ព្រះសីហនុៈ ក្រសួងយុត្តិធម៌​បើក​កម្មវិធី​បណ្ដុះបណ្ដាល​រយៈពេល​ ៣ ​ថ្ងៃ ស្ដីពី​សំណុំរឿង​ជួញដូរ​មនុស្ស ទៅដល់​ព្រះរាជអាជ្ញា​ចៅក្រម​ស៊ើបសួរ និង​មន្ត្រី​អនុវត្ត​ច្បាប់​ដទៃទៀត ក្នុង​គោលបំណង​ផ្ដល់​ចំណេះ​ដឹង​ដើម្បី​ការពារ​ជនរងគ្រោះ និង​ជំនាញ​ទំនាក់ទំនង​រវាង​ជនរងគ្រោះ និង​ព្រះរាជ​អាជ្ញា​មុន​សវនាការ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​ ៤ ខែមេសា​។​


​កម្មវិធី​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​រយៈ​ពេល ​៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៤ រហូតដល់​ថ្ងៃទី​ ៦ ខែមេសា នៅ​សណ្ឋាគារ​ឯករាជ្យ ខេត្ត​ព្រះ​សីហនុ ក្រោម​កិច្ចសហការ​ពី​បណ្ឌិតសភា​​ភូមិន្ទ​យុត្តិធម៌​កម្ពុជា និង​កម្មវិធី​អាស៊ាន អូស្ត្រាលី​ប្រឆាំង​ការជួញដូរ​មនុស្ស​ប្រចាំ​កម្ពុជា (ASEAN-ACT)​។​

​កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ចំណេះដឹង និង​ជំនាញ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​ការចូលរួម​របស់​ជន​រងគ្រោះ ធ្វើជា​សាក្សី​ក្នុង​កិច្ចការពារ​ជនរងគ្រោះ​ជា​សាក្សី និង​ទំនាក់ទំនង​រវាង​ជនរងគ្រោះ និង​ព្រះរាជអាជ្ញា​មុន​សវនាការ​។​


​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ថ្លែងថា ជា​គោលដៅ​របស់​ក្រសួង​គឺ​យក​ការអភិវឌ្ឍ​ធនធានមនុស្ស​នេះ​ជា​រឿង​អាទិភាព ដើម្បី​ជំរុញ​ទៅដល់ មន្ត្រី​អនុវត្ត​ច្បាប់​ឱ្យធ្វើ​ការប្រកប​ដោយ​ប្រសិទ្ធភាព​។ ក្រៅពី​ការជួញដូរ​មនុស្ស ក្រសួងយុត្តិធម៌​ក៏​បើក​បណ្ដុះបណ្ដាល​កម្ម​វិធី​ផ្សេងទៀត​ជាច្រើន​ដោយ​រៀបចំ​ជាប្រចាំ សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់ ដោយសារ​សង្គម​មានកា​រវិ​វ​ឌ្ឍ និង​មានការ​រីកចម្រើន​ជាប់​ជា​ប្រចាំ​។

​លោក ជិន ម៉ា​លីន ថា​៖« ​អ៊ីចឹង​ការ​ដុសខាត់ ការពង្រឹង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​ក៏ត្រូវ​ធ្វើ​ជាប់​ជាប្រចាំ​ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​នៃ​សង្គម​»​។​


​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា បាន​កត់សម្គាល់ថា ករណី​ការជួញដូរ​មនុស្ស មាន​បញ្ហា​ចម្បង​ ២​ ចំណុច​ដែល​កាលពីមុន ករណី​ជួញដូរ​មនុស្ស​បានកើត​ឡើង​តែ​ទៅលើ​ប្រជាពលរដ្ឋ​កម្ពុជា​ទេ ដែល​ត្រូវបាន​ជនល្មើស​ធ្វើការ​ជួញដូរ​កម្លាំង​ពលកម្ម ជួញដូរ​ផ្លូវភេទ ទៅ​ក្រៅប្រទេស​ជាដើម តាមរយៈ​រូបភាព​ផ្សេងៗ​ដូចជា​៖ តាមរយៈ​មេខ្យល់​ឆបោក តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍​ជាដើម​។ ប៉ុន្តែ​ឥឡូវនេះ លោក​មើលឃើញ​រូបភាព​ថ្មី​មួយទៀត គឺ​ការជួញដូរ​កម្លាំង​ពលកម្ម​បរទេស​ដែល​ចូលមក​ធ្វើ​កិច្ចការងារ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅតាម​ក្រុមហ៊ុន​ល្បែង​អន​ឡាញ​មួយចំនួន ដែលមាន​ការបង្ក្រាប​ពី​ក្រសួងមហាផ្ទៃ​បានជា​ច្រើន​ករណី​។​

​លោក សឹង សែន​ករុណា ថា​៖ «​អ៊ីចឹង​អាហ្នឹង គឺជា​អ្វីដែល​ខ្ញុំ​មានការ​កត់សម្គាល់ ក៏ប៉ុន្តែ​កិច្ចការងារ​ដែល​សំខាន់បំផុត​នោះ​គឺ​យើង​ចង់ឃើញ​សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់ តួនាទី​របស់​ក្រុម​អ្នកអនុវត្ត​ច្បាប់ ដែល​គួរតែ​ប្រកាន់​នូវ​ជំហរ និង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ហើយ​និង​មាន​ប្រសិទ្ធភាព អានោះ​គឺជា​អ្វីដែល​អាច​ទប់ស្កាត់​ករ​ណី​ជួញដូរ​មនុស្ស​ឱ្យបាន​ប្រសើរ​ជាង​មុន​»​។​

​ក្រសួងយុត្តិធម៌​លើកឡើងថា កម្មវិធី​បណ្ដុះបណ្ដាល​លើក​នេះ មានការ​ចូលរួម​ពី​សំណាក់​លោក សម ប៊ុន​ថុ​ន ប្រធាន​សាលាឧទ្ធរណ៍​បាត់ដំបង លោក វង្ស ប៊ុន​​វិសុទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តកំពង់ចាម លោក រស់ សា​រាំ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង និង​រួមទាំង​ក្រុម​គ្រូ​បង្គោល​នៃ​កម្មវិធី​ជំនាញ​អាស៊ាន​ស្តីពី​ការជួញដូរ​មនុស្ស ព្រមទាំង​ចៅក្រម ព្រះរាជអាជ្ញារង​តំណាង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត កែប ព្រះសីហនុ និង​ខេត្តកោះកុង​៕