សៀមរាបៈ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ (ACCB) បាន​អះអាងថា​ខ្លួន​បាន​ទទួល​បាន​ជោគជ័យ​ក្នុងការ​បង្កាត់​ពូជ​សត្វ​ត្រយង​ចង្កំកស មុនគេ​បង្អស់​របស់​ពិភពលោក នៅពេល​ដែល​កូន​សត្វ​ត្រយង​ចង្កំកស ១ ក្បាល​បាន​ញាស់​កាលពី​ថ្ងៃទី ១៨ ខែ​មីនា ឆ្នាំ ២០២៣ នេះ។


ACCB បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា នាពេល​បច្ចុប្បន្ននេះ ACCB ជា​មជ្ឈមណ្ឌល​តែមួយគត់​ដែល​រក្សា​ស្តុក​ទុក​ចំនួន​ប្រជាសាស្ត្រ​សត្វ​ត្រយង​ចង្កំកស ក្រោម​ការចិញ្ចឹម​ថែទាំ​ដោយ​មនុស្ស ដើម្បី​កុំឱ្យ​វិនាស​ផុតពូជ។

​ត្រយង​ចង្កំ​កស (Pseudibis davisoni) ជា​ប្រភេទ​រង​ការគំរាមកំហែង ដែល​ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ធម្មជាតិ (IUCN) ថាជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុតពូជ​បំផុត ដែល​មាន​ចំនួន​សត្វ​ពេញវ័យ​តិចជាង ៧០០ ក្បាល​នៅ​ទូទាំង​សកលលោក។​


​ចំនួន​ប្រជាសាស្ត្រ​របស់​ពួកវា​នៅមាន​តិចតួច ហើយ​បែកខ្ញែក​រប៉ាត់រប៉ាយ ដោយសារ​ការបាត់បង់​ទីជម្រក ការ​ប្រមាញ់ និង​ការរំខាន​ផ្សេងៗទៀត។

ACCB បាន​បញ្ជាក់ថា​៖ «​ពួកយើង​បាន​ព្យាយាម​បង្កាត់​ពូជ​សត្វ​ប្រភេទ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ពួកយើង​នៅតែ​មិនទាន់​ទទួល​បាន​ជោគជ័យ រហូត​មកដល់​ពេលនេះ​។ ជាមួយ​នឹងការ​ទទួល​បាន​កូន​សត្វ​ត្រយង​ចង្កំកស​ដំបូង​នេះ ពួកយើង​ទទួល​បាន​ជោគជ័យ​ក្នុងការ​បង្កាត់​ពូជ​សត្វ​ត្រយង​ចង្កំកស មុនគេ​បង្អស់​របស់​ពិភពលោក ដែល​ធ្វើឱ្យ​ពួកយើង​មាន​មោទនភាព​ខ្លាំងណាស់»។ នេះ​គឺជា​ជំហាន​ដំបូង​ក្នុងការ​បង្កើត​ស្តុក​ទុក​ចំនួន​ប្រជាសាស្ត្រ​សត្វ​ត្រយង​ចង្កំកស ក្រោម​ការចិញ្ចឹម​ថែទាំ​ដោយ​មនុស្ស ដើម្បី​កុំឱ្យ​វិនាស​ផុតពូជ ប្រកបដោយ​និរន្តរភាព។​


​យោងតាម​ក្រសួងបរិស្ថាន​បានឱ្យដឹង​នាពេល​ថ្មីៗ​នេះ​ថា សត្វ​ត្រយង​ចង្កំកស​ដែលជា​ប្រភេទ​សត្វ​ជិត​ផុតពូជ​បំផុត​លើ​ពិភពលោក ក្នុង​បញ្ជី​ក្រហម IUCN មាន​វត្តមាន​ពេញ​មួយឆ្នាំ​នៅ​ប្រទេស​កម្ពុជា​។ សត្វ​នេះ​ច្រើន​រស់នៅ និង​រក​ចំណី​ជា​ហ្វូង នៅ​តាម​តំបន់​ព្រៃល្បោះ តាម​ដង​ទន្លេ តំបន់​ដីសើម​ក្នុងព្រៃ​ល្បោះ និង​តំបន់​ដីសើម​តាម​វាលទំនាប ភាគច្រើន​នៅ​ភូមិភាគ​ឧត្តរ និង​ភូមិភាគ​ឦសាន​ប្រទេស ដូចជា ខេត្ត​ព្រះវិហារ មណ្ឌលគិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង និង​តំបន់​ទំនាប បឹង​ទន្លេសាប។​

​សត្វ​នេះ​វា​មាន​មាឌតូច​ជាង​ត្រយង​យក្ស​បន្តិច មាន​ដងខ្លួន​ពណ៌​ខ្មៅ​រលោង ចង្កំកស ជើងវែង​ក្រហម មាន​ដៅស​មួយដុំ​នៅ​លើស្មា ដែល​អាច​ឃើញ​ច្បាស់​នៅ​ពេល​វា​ហើរ៕​