ភ្នំពេញៈ ប្រេង​ធញ្ញជាតិ​ដូចជា​ប្រេងល្ង ប្រេង​ម្រេច​និង​ប្រេង​សណ្ដែកដី ជាទូទៅ​ត្រូវបានគេទទួលស្គាល់​ថា ជា​ប្រភេទ​ផលិត​ផល​ដែល​អាច​ផ្ដល់​អត្ថ​ប្រ​យោ​ជន៍​ដល់​សុខភាព ក៏ប៉ុន្តែ​ផលិត​ផល​ទាំងនេះ​ក៏​ជា​ផលិតផល​ដែល​ពិបាក​ក្នុង​ការផលិត​ណាស់​ពោលគឺ​ការ​គាប ឬ​ចម្រាញ់ ត្រូវមាន​អនាម័យ​និង​បច្ចេកទេស​ខ្ពស់​។​

​ជាក់ស្ដែង​នៅតាម​ផ្សារ​ទំនើប ឬ​ហាង​នានា នៅ​កម្ពុជា ផលិត​ផល​ទាំងនេះ​ភាគច្រើន សុទ្ធសឹង​ជា​ផលិតផល​នាំចូល​ពី​បរទេស ខណៈ​សិប្បកម្ម​ខ្មែរ​ដែល​កែច្នៃ​ផលិតផល​ប្រេង​ធញ្ញជាតិ​នេះ ចាប់ផ្ដើម​មាន​តិចតួច​ប៉ុណ្ណោះ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ១​ក្នុងចំណោម​ប្រភេទ​អាជីវកម្ម​កម្រ​នៅ​កម្ពុជា​នេះ​សិប្បកម្ម​ប្រេង ខេ​អេ​ច ជា​សិប្បកម្ម​ដែល​កែច្នៃ​វត្ថុធាតុដើម​ក្នុងស្រុក ទៅជា​ប្រេង​ធញ្ញជាតិ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។​


​កញ្ញា សន ចាន់ថា ជា​អ្នក​​ចែកចាយ​ផលិតផល​មួយ​នេះ​នៅ​ក្រុងភ្នំពេញ បានឱ្យដឹងថា គំនិត​អាជីវ​កម្មនេះ​ត្រូវបាន​ពិភាក្សា និង​ស្រាវជ្រាវ​ជាមួយ​កសិករ តាំងពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ ក្រោម​គោល​គំនិត​នៃ​ការអភិវឌ្ឍ​សហគមន៍ និង​ក្នុង​គោលដៅ​កែច្នៃ​គ្រាប់​ធញ្ញជាតិ​ក្នុងស្រុក ក៏ដូចជា​ការបង្កើន​ឱកាស​ទីផ្សារ​កសិផល​របស់​ប្រជាកសិករ​។ កញ្ញា​បន្តថា ពេលនោះ​ម៉ាស៊ីន​គាប​យក​ប្រេង​ធញ្ញជាតិ​តូច​មួយ​ត្រូវបាន​ទិញ​ដើម្បី​អនុវត្ត​គម្រោង​នេះ​តែម្ដង​។​

​កញ្ញា​ចាន់ថា បានឱ្យដឹងថា​៖​ «​បន្ទាប់មក​សិប្បកម្ម​ប្រេង​ខេ​អេ​ច ក៏​ទទួលបាន​ឱកាស​បណ្ដុះបណ្ដាល តាមរយៈ​គម្រោង DeveloPPP របស់​អង្គការ GIZ Cambodia លើ​បច្ចេកទេស​ដែល​គាប​ប្រេង​ធញ្ញជាតិ និង​ឱកាស​បណ្ដុះបណ្ដាល​ដោយផ្ទាល់ នៅ​ប្រទេស​អាល្លឺម៉ង់ និង​អូទ្រីស ដែល​វា​បានធ្វើឱ្យ​យើង​ឈានទៅរក​ការពង្រីក​ដៃគូ​និង​ការផលិត​ដែល​អាច​បង្កើន​ការងារ​ដល់​កសិករ និង​កម្មករ​នៅក្នុង​សហគមន៍​អំឡុង​ឆ្នាំ ២០២១»​។​


​បច្ចុប្បន្ន​សិប្បកម្ម​នេះ មាន​ផលិតផល​ប្រេង​ធញ្ញជាតិ​ដូចជា ប្រេង​ល្ងខ្មៅ ប្រេង​សណ្ដែកដី ប្រេង​ម្រេច និង​ប្រេង​ម្ទេស ហើយក៏​គ្រោង​នឹង​ផលិត​ផលិត​ផល​ប្រេង​ធញ្ញជាតិ​មួយចំនួនទៀត ដូចជា​ប្រេង​ផ្កាឈូករ័ត្ន​នៅពេល​ខាងមុខ​។

​ទាក់ទិន​នឹង​ការផលិត​ផលិតផល​នេះ​កញ្ញា​សន ចាន់ថា បាន​ថ្លែងឱ្យដឹងថា ការផលិត​ប្រេង​ទាមទារ​ឱ្យមាន​អនាម័យ​ខ្ពស់​និង​បច្ចេក​ទេស​។ ចំណែកឯ​គ្រាប់​ធញ្ញជាតិ ត្រូវមាន​សំណើម​ល្អ មិនមាន​ខ្មូតស៊ី និង​ត្រូវ​សម្អាត​ឱ្យបាន​ស្អាត​ល្អ ហើយ​គាប​គឺ​ត្រូវតែមាន​ការយកចិត្តទុកដាក់​ខ្ពស់​ដោយ​មិន​ឱ្យមាន​អ្វី​ធ្លាក់​ចូលទៅ​ជាមួយ​នោះទេ​។ លើសពីនេះ​ការរក្សា​ទុក​គឺ​ត្រូវតែ​នៅ​កន្លែង​មាន​អ​នា​ម័​យ និង​ត្រជាក់ ព្រមជាមួយ​ការ​វេច​ខ្ចប់​ឱ្យមាន​ស្តង់ដា​។​

​កញ្ញា​បន្តថា សិប្បកម្ម​នេះ​ក្នុង ១ ​ថ្ងៃ​(៨ ​ម៉ោង​) អាច​ផលិត​ប្រេង​ប្រមាណ ១០០​ លីត្រ ហើយ​ការផលិត​ត្រូវ​ផលិត​ពី​ការ​គាប​ត្រជាក់​ដោយ​ម៉ាស៊ីន​ទំនើប​និង​មិន​ប្រើប្រាស់​កម្ដៅ​ឡើយ ដូច្នេះ ប្រេង​ត្រជាក់​រក្សាបាន​នូវ​សារ​ធាតុ​ចិញ្ចឹម​ដែល​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​សុខភាព​។​

​កញ្ញា ចាន់ថា ថ្លែងថា​៖ «​ការបង្កើត​សិប្បកម្ម​នេះ​ឡើង​បាន​ជួយ​រួមចំណែក​ផ្ដល់​ការងារ​ដល់ កសិករ​បន្ថែម បង្កើន​គុណ​តម្លៃ​នៃ​កសិផល​របស់​ពួកគាត់​។ អ្វីដែល​សំខាន់​ទៀត​នោះ វត្ថុធាតុដើម​បានមកពី​កសិករ​ខ្មែរ​ផ្ទាល់​ដូចនេះ​ប្រេង​ខេ​អេ​ច ជា​ប្រេង​សុទ្ធ ១០០% ហើយ​ជា​ផលិតផល​ខ្មែរ​ពិតៗ​»​។

​ដ្បិតថា មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ ប៉ុន្តែ​កញ្ញា ចាន់ថា បាន​សំណូម​ពរ​ឱ្យមាន​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​បន្តទៀត​និង​ការ​អនុ​គ្រោះ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​។​

​កញ្ញា​បញ្ជាក់ថា​៖ «​បច្ចុប្បន្ននេះ ផលិតផល​ខ្មែរ​នៅមាន​តម្លៃ​ខ្ពស់ជាង​ផលិតផល​នាំចូល ដោយ​សារ​ទ្រង់ទ្រាយ​នៃ​ការផលិត​នៅ​តូច ហើយ​សម្ភារ​វេច​ខ្ចប់ ត្រូវតែ​នាំចូល​ហើយ​ថ្លៃ​ខ្ញុំ​សង្ឃឹមថា នៅ​ថ្ងៃ​ខាងមុខ​យើង​អាចមាន​អ្នក​ផលិត​សម្ភារ​វេច​ខ្ចប់​នៅ​ប្រទេស​យើង​តែម្ដង​»៕