ភ្នំពេញៈ មេដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​សមា​ជិ​គណៈកម្មការ​ទ​ន្លេ​មេគង្គ ​(MRC)​ បាន​ប្ដេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ត​ពង្រឹង​តួនាទី​ក្នុងការ​ជួយ​ធានា​ឱ្យ​អាង​ទន្លេមេគង្គ មាន​សន្តិ​សុខ​ទឹក ស្បៀងអាហារ និង​ថាមពល ប្រកបដោយ​ចីរភាព​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និង​បរិស្ថាន​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​សង្ខេបនៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៤ ដែល​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា ក្រោយ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៥ ខែមេសា ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​វៀង​ចន្ទន៍ ប្រទេស​ឡាវ​។​


​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់ថា​៖ «​សម្ដេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​បាន​សង្កត់ធ្ងន់ថា ការបង្កើន​កិច្ច​សហប្រតិបត្តិការ និង​កិច្ចខិតខំ​ប្រឹង​ប្រែង​ក្នុងចំណោម​ប្រទេស​ទន្លេមេគង្គ និង​ជាមួយ​ដៃគូ ក៏ដូចជា​យន្តការ​ពាក់​ព័ន្ធ​ផ្សេងទៀត មាន​សារៈសំខាន់​ណាស់ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យមាន​ប្រសិទ្ធភាព និង​សម្រេច​ឱ្យបាន​នូវ​ការអភិវឌ្ឍ​អាង​ទន្លេមេគង្គ​ប្រកបដោយ​ភាព​ធន់ ចីរភាព និង​បរិ​យា​ប័ន្ន ព្រមទាំង​ដើម្បី​ធានាថា ទន្លេ​មេគង្គ​ជា​ទន្លេ​ដែលមាន​អនាគត​កាន់តែ​ត្រ​ចេះ​ត្រចង់ មាន​វិបុលភាព​រួមគ្នា និង​សម្រាប់​គ្រប់គ្រង​ប្រទេស​តាម​ដង​ទន្លេ និង​ប្រជាជន​ទាំងអស់​ដែល​រស់នៅក្នុង​អាង​ទាំងមូល​»​។​

​ប្រភព​ដដែល​នេះ​បានបញ្ជាក់​ទៀតថា​៖ «​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អះអាង​សាជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ផ្តល់នូវ​កិច្ច​សហ​​ប្រតិបត្តិការ​ពេញលេញ ដើម្បី​នាំមក​នូវ​ភាពជោគជ័យ​ធំៗ បន្ថែមទៀត នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​គណៈ​កម្ម​ការ​ទន្លេមេគង្គ​»​។​


​លោក ​ថុង ម៉េង​ដា​វិត អ្នកស្រាវជ្រាវ​ប្រចាំ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI) ថ្លែងថា កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់​ណាស់ ជា​វេទិកា​សម្រាប់​ឱ្យ​បណ្តា​ប្រទេស​ទន្លេមេគង្គ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច សង្គម និង​យុទ្ធសាស្ត្រ ដែល​តម្រូវឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក MRC នេះ ធ្វើការ​​ពិភាក្សា​និង​ពិគ្រោះ​យោបល់​គ្នា​ចែក​រំលែក​បទពិសោធន៍​និង​បញ្ហា​នានា ក្នុងន័យ​ទាញ​រក​ដោះស្រាយ​បញ្ហា​រួម​នៅក្នុង​តំបន់​។​

​លោក​ សេង វណ្ណ​លី សាស្ត្រាចារ្យ​ទំនាក់ទំនង​អន្តរជាតិ ថ្លែងថា ការចូល​​រួម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​កម្ពុជា​ជាមួយ MRC ពិតជា​រឿង​ចាំបាច់ ព្រោះ​ប្រទេស​កម្ពុជា​ពឹងផ្អែក​យ៉ាងខ្លាំង​ពី​ចំណែក​ទន្លេមេគង្គ​សម្រាប់​វិស័យ​កសិកម្ម នេសាទ និង​ផ្នែក​ដឹកជញ្ជូន ជាពិសេស​ការ​ទប់​ឥទ្ធិពល​អវិជ្ជមាន និង​រក​ដំណោះស្រាយ​ពី​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​នៅក្នុង​អាង​ទន្លេមេគង្គ ព្រមទាំង​ប្រយោជន៍​ផ្នែក​ជំនួយ​បច្ចេកទេស​លើ​បញ្ហា​បរិស្ថាន ជាដើម​។​


​លោក​បន្តថា​៖ «MRC គឺជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា ដើម្បី​ចូល​រួម​កិច្ចខិតខំ​ប្រឹងប្រែង​សហប្រតិបត្តិការ​ក្នុង​តំបន់ ដើម្បី​លើកកម្ពស់​ស្ថិរភាព​ក្នុង​តំបន់ ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​វឌ្ឍន​ភាព​សង្គម​។ លើសពីនេះ គណៈ​ក​ម្មា​ការ​នេះ​ក៏​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​ជា​សមាជិក ដែល​អាច​នាំឱ្យមាន​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​កាន់តែច្រើន​នៅក្នុង​តំបន់​»​។​

​លោក​ថ្លែងថា កម្ពុជា​គួរប្រើ​ប្រាស់​វេទិកា​របស់ MRC ដើម្បី​ទាញយក​ប្រយោជន៍​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពី​ប្រទេស​ដៃគូ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបង្កើន​សមត្ថ​ភាព​មន្ត្រី​ខ្លួន​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក ការពារ​បរិស្ថាន តាមរយៈ​ជំនួយ​ស្រាវជ្រាវ និង​ជំនួយ​បច្ចេកទេស​នានា​។​

​ប្រទេស​ជា​សមាជិក គណៈកម្មការ​ទន្លេមេគង្គ (MRC)​ មាន ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ថៃ និង​វៀត​ណា​ម ដែល​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​ ៥ ខែមេសា ឆ្នាំ ​១៩៩៥​។ នៅ​ឆ្នាំ​ ១៩៩៦ ប្រទេស​ចិន និង​មី​យ៉ាន់​មា បានក្លាយ​ជា​ដៃគូ​សន្ទនា​របស់​ MRC៕