ភ្នំពេញៈក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ រួមជាមួយ​វិស័យ​ឯកជន​បានប្រកាស​បើក​ជា​ផ្លូវការ​នូវ​វេទិកា​ជាតិ​ប្លា​ស្ទិ​ក​លើក​ទី​៣ ក្រោម​ប្រធានបទ ​«​ការទប់ស្កាត់​ការបំពុល​ដោយ​ប្លា​ស្ទិ​កនៅ​កម្ពុជា​» ខណៈដែល​អ្នកធ្វើការ​លើ​បរិស្ថាន​ ចង់ឱ្យ​ក្រសួង​ត្រូវ​ដំឡើង​ពន្ធ​លើ​ប្លា​ស្ទិ​ក​។​


យោងតាម​ក្រសួងបរិស្ថាន នា​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២៣ បានឱ្យដឹងថា វេទិកា​ជាតិ​ប្លា​ស្ទិ​ក​លើក​ទី​៣ ត្រូវបាន​ប្រកាស​បើក​ជា​ផ្លូវការ​ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​៣ ខែមេសា ដែល​កម្មវត្ថុ​ចម្បង​នៃ​វេទិកា​នេះគឺ​ដើម្បី​​ផ្សព្វផ្សាយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការបំពុល​ដោយ​ប្លា​ស្ទិ​ក ក៏ដូចជា​ការបង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​លើកកម្ពស់​ការយល់ដឹង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នានា ព្រមទាំង​ផ្សព្វផ្សាយ​អាជីវកម្ម​វិលជុំ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ដែល​ចូលរួម​ដល់​ការដោះស្រាយ​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​។​


វេទិកា​នេះ ក៏មាន​ការតាំងពិព័រណ៍​ពី​ផលិតផល​ដែល​ច្នៃ​ពី​ប្លា​ស្ទិ​ក ការសម្តែង​អប់រំ​អំពី​ប្លា​ស្ទិ​ក ដូចជា ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​កែច្នៃ​ពី​ប្លា​ស្ទិ​ក ការសម្តែង​ល្ខោនស្បែក​តូច ការសម្តែង​ចម្រៀង​ចាប៉ីដងវែង ការសម្តែង​រឿង​អប់រំ​ពី​ប្លា​ស្ទិ​ក ការបង្ហាញ​ពី​សកម្មភាព​និង​បទពិសោធន៍​នានា ក្នុងការ​កាត់បន្ថយ​ប្លា​ស្ទិ​ក ការផលិត​សម្ភារ​ពី​ប្លា​ស្ទិ​ក និង​ការកាត់បន្ថយ​ប្លា​ស្ទិ​កនៅ​កម្ពុជា​។​


នាឱកាស​បើក​វេទិកា​នោះ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ បាន​ថ្លែងថា កិច្ច​គាំពារ​បរិស្ថាន ក៏ដូចជា​ការទប់ស្កាត់​ការបំពុល​ដោយ​ប្លា​ស្ទិ​កនៅ​កម្ពុជា ក្រសួងបរិស្ថាន មិនអាច​ធ្វើទៅបាន​ដោយ​ម្នាក់ឯង​នោះទេ គឺ​ទាមទារ​ឱ្យមាន​ការចូល​រួមសហកា​រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

លោក ជួប ប៉ារីស៍ ថ្លែងថា​៖ «​សុំ​ស្នើឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក៏ដូចជា​យុវជន ជំរុញ​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ បន្ត​កិច្ច​គាំទ្រ​សហការ​ជាមួយ​ក្រសួងបរិស្ថាន​បន្តទៀត ក្នុងការ​អនុវត្ត​កិច្ចការ​ទប់ស្កាត់​ការបំពុល​ដោយ​ប្លា​ស្ទិ​កនៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសិទ្ធភាព​ថែមទៀត​»​។​

លោក Stefan Messerer​ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​វេទិកា​នេះដែរ​ថា បញ្ហា​ប្លា​ស្ទិ​ក នៅតែ​បន្ត​កើនឡើង ហើយ​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ ​បាន​ប៉ាន់ប្រមាណ​ថា ការផលិត​ប្លា​ស្ទិ​ក​ក្នុង​ ១​ ឆ្នាំមាន​ប្រមាណ ៤០០​ លាន​តោន​។

លោក​បាន​បន្តថា ក្រសួងបរិស្ថាន ក៏បាន​ឱ្យដឹងថា ក្នុង ​១​ ថ្ងៃ​មាន​ប្លា​ស្ទិ​ក​ប្រមាណ​ ១០ ០០០ ​តោន​ត្រូវបាន​បង្កើតឡើង​ក្នុងប្រទេស​កម្ពុជា ស្រប​ពេល ដែល​រដ្ឋាភិបាល​ក៏បាន​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​មួយចំនួន​រួចហើយ ដើម្បី​ដោះស្រាយ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​នេះ​។​

លោក Stefan Messerer​ បាន​ថ្លែងថា​៖ «​ផ្នែក​មួយ​នៃ​បញ្ហា​ប្រឈម គឺ​ទាក់ទង​នឹង​តម្រូវការ​សម្រាប់​មនុស្ស និង​អាជីវកម្ម​ឱ្យមាន​ការយល់ដឹង​បន្ថែមទៀត​ពី​ការកាត់បន្ថយ និង​ការកែច្នៃ​ប្លា​ស្ទិ​ក​ឡើងវិញ​។ អាល្លឺម៉ង់ និង​កម្ពុជា ជា​ដៃគូ​យូរអង្វែង​ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។

លោក​បាន​បន្តថា ប្រទេស​ទាំង​២​ បាន​សន្យា​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ ដែលជា​ការប្តេជ្ញាចិត្ត​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

​ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN) លោក ហេង គឹមហុង បាន​ថ្លែង​នៅ​ថ្ងៃទី​៤ ខែមេសា ថា បើទោះបីជា​ក្រសួងបរិស្ថាន​ បាន​ខិតខំ​ធ្វើការ​ច្រើន​ទៅលើ​បញ្ហា​ប្លា​ស្ទិ​ក​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ក៏ដោយ ប៉ុន្តែ​ចំពោះ​ចំណាត់ការ​ទូទៅ​ដែលមាន​សម្រាប់​បញ្ហា​ប្លា​ស្ទិ​ក​នេះ វា​ហាក់បីដូចជា​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ ព្រោះ​មិនទាន់​ឃើញ​មាន​យន្តការ​ណាមួយ​របស់​ស្ថាប័នរដ្ឋ​ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ប្លា​ស្ទិ​ក បានធ្វើការ​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​ដោយ​ធ្វើការ​កែច្នៃ​បន្ថែម​ទៅលើ​បញ្ហា​ប្លា​ស្ទិ​ក ហើយ​គោលនយោបាយ​កំណត់​ថ្លៃ​ប្លា​ស្ទិ​ក ឬ​កំណត់​ដំឡើង​ពន្ធ​ប្លា​ស្ទិ​ក​នេះ នៅមានកម្រិត​តិចតួច​នៅឡើយ​។​

លោក ហេង គឹមហុង បាន​បន្ថែមថា មូលហេតុ ១​ ទៀត​គឺ គឺ​ការជំរុញ​ឱ្យមាន​ការប្រកួត​ប្រជែង​ទីផ្សារ​របស់​សិប្បកម្ម​ដែល​កែច្នៃ​ប្លា​ស្ទិ​ក​របស់​សិប្បកម្ម ដើម្បី​កុំឱ្យ​និយាយ​តែ​ពី​បញ្ហា​កាត់បន្ថយ​ប្លា​ស្ទិ​ក កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិ​ក ប៉ុន្តែ​ការប្រើប្រាស់​ប្លា​ស្ទិ​ក គឺ​វា​កាន់តែ​ទូលាយ​ទៅៗ ហើយ​ចំណែក​អ្នកប្រើប្រាស់​សម្ភារ​កែច្នៃ​ឡើងវិញ ក៏​កាន់​តែមាន​កម្រិត​ទៅ​ផងដែរ​។​

លោក ហេង គឹមហុង បាន​ថ្លែងថា​៖ «​ដូច្នេះ​បញ្ហា​ទាំងអស់នេះ ដែល​រាជរដ្ឋាភិបាល ពិសេស​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ជំនាញ គួរតែ​ពិចារណា​ក្នុងការ​ជំរុញ​បង្កើន​តម្លៃ​ប្លា​ស្ទិ​ក​នៅលើ​ទីផ្សារ និង​បញ្ឈប់​ការចែក​ចាយ​ប្លា​ស្ទិ​កដោយ​ឥតគិតថ្លៃ ដើម្បី​ដាក់​កាតព្វកិច្ច​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បាន​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ទើប​មាន​ប្រសិទ្ធភាព​»​។

សូមបញ្ជាក់ថា វេទិកា​ជាតិ​ប្លា​ស្ទិ​ក​លើក​ទី​១ ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​សកម្មភាព​ទប់ស្កាត់​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា​»​។ វេទិកា​ជាតិ​ប្លា​ស្ទិ​ក​លើក​ទី​២ នៅក្នុង​ឆ្នាំ​២០២១ ក្រោម​ប្រធានបទ «​សកម្មភាព​អាទិភាព​ក្នុងការ​កាត់បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិ​កនៅ​កម្ពុជា​» និង​លើក​ទី​៣ ឆ្នាំ​២០២៣​នេះ ក្រោម​ប្រធានបទ «​ការទប់ស្កាត់​ការបំពុល​ដោយ​ប្លា​ស្ទិ​កនៅ​កម្ពុជា​»៕