​ភ្នំពេញ: វិទ្យាល័យ​អប់រំ​​ពិសេស​ក្រុង​តាខ្មៅ ជា​គ្រឹះស្ថាន​អប់រំ​ដល់​កុមារ​អូ​ទី​សឹម និង​ខ្សោយ​សតិបញ្ញា​តែមួយគត់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០២១ ក្នុងចំណោម​វិទ្យាល័យ​អប់រំ​ពិសេស​ទាំង​ ៦ ដែល​ស្ថិតនៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​។


​ជាមួយ​ការផ្ដល់​ការអប់រំ​ពិសេស​ដល់​កុមារ​អូ​ទី​សឹម និង​ខ្សោយ​សតិបញ្ញា​ប្រមាណ​ ២០០ នាក់ វិទ្យាល័យ​អប់រំ​ពិសេស​​ក្រុង​តាខ្មៅ​មិនទាន់​អាច​ឆ្លើយ​តប​នឹង​ចំនួន​ទាំង​នោះទេ ក្នុងពេលដែល​កុមារ​អូ​ទី​សឹម​ទូទាំងប្រទេស​មាន​ប្រមាណ ​២ ​ម៉ឺន​នាក់ ជា​តួលេខ​ប៉ាន់ប្រមាណ​ពី​ការ​ស្ទង់​មតិ​របស់លោក ចាន់ សារិន នាយក​សាលា​វិទ្យាល័យ​​អប់រំ​ពិសេស​ក្រុង​តាខ្មៅ និង​ជា​អតីត​ប្រធាន​អង្គការ​ជំនួយ​នៃ​ក្ដីសង្ឃឹម​សម្រាប់​សហគមន៍ (HHC) បាន​ចងក្រង​ពី​អង្គ​ការពាក់ព័ន្ធ​ដែល​បានធ្វើ​នៅ​ឆ្នាំ​ ២០១៩​។​ 

​វិទ្យាល័យ​អប់រំ​ពិសេស​នៅ​កម្ពុជា មាន​ចំនួន​ ៦ ដោយ​វិទ្យាល័យ​ចំនួន​ ៥ ធ្វើការ​លើ​កុមារ ឬ​សិស្ស​គ​ថ្លង់ និង​ពិការភ្នែក​។ ដោយឡែក​វិទ្យាល័យ​​អប់រំ​ពិសេស​ក្រុង​តាខ្មៅ​ធ្វើការ​លើ​កុមារ​ឬ​សិស្ស​អូ​ទី​សឹម និង​ពិការភាព​សតិបញ្ញា ដែល​ស្របតាម​ទិសដៅ​របស់​ក្រសួង​អប់រំ​។


​លោក ចាន់ សារិន នាយក​សាលា​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ​បាន​ថ្លែងថា​៖ «​សាលា​អូ​ទី​សឹម ជា​គ្រឹះស្ថាន​របស់​រដ្ឋ មានតែ​មួយ​ទេ​។ ប៉ុន្ដែ​ខ្ញុំ​ជឿថា ក្រសួង​នឹង​ពិចារណា​រៀបចំ​ឱ្យមាន​ទៅតាម​ដំណាក់កាល​ដើម្បី​ឆ្លើយតប​នឹង​សិស្ស​មាន​បញ្ហា​អូ​ទី​សឹម​នៅក្នុង​រាជធានី ខេត្ដ​ផ្សេងៗ​ទៀត​»​។

​វិទ្យាល័យ​អប់រំ​ពិសេស​ទាំង​ ៦ ​ដែល​ផ្ដល់​ការអប់រំ​ដល់​កុមារ​ពិការ​គ្រប់​ប្រភេទ​រួមមាន វិទ្យ-​ល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី​ (​ភ្នំ​​ពេញ​)​វិទ្យាល័យ​អប់រំ​ពិសេស​ច្បារអំពៅ​ (​ភ្នំពេញ​) វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម វិទ្យា​ល័យ​អប់រំ​ពិសេស​សៀមរាប វិទ្យាល័យ​អប់រំ​ពិសេស​បាត់ដំបង​និង​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ ​(​ខេត្ដ​កណ្តាល​)​។


​យោងតាម​ការអង្កេត​ពា​ក់​កណ្ដាល​ជំរឿន​ប្រជាជន​ឆ្នាំ​ ២០១៣ ក្រសួងផែនការ​បង្ហាញ​ថា ជនពិការ​នៅ​កម្ពុ​ជាមាន ២,១​ ភាគរយ​ស្មើនឹង​ប្រមាណ ​៣០ ​ម៉ឺន​នាក់ ហើយ​ ៣៥ ​ភាគ​រយ​នៃ​ចំនួន​នោះ​គឺជា​ជនពិការ​គំហើញ រួមមាន ពិការភ្នែក​ឬ​កម្សោយ​គំហើញ ពិការភាព​ជុំវិញ​ការអភិវឌ្ឍ ការរៀនសូត្រ ដូច​ជា វិកល​ទស្សន៍ (dyslexia) និង​អូ​ទី​សឹម ឬ​ពិការ​កា​យស​ម្ប​​ទា រួមទាំង​ជំងឺ​ផា​គីន​សុន និង​ខ្វិន​អវយវៈ​ជាដើម​។​

​ក្រៅពី​វិទ្យាល័យ​អប់រំ​ពិសេស​របស់​រដ្ឋ​ទាំង​ ៦ ប្រទេស​កម្ពុ​ជាមាន​គ្រឹះស្ថាន​អប់រំ​ពិសេស​ឯកជន​តែមួយគត់ គឺ​ King''s Kids School នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​ដោយ​មើលឃើញ​ពី​តម្រូវការ​នៃ​ការអប់រំ​ពិសេស ជាពិសេស​កុមារ​អូ​ទី​សឹម និង​ខ្សោយសតិ​បញ្ញា​ក្នុងនាម​ជា​អ្នក​សម្រប​សម្រួល​នៅ​សាលា​អប់រំ​ពិសេស​នៃ​ការលូតលាស់​ (GSES)​ ក្រោម​គម្រោង​នៃ​ការផ្ដល់​មូល​និ​ធិ​ពី​សហគមន៍​កាតូលិក អ្នក​ស្រី ភោគ ម៉ា​នី ចង់​ចូលរួម​បណ្ដុះបណ្ដាល​ដល់​គ្រូបង្រៀន​នៅ​សាលា​មួយចំនួន​ដើម្បីឱ្យ​ពួកគេ​ជួយ​អន្ដរាគមន៍​កុមារ​ពី​វ័យក្មេង​។

​អ្នក​ផ្ដួចផ្ដើម​បង្កើត​សាលា​កុមារ​អូ​ទី​សឹម​ដែល​ផ្ដល់​ការអប់រំ​កុមារ​ប្រមាណ ​២០០ នាក់​នាពេល​បច្ចុប្បន្ន​រូ​ប​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​យើង​បាន​ជួប​នាយក​សាលា​ចៅពញា​ហុក ហើយ​អ្វីដែល​សំខាន់​ក្នុង​ការរៀបចំ​សិក្ខាសាលា​នេះ​គឺ​ផ្ដោតលើ​ថ្នាក់​មត្ដេយ្យ និង​បឋមសិក្សា​។ យើង​ចង់​ផ្ដោត​មុន​គឺ​លើ​សាលា​នៅ​បរិវេណ​សាលា​សន្សំ​កុសល ដំបូក​ខ្ពស់ ភូមិ​ ៦ បឹង​ត្របែក និង​ចៅពញា​ហុក​។ សិក្ខា​សាលា​នេះ យើង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​គឺ​ ១​ ថ្ងៃ​ពេញ​»​។​

​លោក សុ​វាចា បានឱ្យដឹងថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​ដែលមាន​ដេ​ប៉ា​តឺ​ម៉​ង់​ពិការ​សតិបញ្ញា និង​អូ​ទី​សឹម​ដែល​កំពុង​រៀបចំ​កម្មវិធី​សម្រាប់​បណ្តុះបណ្តាល​គ្រូ​បន្ថែម​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​សិក្សា​។

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​បន្ថែម​ពីនេះ នាយកដ្ឋាន​អប់រំ​ពិសេស​នៃ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា បានរៀបចំ​គោល​នយោបាយ​សម្រាប់​អប់រំ​បរិ​យា​ប័ន្ន និង​មាន​ផែនការ​សកម្មភាព ២០១៩-២០២៣ សម្រាប់​ការ​អប់រំ​បរិ​យា​ប័ន្ន​ផ្តោតលើ​ការលើក​កម្ពស់​ការអប់រំ​កុមារ​មាន​ពិការ​សតិបញ្ញា និង​អូ​ទី​សឹម​»​។

​លោក សុ​វាចា បាន​បន្ដថា ក្រសួង​អប់រំ យុវជន និង​កីឡា បាននិងកំពុង​បន្ត​ពង្រីក​វិសាល​ភាព​ការអប់រំ​ពិសេស​ទៅតាម​លទ្ធភាព និង​ធនធាន​ជាក់ស្តែង​ស្របតាម​តម្រូវការ​សិក្សា​ដោយ​បន្ស៊ី​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ២០១៩-២០២៣ និង​គោលនយោបាយ​ក្រសួង​។​

​ជាការ​រួមចំណែក​បង្កើន​លទ្ធ​ភាព​ផ្ដល់​ការអប់រំ​ពិសេស​ដល់​កុមារ​មាន​ពិការភាព​ផ្សេងៗ លោក សារិន នាយក​សាលា​​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តា​ខ្មៅ​បានឱ្យដឹងថា សម្រាប់​អនាគត ដោយ​ត្រូវមាន​ការស្នើសុំ​គោលការណ៍​ក្រសួង លោក​មានបំណង​បើក​ថ្នាក់​អូ​ទី​សឹម​នៅតាម​វិទ្យាល័យ​អប់រំ​ពិសេស​ទាំង​ ៥​។

​លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ឯកឧត្ដម​ព្រឹទ្ធាចារ្យ ហង់​ ជួន ណា​រ៉ុ​ន បាន​គិតគូរ​យ៉ាងខ្លាំង​ទៅលើ​សិស្ស ដែលមាន​តម្រូវការ​ពិសេស​នេះ ជាពិសេស កុមារ​អូ​ទី​សឹម និង​កុមារភាព​សតិបញ្ញា​។ ដូច្នេះ ខ្ញុំ​មាន​សុ​ទិដ្ឋិ​និយម​ឱ្យតែ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស លើកសំណើ​នេះ​ដោយ​បង្កើតឱ្យមាន​ថ្នាក់​អប់រំ​ពិសេស​បន្ថែម​សម្រាប់​កុមារ​អូ​ទី​សឹម និង​សតិបញ្ញា​នៅក្នុង​វិទ្យាល័យ​ទាំង ​៥ ខាងលើ​»​។

​លោក​ សារិន បាន​លើកឡើងថា ទន្ទឹមនឹងនេះ វិទ្យាល័យ​​អប់រំ​ពិសេស​នៅ​ក្រុង​តាខ្មៅ ក៏​អាច​ទទួល​សិស្ស​ពិការភ្នែក និង​គ​ថ្លង់​ផងដែរ នាពេល​អនាគត​។ លោក​ជឿជាក់ថា ក្រសួង​នឹង​ពិចារណា​ដោយ​ផ្ដោតលើ​គោលនយោបាយ​បរិ​យា​ប័ន្ន​។

​លោក​បាន​និយាយថា គោល​នយោបាយ​បរិ​យា​ប័ន្ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​អនុម័ត កាលពី​ខែមិថុនា ឆ្នាំ​ ២០១៨ មាន​ចក្ខុវិស័យ​អភិវឌ្ឍន៍​លើ​ជន​ដែលមាន​តម្រូវការ​ពិ​សេស​គ្រប់រូប​ទទួលបាន​ការ​​អប់រំ​ពេញលេញ ​១ ជីវិត​ប្រកប​ដោយ​គុណភាព និង​បរិ​យា​ប័ន្ន​។​

​គោលបំណងរ​បស់គោល​នយោបាយ​គឺ​បណ្ដុះ​ការអប់រំ​ដល់​ជន​ដែលមាន​សេចក្ដី​ត្រូវ​ការ​ពិសេស​ឱ្យមាន​វិជ្ជា​សម្បទា បំ​ណិ​ន​សម្បទា និង​ចរិយា​ស​ម្ប​​ទា​ពេញលេញ​ដើម្បី​ចូលរួម​អភិ​​វ​ឌ្ឍ​ជាតិ​។ អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក សុ​វាចា បាន​លើកឡើងថា វិទ្យា​ស្ថាន​ជាតិ​អប់រំ​ពិសេស ដើរតួនាទី​ផ្តល់​ការបណ្តុះបណ្តាល និង​វិ​ក្រឹ​ត​ការជូន​គ្រូ​អប់រំ​ពិសេស​។​

​លោក​បានឱ្យដឹងថា​៖ «​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ ចូលរួម​លើកកម្ពស់​ការអប់រំ​ពិសេស​ដោយ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ដែលមាន​កូន​មាន​ពិការភាព​ដែល​ស្រប​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ស្តីពី​ការអប់រំ​ឆ្នាំ​ ២០៣០ និង​ផែន​ការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣»​។

​លោក​បាន​បញ្ជាក់ថា ក្រសួង​អនុវត្ដ​តាម​គោលនយោបាយ​ ២ ​គឺ​ធានា​ឱ្យ​ការអប់រំ​មានគុណ​ភាព​ប្រកបដោយ​សមធម៌ បរិ​យា​ប័ន្ន និង​លើកកម្ពស់​ឱកាស​ក្នុង​ការសិក្សា​ពេញ ​១​ ជីវិត​សម្រាប់​ទាំងអស់គ្នា ហើយក៏​ធានា​ភាព​ស័ក្តិសិទ្ធិ​នៃ​ភាពជា​អ្នកដឹកនាំ​និង​ការគ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់​៕