កំពង់ធំៈ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​ស្ត្រី មកពី​មន្ទីរ​បរិស្ថាន​ខេត្ត​ចំនួន ១៤ សរុប ៥៨ នាក់​ទទួល​បាន​ការពង្រឹង​សមត្ថភាព​ពាក់ព័ន្ធ​នឹង​គោល​គំនិត​សំខាន់ៗ​នៃ​ភាពជា​អ្នកដឹកនាំ​សម្រាប់​សមភាព​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។​


​ការពង្រឹង​សមត្ថភាព​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ភាពជា​អ្នកដឹកនាំ​សម្រាប់​សមភាព​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៥ ខែ​មេសា​នៅ​ខេត្ត​កំពង់ធំ ដែល​ត្រូវបាន​សហការ​រៀបចំ​ដោយ​ក្រុមការងារ​បច្ចេកទេស​យេនឌ័រ​នៃ​ក្រសួង​បរិស្ថាន និង​អង្គការ​រីខូហ្វ។ នេះ​បើ​យោងតាម​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃទី ៦ ខែមេសា។

​វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ចែករំលែក​ចំណេះដឹង និង​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​ឧទ្យានុរក្ស​ជា​ស្ត្រី នូវ​គោល​គំនិត​ពាក់ព័ន្ធ​នឹង​ភាពជា​អ្នកដឹកនាំ​សម្រាប់​សមភាព​យេនឌ័រ និង​ចំណេះដឹង​ជា​មូលដ្ឋាន​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ និង​ការប្រើប្រាស់ Avenza Map, GPS, Drone ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​បំពេញ​ភារកិច្ច​ប្រចាំថ្ងៃ និង​ការងារ​ល្បាត។​


​ក្នុងឱកាស​បិទ​វគ្គ​បណ្តុះបណ្តាល លោកស្រី​ម៉ុម ថានី រដ្ឋលេខាធិការ បាន​មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន ក៏ដូចជា​ក្រុមការងារ​បច្ចេកទេស​យេនឌ័រ បាន​ជំរុញ​ឱ្យមាន​ការបណ្តុះបណ្តាល​កសាង​ធនធាន​មនុស្ស​ប្រកបដោយ​គុណភាព និង​មន្ត្រី​ជាស្ត្រី​មាន​សមត្ថភាព​ក្នង​ការបំពេញ​ការងារ​ដូច​បុរស​ទូទៅ។

​លោកស្រី​បាន​បន្តថា វគ្គ​បណ្តុះបណ្តាល​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​មន្ត្រី​ឧទ្យានុ​រក្ស​ជាស្ត្រី​ក្នុងការ​ពង្រឹង​នូវ​សមត្ថភាព និង​ជំនាញ ដើម្បី​បម្រើ​ជា​ប្រយោជន៍​សម្រាប់​ការងារ និង​ជីវភាព និង​ដើម្បី​ក្លាយខ្លួនជា​ថ្នាក់ដឹកនាំ​ស្ត្រី​មួយរូប​ដែលជា​គំរូ​ល្អ​សម្រាប់​ក្រុមគ្រួសារ សហគមន៍ និ​សង្គមជាតិ។​


​លោកស្រី​ក៏បានផ្តល់​អនុសាសន៍​ស​ម្រា​ប់​ការកសាង​សមត្ថភាព​ស្ត្រី​ផងដែរ ដែល​រួមមាន​៖ ស្ត្រី​ត្រូវខិតខំ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន មាន​មោទនភាព​ក្នុង​ភាពជា​ស្ត្រី និង​ចាប់យក​ឱកាស​ដែល​កំពុងមាន​, ស្ត្រី​ត្រូវ​រឹងមាំ និង​ក្លាហាន​ក្នុងការចូលរួម​បញ្ចេញមតិ និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​, ស្ត្រី​ត្រូវមាន​ការជំរុញ លើក​ទឹកចិត្ត និង​គាំទ្រ​គ្នា​ទៅវិញទៅមក និង​ក្នុងនាម​ជា​មន្ត្រី​ឧទ្យានុរក្ស​ជាស្ត្រី ត្រូវមាន​ពហុ​ជំនាញ និង​ត្រូវ​ប្រើប្រាស់​ចំណេះដឹង​ដែល​ខ្លួន​មាន ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​ដល់​ប្រជា​សហគមន៍​ឱបាន​យល់ដឹង​ពី​ផលវិបាក​នៃការ​ប្រែប្រួល​អាកាសធាតុ និង​វិធី​ការពារ​ខ្លួន ក៏ដូចជា​ការបន្សុំា​ខ្លួន​ទៅ​នឹងការ​ប្រែប្រួល​អាកាសធាតុ៕​