក្រឹត្យដោយរាជរដ្ឋាភិបាល ក្នុងការដាក់ជាតំបន់ដែនជម្រកសត្វព្រៃ។

​ចំពោះការមិនទទួលស្គាល់របាយការណ៍ចុះល្បាតរបស់សហគមន៍មូលដ្ឋាន កន្លងទៅលោកថា អាជ្ញាធរក៏ពួកគាត់កម្រទទួលស្គាល់ពីករណីបទល្មើសព្រៃឈើនេះណាស់ «ដោយឆ្លើយយកលេ​សរួចខ្លួន ឬចោទរបាយការណ៍ទាំងនោះថា ជាករណីភូតភរ ជារបាយការណ៍តែម្ខាង និងជារបាយកា​រ​ណ៍សម្រាប់តែបម្រើបរទេសជាដើម»។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោកសុង ច័ន្ទសុជាតិ មិនអាច​ទាក់ទងដើម្បី​សុំ​ធ្វើអត្ថាធិប្បាយ​បានទេ​កាល​ពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ ២០២៣។

ប៉ុន្តែ​ អ្នកនាំពាក្យក្រសួងបរិស្ថាន ​លោក នេត្រ ភក្ត្រា បានថ្លែង​​ថា ក្រសួងបរិស្ថានគ្មានភាពចាំបាច់ក្នុងការឆ្លើយតបលើរបាយការណ៍របស់ភាគីទី៣ ណាមួយនោះទេ ហើយខាងក្រសួងបរិស្ថាន ក៏​គូសបញ្ជាក់សាជាថ្មីដែរថា ក្រសួង និងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ បាននិងកំពុងបន្តអនុវត្តវិធានការចាំបាច់នានាដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។

លោកថា​ ក្រសួង និង​អាជ្ញាធរ នៅតែ​បន្តអនុវត្តច្បាប់ និងវិធានការសេដ្ឋកិច្ច ផ្តល់ជម្រើសមុខរបរ និងជំរុញលើ​ការចិញ្ចឹមសត្វ ដាំបន្លែ ពង្រឹងសន្តិសុខស្បៀង សម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងនាំចេ​ញនៅនឹងកន្លែង។ នេះគឺជាវិធានការជាក់ស្តែង ដែលក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធខិតខំប្រឹងប្រែងធ្វើនិ​ងការពារអភិរក្សធនធានធម្មជាតិ។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូបាននិងកំពុងបន្តអនុវត្តវិធានការចាំបាច់នានា ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិដោយបន្តអនុវត្តច្បាប់និងវិធានការសេ​ដ្ឋ​កិច្ច ផ្តល់ជម្រើសមុខរបរ និងជំរុញលើការចិញ្ចឹមសត្វ ដាំបន្លែ ពង្រឹងសន្តិសុខស្បៀង សម្រាប់ប្រជាសហគ​មន៍តំបន់ការពារធម្មជាតិ និងនាំចេញនៅនឹងកន្លែង»៕