ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​កុំឱ្យ​មានការ​រឹបអូស​ទ្រព្យ​សម្បត្តិ និងចាប់ចង​ប្រជាពលរដ្ឋ​ដែលមាន​ការខ្វះខាត ដែលបាន​ជាប់​កម្ចី​ឥណទាន​ធនាគារ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ។


លោក ហ៊ុន សែន អំពាវនាវ​ដូច្នេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អាចារ្យ អាចារិនី ទូទាំងប្រទេស​លើកទី៨ នៅមជ្ឈមណ្ឌល​កោះពេជ្រ រាជធានី​ភ្នំពេញ នាថ្ងៃទី៨ ខែមេសា។

លោក​ថ្លែង​ថា៖ «មីក្រូ​ហិរញ្ញវត្ថុ​កុំមាន​ការរឹបអូស កុំមាន​ការចាប់ចង​ស្អីៗ​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ការខ្វះខាត ក៏ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់ កុំ​ផ្អែក​ទៅលើ​អ្វី​ដែល​ខ្ញុំ​និយាយ​នេះ មានលុយ​ហើយមិនព្រម​ទៅ​សងគេ អាហ្នឹង​ការប្រាក់​កាន់តែ​ធ្ងន់។ អ៊ីចឹង​មានលុយ​ហើយ​ទៅសងគេ​ទៅ! ហើយ​ខាង​ធនាគារ​និង​ហិរញ្ញវត្ថុ​គេក៏​បាន​ជួយ​ច្រើន​ហើយដែរ»។


សេចក្តី​ប្រកាស​ព័ត៌មាន​ទីស្តី​ការគណៈ​រដ្ឋមន្ត្រី​បញ្ជាក់​ថា ក្នុងកិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី កាលពី​ថ្ងៃទី៧ ខែមេសា លោក ហ៊ុន សែន ក៏បានថ្លែង​ផងដែរ​ថា ក្រសួង ស្ថាប័ន​មានសមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវយក​ចិត្តទុក​ដាក់លើ​បញ្ហា​កម្ចី ធនាគារ​និងមីក្រូ​ហិរញ្ញវត្ថុ ដោយត្រូវ​បញ្ចៀស​នូវ​រាល់ការរឹបអូស​ទ្រព្យ​សម្បត្តិ និង​ការចាប់ចង ប្រជាពលរដ្ឋ​ដែល​បានជាប់​កម្ចី​ឥណទាន​ធនាគារ​និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នានា ហើយមិនមាន​លទ្ធភាព​ពិតប្រាកដ​ដើម្បី​សងបំណុល​វិញ ក្នុងកាលៈទេសៈ​លំបាក​ក្រោយ​វិបត្តិ​នៃជំងឺ​កូវីដ ១៩ និង​វិបត្តិសេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន។

បើតាម​សេចក្តី​ប្រកាសព័ត៌មាន​ដដែល លោក ហ៊ុន សែន ថ្លែង​ថា ធនាគារ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវបាន​លើកទឹក​ចិត្ត​ឱ្យ​អនុវត្ត​ចំណាត់​ការតាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គលដែល​ញុះញង់ និង​ឃោសនា​មិនឱ្យ​សង​ត្រឡប់ ឬ​ចេញមក​និយាយ​បំផុស​ចលនា​មិន​ឱ្យសង​បំណុល។


លោកបញ្ជាក់​បន្ថែម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អាចារ្យ អាចារិនី​នេះ​ថា៖ «កន្លង​ទៅមាន​អាក្រុម​ខូច គណបក្ស​នយោបាយ​ខ្លះ​ខូច​ណាស់​ទៅ​សន្យា​ថា នែ​បើ​ខ្ញុំ​ឈ្នះ ​ខ្ញុំ​អត់​ឱ្យ​សង​ទេ។ អ៊ីចឹង​បើ​អាអ្នក អាមនុស្ស​ហ្នឹង វាជំពាក់​លុយ​គេ ជំពាក់​ធនាគារ សុំ​ឱ្យ​ធនាគារ​រឹបអូស​អាអ្នកហ្នឹង​តែម្តង​ទៅ ឱ្យ​វាឆាប់​លឿន កុំ​ឱ្យ​ហ្អែង​ខូច​ពេក​មើល!។ អានេះ​គេ​សុំ​ការអនុគ្រោះ រដ្ឋាភិបាល​សុំ​ការអនុគ្រោះ រៀបចំ​ឥណទាន​ឡើងវិញ​ចំពោះ​អ្នក​ដែល​ជំពាក់ធនាគារ​ហើយ​យោគយល់​ចំពោះ​ការលំបាក​ក្នុង​ការសង​យឺត ក្នុង​ការ​ស្អីៗ​ហ្នឹង​ អាច​ប្រើប្រាស់​រយៈពេល​ខ្លះ»៕